(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេស​អាមេរិកបាន​បង្ហាញក្តី​រំពឹងថា ទីក្រុងព្យុងយ៉ាង​នឹងរក្សាការសន្យា​ដ៏ដូចការប្តេជ្ញា​របស់ខ្លួន ដែលបាន​ធ្វើឡើង​កាលពី​​​អំឡុងកិច្ចប្រជុំ​​ខែមិថុនា​​រវាង​មេដឹកនាំ​ទាំងពីរ ក្នុងការបោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​បន្ត​ទៀតថា នឹងជំរុញ​ឲ្យ​​ប្រជាជាតិអាស៊ីអាគ្នេយ៍​នៅក្នុង​កិច្ចប្រជុំ​មួយចំនួន​នាសប្តាហ៍នេះ ដើម្បីរក្សាទណ្ឌកម្ម​​ប្រឆាំងនឹង​​កូរ៉េខាងជើង។ នេះ​បើតាមការដក​ស្រង់ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០១៨។​

អ្នកនាំពាក្យក្រសួង​ការបរទេសអាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថា​ សហរដ្ឋអាមេរិក​កំពុងរំពឹងថា ​លោកនឹងគោរព​តាម​​ការប្តេជ្ញា ដែលលោកបាន​ធ្វើឡើងនាអំឡុង​កិច្ចប្រជុំ​ថ្ងៃទី១២ ខែមិថុនា ដើម្បីរំសាយ​អាវុធ​នុយក្លេអ៊ែរ។ ជាមួយគ្នានេះ​ប្រភពមួយ​​ផ្សេង​ទៀតពីមន្រ្តីក្រសួងការបរទេសអាមេរិក ​ក៏បានឲ្យដឹងដែរថា រដ្ឋមន្រ្តីការបរទេស លោក Mike Pomple ដែលនឹង​ទៅបំពេញ​ទស្សន​កិច្ច​នៅសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នាសប្តាហ៍នេះ នឹង​ជំរុញឲ្យ​ប្រជាជា​តិអាស៊ាន ប្រកាន់ខ្ជាប់នូវការដាក់​ទណ្ឌកម្ម​​ប្រឆាំង​​ព្យុងយ៉ាង។

គួរជម្រាបថា ការបញ្ជាក់ខាងលើពី​ក្រសួង​ការបរទេសអាមេរិក ត្រូវបានធ្វើឡើង​បន្ទាប់ពី​មានសេចក្តីរាយការណ៍ថា កូរ៉េខាងជើង​កំពុង​ធ្វើសកម្មភាពសាជាថ្មី​នៅឯរោងចក្រ​ផលិតមីស៊ីល​ឆ្លងទ្វីប ICBM ដែលមាន​សមត្ថភាពបាញ់​ដល់​ទឹកដី​សហរដ្ឋអាមេរិក ដោយផ្អែកលើ​​រូបភាពចាប់បានពី​ផ្កាយរណប​៕