(ភ្នំពេញ)៖ ក្រុមហ៊ុន ស្មាតអាស្យាតា ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានចូលរួមចំណែក និងប្ដេជ្ញាចិត្ដ ជំរុញកម្ពុជា​ឆ្ពោះ ទៅអនាគតឌីជីថល ពិសេសនៅថ្ងៃទី២៩ ខែសីហានេះ បានចេញផ្សាយរបាយការណ៍ស្តីពី និរន្តរភាព ឆ្នាំ២០១៥-២០១៦ ក្រោមវត្តមានរបស់ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកត្រាំ អ៊ីវតឹក, Sri Hasan Malek ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងអៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយអ្នកតំណាងក្រសួង និងដៃគូអភិវឌ្ឍន៍នានា។

របាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ២០១៥-២០១៦ របស់ Smart បានធ្វើឡើង ស្របតាមក្របខ័ណ្ឌរៀបរាងរបស់ ក្រុមហ៊ុន អាស្យាតា និងអនុឡោមតាមគោលការណ៍ណែនាំ G4 របស់ស្ថាប័ន Global Reporting Initiative (GRI-G4) ។ របាយការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់ក្រុមហ៊ុន ក្នុងវិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គម ក្រោមសសរស្តម្ភនិរន្តរភាពគន្លឺះ ចំនួនបួនគឺ៖

សសរទី១-លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែងតាមរយៈការវិនិយោគរបស់ពួកយើង ក៏ដូចជាការធានាអោយបាននូវការរួមបញ្ជូលជាច្រើនទៀត នៅក្នុងផលិតផល និងសេវាកម្មរបស់ពួកយើង,ទី២-ការកសាងធនធានមនុស្ស៖ ការបណ្តុះបណ្តាលធនធានមនុស្សលំដាប់ពិភពលោក ដែលបង្កើតឡើងលើគុណតម្លៃស្នូលរបស់ Axiata ព្រមទាំងផ្តល់កន្លែងធ្វើការ ដែលអំណោយផលចំពោះភាពច្នៃប្រឌិត និងការអភិវឌ្ឍ, ទី៣-ដំណើរការល្អឥតខ្ចោះ៖ ការកែលម្អលើដំណើរការ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការបម្រើអតិថិជន និងប្រតិបត្ដិការផ្ទៃក្នុង របស់ក្រុមហ៊ុន និងទី៤- ពិភពលោក និងសង្គម៖ ការផ្តួចផ្តើមគម្រោងក្នុងបំណងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានរបស់យើង និង ការរួមចំណែកការងារសង្គមកម្ពុជា ។

របាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ២០១៥-២០១៦ ជារបាយការណ៍និរន្តភាពទី២ ហើយដែលបានដាក់ចេញដោយក្រុមហ៊ុន Smart ។ឯកសារនេះ ត្រូវបានបង្កើតឡើង ដោយផ្អែកលើទិន្នន័យរយៈពេលពីរឆ្នាំ និងរួមបញ្ចូលនូវកិច្ចផ្តួចផ្តើមនានា របស់ក្រុមហ៊ុន Smart គិតចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៦ ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart បានឲ្យដឹងថា «របាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ២០១៥-២០១៦» ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន Smart បានចូលរួមចំណែកទឹកប្រាក់ ៣១៣លានដុល្លារ ចូលសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ដែលចំនួនទឹកប្រាក់នេះគឺស្មើនឹង១,៦% នៃផលិតផលសរុបក្នុងស្រុក (GDP) របស់កម្ពុជា ដែលមានប្រភពចេញពីក្រុមហ៊ុនតែមួយប៉ុណ្ណោះ ។ ក្រុមហ៊ុន ក៏បានបង់ពន្ធ ថ្លៃសេវាឯកសារ និងថ្លៃសេវាផ្សេងៗ សរុបចំនួន៦៥លានដុល្លារផងដែរ ដែលធ្វើឲ្យក្រុមហ៊ុន ក្លាយទៅជាអ្នកបង់ពន្ធធំជាងគេមួយនៅកម្ពុជា ដែលប្រាក់ចំណូលពន្ធស្មើនឹង ៣,៦% នៃចំណូលពន្ធជាតិសរុបកាលពីឆ្នាំមុន គឺបានពីក្រុមហ៊ុន Smart ។ នេះជាភ័ស្តុតាងច្បាស់ ដែលបង្ហាញថា ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនួលខុសត្រូវពន្ធដារ របស់យើង និងជាអ្វីដែលអតិថិជន ដៃគូភាគីពាក់ព័ន្ធ និងភាគទុនិករបស់យើងគប្បីមានមោទនភាព» ។

ឆ្នាំ២០១៦ ក្រុមហ៊ុនបង្កើតការងារដល់មនុស្សចំនួន ៤០,៦៥៦នាក់ នៅម្ពុជា ដោយក្នុងនោះក្រុមហ៊ុន បានជួលបុគ្គលិក ឲ្យបម្រើការងារដោយផ្ទាល់ចំនួន ១,០៤៧នាក់ ក្នុងនោះ៩៨% ជាជនជាតិខ្មែរ និងមាន ៣៧% ជាស្រ្តី ។ ក្រុមហ៊ុន Smart ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទេពកោសល្យ ការអភិវឌ្ឍខ្លួន និងការអភិវឌ្ឍវិជ្ជាជីវៈរបស់បុគ្គលិក តាមរយៈការបង្កើតបរិយាកាសការងារអំណោយផល មានកម្មវិធីបណ្តុះបណ្តាល ការហ្វឹកហ្វឺន និងការផ្តល់រង្វាន់ដល់បុគ្គលិកឆ្នើមទៀតផង ។

ក្នុងឆ្នាំ២០១៥-២០១៦ ក្រៅពីផ្តោតលើអាជីវកម្មស្នូលរបស់ខ្លួន ក្រុមហ៊ុន Smart ក៏បានផ្តួចផ្តើម និងឧបត្ថម្ភកម្មវិធី គម្រោង និងព្រឹត្តិការណ៍ការងារសង្គមជាច្រើន ដោយផ្តោតលើវិស័យសំខាន់បីគឺ ការអប់រំ បរិស្ថានបៃតង និងកីឡាសហគមន៍ ហើយក្រុមហ៊ុន បានឈ្នះពានរង្វាន់ «ក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គមល្អជាងគេ» ពីស្ថាប័ន Global Banking និងFinance Review សម្រាប់រយៈពេលបីឆ្នាំជាប់គ្នាគឺ ២០១៥ ២០១៦ និង២០១៧ ដោយសារបានចូលរួមចំណែក ក្នុងកិច្ចការសង្គមជាច្រើននៅកម្ពុជា ។ យុទ្ធនាការលើកកម្ពស់អក្ខរកម្មជាតិ ដែលគាំទ្រដោយក្រុមហ៊ុន Smart ក៏បានទទួលស្គាល់ដោយ TelecomAsia ថាជាគម្រោងសហគមន៍ល្អបំផុតប្រចាំឆ្នាំ២០១៦។

លោក ថូម៉ាស បានលើកឡើងទៀតថា «ទស្សនវិស័យការងារសង្គមរបស់យើង គឺការព្យាយាម ធ្វើឱ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាន ក្នុងសហគមន៍ ដែលយើងធ្វើប្រតិបត្តិការ ។ តាមរយៈការសហការគ្នាជាមួយដៃគូធំៗជាច្រើនរបស់យើង រួមមាន អង្គការយូណេស្កូ អង្គការស៊ីប៉ា អង្គការស្ទែមកម្ពុជា អង្គការបាល់ទាត់រីករាយកម្ពុជាអូស្រ្តាលី អង្គការទស្សនៈពិភពលោក គណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងនានា ដូចជា ក្រសួងទូរគមនាគមន៍ ក្រសួងអប់រំ ក្រសួងបរិស្ថាន ជាដើម ក្រុមហ៊ុន Smart បានជួយលើកស្ទួយឲ្យប្រជាជនកម្ពុជា ជាច្រើនមានសង្ឃឹមចំពោះអនាគតដ៏ល្អប្រសើរ»

ចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការ កាលពីឆ្នាំ២០០៨ មក ក្រុមហ៊ុន Smart បានចំណាយដើមទុន និងចំណាយប្រតិបត្តិការអស់ជាង ៩៦៧លានដុល្លារហើយ ដើម្បីជំរុញការអភិវឌ្ឍផ្នែកទូរគមនាគមន៍ចល័តនៅកម្ពុជា និងជាពិសេសសេវាទិន្នន័យអ៊ិនធឺណិតចល័ត ។ ក្នុងឆ្នាំ២០១៥ និង២០១៦ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយក្រុមហ៊ុនបានចំណាយទុនវិនិយោគសរុបចំនួន ១៤០លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ខ្លួន ។ ក្រុមហ៊ុនក៏បាននឹងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅជាម៉ាកយីហោនៃជីវិតបែបឌីជីថល ដោយបានណែនាំសេវាកម្មឌីជីថល និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មីៗជាច្រើន ។ នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនបានណែនាំកម្មវិធីស្តាប់តន្ត្រី និងស្របច្បាប់ដំបូងគេនៅកម្ពុជា ដោយបានចាប់ភាពជាដៃគូជាមួយក្រុមហ៊ុន Universal Music និងបានរៀបចំការប្រគំតន្រ្តី Mega Concert លំដាប់អន្តរជាតិចំនួនពីរលើក ដោយបានអញ្ជើញតារាចម្រៀង Demi Lovato និង Jessie J មកសម្តែងនៅកម្ពុជា ។

លោក ថូម៉ាស បានថ្លែងបញ្ចប់ថា “យើងនឹងបន្តផ្តល់ជូនអតិថិជនរបស់យើង នូវអ្វីដែលល្អបំផុតពីបច្ចេកវិទ្យាទូរស័ព្ទ ដោយផ្តល់ជូននូវតម្លៃសមរម្យ ការកម្សាន្តសំបូរបែប ខណៈពេលដែលយើងដើរតួនាទីយ៉ាងសកម្មនៅក្នុងការរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសដាក់អោយដំណើរការបណ្តាញ 4.5G ដែលបានពង្រឹងកិត្តស័ព្ទរបស់យើងក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេនៅប្រទេសកម្ពុជា ពង្រីកវិសាលភាពបណ្តាញសេវាឌីជីថល ក៏ដូចជាបានបង្កើតសសរស្តម្ភការងារសង្គមថែមមួយទៀតគឺ ការច្នៃប្រឌិតបច្ចេកវិទ្យា ។ យើងថែមទាំងបានប្រកាសសម្ពោធមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថល ដែលមានទុនវិនិយោគ ៥លានដុល្លារផងដែរ ។ ការវិនិយោគ និងការប្តេជ្ញាចិត្តរបស់យើងចំពោះប្រទេសកម្ពុជា បានបន្តកើនឡើងនៅក្នុងឆ្នាំ២០១៧នេះ ហើយនឹងបន្តទៅមុខយ៉ាងរឹងមាំនាពេលអនាគត»។

លោកអ្នកអាចចូលមើល និងទាញយករបាយការណ៍ស្តីពីនិរន្តរភាព ឆ្នាំ២០១៥-២០១៦ របស់ក្រុមហ៊ុន Smat តាមរយៈគេហទំព័រ https://www.smart.com.kh/sustainability-report-2015-2016