(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកនោះ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
សម្រាប់នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ លោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ អន្តរស្ថាប័នចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ទីតាំងដែលនឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿន ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នឹងរៀបចំធ្វើឡើងនៅត្រង់ចន្លោះគីឡូម៉ែត្រ៣៩-៤០ ភូមិស្លា ឃុំវ័រសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាប់ផ្លូវជាតិលេខ៤។
អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ បានអះអាងថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានេះ នឹងសាងសង់ឡើងមានទទឹង២៤.៥ម៉ែត្រ ហើយរចនាសម្ព័ន្ធគ្រឹះផ្លូវ មានស្រទាប់គ្រឹះលើ ពីល្បាយគ្រួសថ្ម កម្រាស់១៦សង់ទីម៉ែត្រ និងស្រទាប់គ្រឹះក្រោមពីល្បាយថ្មី និងស៊ីម៉ង់ត៍ កម្រាស់ ៣២សង់ទីម៉ែត្រ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ។ ផ្លូវល្បឿនលឿននេះគ្រោងប្រើពេលសាងសង់ ៤ឆ្នាំ។
ផ្លូវនេះនឹងមានសាងសង់លូចំនួន២៦៣កន្លែង, ស្ពានតូចចំនួន៥កន្លែង មានប្រវែង១០៥ម៉ែត្រ, ស្ពានធំ និងស្ពានមធ្យមចំនួន៨០កន្លែង មានប្រវែង៦.០១៥ម៉ែត្រ, សាងសាង់ខ្នែងប្រសព្វប្ដូរទិសដៅ ចរាចរណ៍ផ្លូវ៦កន្លែង, ផ្លូវប្រសព្វ២៨កន្លែង, ផ្លូវរូងក្រោមដី២៣៧កន្លែង និងស្ពានរំលងឆ្លងផ្លូវ២០កន្លែង។
សាងសង់ស្ថានីយឈប់សម្រាកតាមផ្លូវ៣កន្លែង, ចំណតរថយន្ដ១កន្លែង និងកន្លែងប្រតិបត្តិការ និងថែទាំផ្លូវ២កន្លែង។ លើសពីនេះ បំពាក់គ្រឿងបរិក្ខាផ្លូវថ្នល់ ដូចជាផ្លាកសញ្ញាចរាចរ គំនូសចរាចរ បង្គោលនាំផ្លូវ និងបង្គោលគីឡូម៉ែត្រផងដែរ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-ខេត្តព្រះសីហនុខាងលើនេះ ត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន កាលពីដើមឆ្នាំ២០១៨។ ពិធីចុះហត្ថលេខានោះធ្វើឡើង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចិនបំពេញទស្សនកិច្ចនៅកម្ពុជា។
ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឡើងតាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT)។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។
លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័ត ព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត។
លោករដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា៕