(ភ្នំពេញ)៖ លោក ចច អេដហ្កា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ដែលនឹងត្រូវចប់អាណត្តិការងារនៅក្នុងពេលដ៏ខ្លីខាងមុខនេះ បានបញ្ជាក់ថា ក្រុមការងាររបស់គណៈកម្មការអឺរ៉ុប នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅកំលុងខែមីនា និងមេសា ឆ្នាំ២០១៩នេះ ដើម្បីជជែកលើការព្យួរបណ្តោះអាសន្នប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។
ការបញ្ជាក់របស់លោក ចច អេដហ្កា បានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ពេលរូបលោកចូលជួបសម្តែងការគួរសម និងជម្រាបលា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះការងាររបស់លោក អេដហ្កា ក្នុងបេសកកម្មជាមន្ត្រីតំណាងការទូត។ លោក ប៉ាន សូរស័ក្តិ ក៏បានសាកសួរអំពីដំណើរការការងារក្រោយពេលពីសហភាពអឺរ៉ុប ចាប់ផ្ដើមនៃនីតិវិធីពិនិត្យការព្យួរជាបណ្ដោះអាសន្នប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជាផងដែរ។ ជាពិសេសបេសកកម្មនានារបស់គណៈកម្មការអឺរ៉ុប ក្នុងដំណាក់កាលជជែកគ្នា ៦ខែដំបូង។
ឆ្លើយតបការសាកសួរទៅលើដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ លោក អេដហ្កា បានលើកឡើងថា មិនទាន់បានទទួលព័ត៌មានជាក់លាក់នៅឡើយទេ ប៉ុន្តែអាចនឹងមានក្រុមការងារគណៈកម្មការអឺរ៉ុបមកប្រទេសកម្ពុជាក្នុងកំលុងចុងខែមីនា និងខែមេសា ឆ្នាំ២០១៩នេះ។
គណៈកម្មការសហភាពអឺរ៉ុប បានប្រកាសដំណើរការនីតិវិធីព្យួរបណ្តោះអាសន្នប្រព័ន្ធអនុគ្រោះពន្ធចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្នុងដំណាក់កាលដំបូងរយៈពេល ៦ខែ គណៈកម្មការអឺរ៉ុបនឹងចុះមកសិក្សា និងប្រមូលព័ត៌មានផ្សេងៗពីកម្ពុជា ហើយកំលុងពេលនេះ ក៏ជាឱកាសមួយផងដែរ សម្រាប់កម្ពុជាក្នុងការជជែក និងបង្ហាញភស្តុតាងនានាតវ៉ាចំពោះការចោទប្រកាន់ទាំងឡាយរបស់គណៈកម្មការអឺរ៉ុប។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសចូលជម្រាបលោក ប៉ាន សូរស័ក្តិ, លោក អេដហ្កា បានជម្រាបជូនពីគម្រោងដែលផ្ដល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសអាល្លឺម៉ង់ មានឈ្មោះថា ARISE+Cambodia ដែលអនុវត្តដោយអង្គការ GIZ។ គម្រោងនេះកំពុងតែត្រៀមចាប់ផ្ដើមការអនុវត្ត ហើយលោកបានស្នើសុំឲ្យក្រសួងពាណិជ្ជកម្ម សហការជាមួយគម្រោងនេះក្នុងនាមក្រសួងពាណិជ្ជកម្មជាចំណុចបង្គោលរបស់រាជរដ្ឋាភិបាលជាមួយគម្រោងនេះ។
លោករដ្ឋមន្ត្រី បានឆ្លើយតបថា ក្រសួងស្វាគមន៍ជានិច្ចការគាំទ្របន្តពីសហភាពអឺរ៉ុប ក្នុងការជួយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា ហើយលោកនឹងចាត់ចែងក្រុមការងារសម្រាប់ធ្វើការជាមួយអង្គការ GIZ ដើម្បីអនុវត្តគម្រោងនេះ ដោយគម្រោងនេះមានសក្ដានុពលក្នុងការជួយកំណែទម្រង់កាំកុងត្រូល រៀបចំគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម និងការងារដទៃទៀត ដែលចាំបាច់សម្រាប់កម្ពុជាក្នុងបរិបទបច្ចុប្បន្ន៕