(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញសេចក្ដីណែនាំស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងការបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ តួនាទី និងការទទួលខុសត្រូវរបស់ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី-ខេត្ត មានចំនួន៧ចំណុចសំខាន់ៗ រួមមាន៖
*ទី១៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវដឹកនាំ និងទទួលខុសត្រូវគ្រប់គ្រង ក្រុមការងារក្នុងសកម្មភាពត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋានរាជធានី-ខេត្ត ដែលខ្លួនទទួលបន្ទុក។
*ទី២៖ ផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កម្មវិធីកំណែទម្រង់តាមវិស័យ ក៏ដូចជាសភាពការណ៍នានារបស់ប្រទេសជាតិ និងសភាពការណ៍រីកចំរើនថ្មីៗនៅមូលដ្ឋាន។
*ទី៣៖ លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរបំពេញការងារតាមរយៈការត្រួតពិនិត្យ តាមដាន និងគាំទ្រការអនុវត្តកម្មវិធី គំរោង និងផែនការសកម្មភាពនានានៅតាមមូលដ្ឋាន។
*ទី៤៖ សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព។
*ទី៥៖ សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ដើម្បីស្ដាប់ក្តីកង្វល់សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ជំរុញកាដោះស្រាយនូវរាល់ក្តីកង្វល់ សំណូមពរ និងសំណើទាំងនោះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារត្រូវបូកសរុប និងធ្វើរបាយកាណ៍ជូនរាជរដ្ឋាភិបាល។ វេទិកាសាធារណៈនេះ គប្បីយកចិត្តទុកដាក់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
*ទី៦៖ សហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
*ទី៧៖ កៀគរធនធានពីប្រភពនានា ដើម្បីចូលរួមក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍មូលដ្ឋាន។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីណែនាំនៅខាងក្រោមនេះ៖