(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) បានប្រគល់សម្ភារបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់ក្រសួងសុខាភិបាល។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រួមជាមួយតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Li Ailan។

សម្ភារបរិក្ខារពេទ្យរបស់អង្គការសុខភាពពិភពលោក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩នេះរួមមាន៖

១៖ កញ្ចប់ប្រមូលសំណាកចំនួន ១៧,០០០ (SpecimenbCollection Kit)

២៖ ស្វ័ពចំនួន ១៧,០០០ (Nasopharyngeal Swabs)

៣៖ RNA Extraction Kit ចំនួន២០,០០០

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់វិស័យសុខាភិបាលកម្ពុជា។

លោកបន្តថា ជំនួយទាំងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសេក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងកំពុងបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស៕