(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពិនិត្យឃើញថា លទ្ធផលប្រមូលចំណូលជាតិឆ្នាំ២០១៨ អនុវត្តក្នុងកម្រិតល្អ ខណៈការអនុវត្តចំណាយកាន់តែមានភាពប្រសើរជាងមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមីនានេះ។
សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា កម្មវិធីប្រចាំឆ្នាំ ២០១៨ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា «សម្រាប់ឆ្នាំ ២០១៨ លទ្ធផលប្រមូលចំណូលជាក់ស្តែងបានអនុវត្តក្នុងកម្រិតល្អ ។ ចំណែក ការអនុវត្តចំណាយ ក៏កាន់តែមានភាពប្រសើរជាងមុន។ ជាមួយគ្នានេះ ការអនុវត្តសកម្មភាព សម្រេចបានសមិទ្ធកម្ម សំខាន់ៗជាច្រើន នៅគ្រប់កម្មវិធី ខិតជិតគោលដៅកំណត់ក្នុងផែនការ ។ ប៉ុន្តែ ទោះយ៉ាងណា ការទូទាត់ចំណាយតាមខែនៅពុំទាន់មានសង្គតិភាព នៅឡើយ ដោយអាណត្តិភាគច្រើនបង្គរនៅចុងឆ្នាំ ស្របពេលដែលគុណភាព នៃការគ្រោងថវិកា នៅមានកម្រិត ដែលស្តែងចេញតាមរយៈការស្នើសុំធ្វើចលនាឥណទានច្រើនដង»។
ការត្រួតពិនិត្យការអនុវត្ត ថវិកាកម្មវិធីប្រចាំឆ្នាំ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ៣គឺ៖
១៖ តាមដាន និងរាយការណ៍ អំពីវឌ្ឍនភាពដែលអង្គភាពក្រោមឱវាទក្រសួង បានសម្រេចប្រចាំឆ្នាំ ដោយផ្ដោតសំខាន់លើទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្ម។
២៖ កំណត់បញ្ហាប្រឈម និង ស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារសម្រាប់ឆ្នាំបន្តបន្ទាប់ ឲ្យកាន់តែរលូន និងសម្រេចបានតាមគោលដៅ។
៣៖ បំពេញតាមលក្ខខណ្ឌតម្រូវ នៃបទប្បញ្ញត្តិគតិយុត្តជាធរមាន ពាក់ព័ន្ធថវិកាកម្មវិធី។
ជាលទ្ធផល, ការត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ ២០១៨៖
* ចំពោះទិដ្ឋភាពហិរញ្ញវត្ថុផ្នែកចំណូល សម្រាប់គម្រោងកញ្ចប់ថវិកាឆ្នាំ ២០១៨ គឺ ឥណទានចំណូលកើនឡើងចំនួន ១២.២% ធៀបច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៧។ ការប្រមូលចំណូលរបស់ក្រសួង ជារួម (មិនគិតចំណូលពន្ធដារថ្នាក់ក្រោមជាតិ) សម្រេចបាន១១០.៤% ធៀបច្បាប់ ក្នុងនោះថ្នាក់កណ្ដាលសម្រេចបាន ១១០,៤% ធៀបច្បាប់ រីឯថ្នាក់មូលដ្ឋានសម្រេចបាន ៩៩.៤% ធៀបច្បាប់។
* ទិដ្ឋភាពហិរញ្ញវត្ថុផ្នែកចំណាយវិញ គឺការអនុវត្តចំណាយមានចំនួន ១០៤.៣% (តួលេខអាណត្តិទូទាត់) នៃច្បាប់ដើមឆ្នាំ ឬ ស្មើនឹង ៩៥.៨% នៃឥណទានថ្មី ហើយសម្រាប់ការអនុវត្តចំណាយនៅតាមអង្គភាពថវិកា ឃើញថាការអនុវត្តប្រចាំឆ្នាំ ២០១៨ មានការវិវត្តល្អមួយកម្រិត បើធៀបនឹងការអនុវត្តថវិកានា បណ្តាឆ្នាំកន្លងមក ទាំងសម្រាប់រដ្ឋបាលកណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
* ទិដ្ឋភាពសមិទ្ធកម្មប្រចាំឆ្នាំ ២០១៨ ធៀបទៅនឹងសូចនាករដែលបានកំណត់ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ជារួម សម្រេចបានប្រមាណ ៩៤% ក្នុងនោះ គោលបំណងគោលនយោបាយទី ១ (ពង្រឹងនិងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងសេដ្ឋកិច្ចនិងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ) សម្រេចបាន ៩៤% និងគោលបំណងគោលនយោបាយទី ២ (ពង្រឹងនិងបង្កើនស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ) សម្រេចបាន ៩៥% ហើយសមិទ្ធកម្មតាមអនុកម្មវិធី/អង្គភាពថវិកាភាគច្រើនសម្រេចលទ្ធផលល្អលើសពី ៨៩%។
ផ្អែកលើលទ្ធផលជាវិជ្ជមាន នៃការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ ២០១៨ នេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន និងកំពុងអនុវត្ត ក្នុងការកសាង និងស្ថាបនាជាគំរូក្នុងការអនុវត្តថវិកាកម្មវិធី ដើម្បីជំរុញការអនុវត្តថវិកាកម្មវិធីឲ្យកាន់តែរលូន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន៕