(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាលពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចក្នុងការ បោសសំអាតមន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងផ្នែកឯកជនផងដែរ ដែលបំផ្លាញសង្គមជាតិ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបង្ហោះតាម Facebook នៅពេលដែលដកឧត្តមសេនីយ៍មួយនៅខេត្តរតនគិរី។ ខ្ញុំថា ខ្ញុំសម្រេចចិត្តដោយការឈឺចាប់ ដោយអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់។ បន្ទាប់ទៅដកដោយមិនឲ្យដឹងខ្លួនជាមុន នៅអភិបាលរងខេត្ត២រូប។ នេះត្រូវតែយកខ្សាច់នឹងគ្រួសចេញពីស្បែកជើង ទើបដើរទៅមុខទៀតបាន។ ខ្ញុំបានបន្ថែមថា ពេលនេះខ្លាក៏វ៉ៃ ពស់ក៏វ៉ៃ ក្រឡាតក៏វ៉ៃ រុយក៏វ៉ៃ ហ្អែងតែបំផ្លាញដល់សង្គម វ៉ៃហ្អែងទាំងអស់ហ្នឹង។ អីចឹងទេអត់មានថា វ៉ៃអាតូចអត់វ៉ៃអាធំនោះទេ។ ដំរីក៏វ៉ៃ ខ្លាក៏វ៉ៃ ក្រពើក៏វ៉ៃ អារុយក៏វ៉ៃ អាស្រកើចក៏វ៉ៃ វ៉ៃទាំងអស់ បើមិនដូច្នេះមិនរាងចាលទេ រីកទៅៗ»។
សម្តេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងៗថានឹងប្រើប្រាស់ពេលវេលានេះ ដើម្បីអនុវត្តន៍អភិក្រមវះកាត់ទាំងផ្នែករដ្ឋបាលសាធារណៈ និងផ្នែកឯកជនណាដែលរកស៊ីមិនត្រឹមត្រូវ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មិនមានការរើសអើងឡើយ។
សម្តេចតេជោប្រមុខរាជរដ្ឋាបាលកម្ពុជា ក៏បានបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបបញ្ហាគ្រឿងញៀន ឲ្យបានយ៉ាងសកម្មដែលមានបង្ក្រប់ក្នុងក្លិបកម្សាន្ត និងសណ្ឋាគារជាដើម។ ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានអនុវត្តន៍អភិក្រមទី៥ គឺវះកាត់លើកមន្ត្រីរដ្ឋាភិបាលមួយចំនួន កាលពីពេលថ្មីៗនេះ សម្តេចបានដកមេអាវុធហត្ថខេត្តរតនគិរី និងអភិបាលរងខេត្តព្រះសីហនុ២រូប រួមទាំងមានផ្នែកឯកជន ដែលឈានដល់ការចាប់ខ្លួនឧកញ៉ា គិត ធាង ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនផងដែរ។
សូមជម្រាបថា ការអុវត្តន៍អភិក្រមវះកាត់ របស់សម្តេចតេជោទទួលបានសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ពិសេសការបង្ក្រាបករណីគ្រឿងញៀន ដែលកំពុងរីករាលដាលក្នុងសង្គមខ្មែរ ចាប់តាំងពីទីក្រុងដល់ជនបទ៕