(ភ្នំពេញ)៖ លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងជួយកាត់បន្ថយការប្រើប្រាស់ទឹកដែលមិនចាំបាច់មួយចំនួន ដើម្បីរក្សាទឹកទុកប្រើប្រាស់ ដ៏ដូចជាចែករំលែកទឹកដល់ប្រជាពលរដ្ឋ នៅតាមជាយៗក្រុង មានប្រើប្រាស់ស្អាតប្រើប្រាស់ផងដែរ។
ការអំពាវនាវយ៉ាងដូច្នេះរបស់លោក ស៊ឹម ស៊ីថា ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ។
លោកបានលើកឡើងយ៉ាងដូច្នេះថា «សម្រាប់ឆ្នាំនេះដែរ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសហើយថា កម្ពុជានឹងទទួលរងនូវអាកាសធាតុក្ដៅ ខុសពីអាកាសធាតុរៀងរាល់ឆ្នាំ ដូចនេះយើងគួរត្រូវបានរក្សាទឹកប្រើប្រាស់ ឬក៏ជួយកាត់បន្ថយ ដើម្បីចែកគ្នាប្រើប្រាស់ ដោយមិនគួរប្រើប្រាស់ច្រើនដូចជា ការលាងសម្អាតផ្ទះ, ការស្រោចសួនច្បារ ឬក៏លាងឡានជាញឹកញយ ដែលកត្តាទាំងអស់នេះ ហើយអាចធ្វើសម្ពាធទឹកប្រើប្រាស់មានការថមថយផងដែរ»។
ជាមួយលោកអគ្គនាយកក៏សូមការអធ្យាស្រ័យ និងយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការខ្វះចន្លោះ នៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ពិសេសបញ្ហាចុះខ្សោយនៃសម្ពាធទឹក ប៉ុន្តែរដ្ឋាករទឹកបានកំពុងព្យាយាមដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការវិនិយោគសាងសង់រោងចក្រផលិតទឹកស្អាតថ្មីៗថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕