(កោះកុង)៖ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ក្នុងខេត្តកោះកុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានសម្រេចឲ្យឧកញ៉ា លី យ៉ុងផាត់ សាងសង់កន្លែងផ្គត់ផ្គង់ទឹកសម្រាប់រយៈពេលវែង នៅក្នុងខេត្តជាប់សមុទ្រមួយនេះ។
ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ប្រមាណ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងឲ្យដឹងថា ជាមួយនឹងការអនុញ្ញាតឲ្យឧកញ៉ា លី យ៉ុងផាត់ សាងសង់កន្លែងផ្គត់ផ្គង់ទឹករយៈពេលវែង ក្នុងខេត្តកោះកុងនោះ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកនាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា បានទាក់ទងជាមួយខេត្តត្រាតរបស់ថៃ ឲ្យជួយផ្គត់ផ្គង់ទឹកនៅក្នុងខេត្តនេះ ជាបណ្តោះអាសន្តសិន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានជួយផ្គត់ផ្គង់ទឹក មកកាន់ប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «កង្វល់របស់ខេត្តកោះកុងនៅពេលនេះគឺខ្វះទឹកហើយ នេះគឺជាបញ្ហា។ យើងកំពុងសាងសង់ហើយ ដោយអនុញ្ញាឲ្យឧកញ៉ា លី យ៉ុងផាត់ ដើម្បីទទួលការសាងសង់ សម្រាប់ផ្គត់ផ្គង់រយៈពេលវែង ប៉ុន្តែវាត្រូវការពេលវេលា»។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា «ឥឡូវនេះ ទឹកអាចផ្គត់ផ្គង់នៅក្នុងពេលណាមួយ អាចថាត្រឹមមួយខែ ប៉ុន្តែថ្ងៃនេះខ្ញុំបានទទួលបានសារពីសម្តេចពិជ័យសេនា ទៀ បាញ់ និងលោក លី យ៉ុងផាត់ ថាបានទាក់ទងនឹងខេត្តត្រាតប្រទេសថៃ ហើយគេជួយផ្គត់ផ្គង់ទឹក ដូច្នេះត្រូវរៀបចំតទុយោ ឲ្យខាងតែបានដើម្បីកុំឲ្យអ្នកកោះកុងអត់ទឹក។ ដូច្នេះ ត្រូវរកវិធីបញ្ជូនទឹកមកពីប្រទេសថៃ មកក្នុងប្រទេសរបស់យើង តាមរយៈតទុយោ ឬមធ្យោបាយណាក៏ដោយ ដើម្បីផ្គត់ផ្គង់ទម្រាំមានភ្លៀងធ្លាក់»។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តកោះកុង និងក្រុមហ៊ុនរដ្ឋាករទឹកស្អាត ធ្វើយ៉ាងណារកវិធីដោះស្រាយទឹកជូនប្រជាពលរដ្ឋ ឲ្យបានលឿនទោះត្រូវទិញពីប្រទេសថៃក៏ដោយ ដើម្បីធ្វើយ៉ាងណាឲ្យប្រើប្រាស់រយៈពេល៣ខែសិន។ សម្តេចតេជោ បានថ្លែងទៀតថា បញ្ហាទឹកនៅខេត្តព្រះសីហនុ មិនចោទជាបញ្ហាទេ ព្រោះមានប្រភពទឹកពីក្បាលឆាយ។ ប៉ុន្តែអ្វីដែលចោទជាបញ្ហានោះ គឺដោយសារទុយោចាស់ៗ ដែលត្រូវពិនិត្យមើល។
សូមជម្រាបថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងក្រូងខេមរភូមិន្ទ មានបញ្ហាកង្វះទឹកប្រើប្រាស់រយៈជាង ២ខែមកហើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមដំណើរដោយទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងសិប្បកម្ម និងមន្ត្រីជំនាញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យស្វែងប្រភពទឹកសាបចំនួន ២កន្លែង ដើម្បីដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។
ប្រភពទឹកសាបចំនួន២កន្លែងនោះ មានដូចជាតំបន់ជ្រោះតាប៉ន របស់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងតំបន់រមណីយដ្ឋានសិលាមានជ័យ ដែលធ្លាប់ត្រូវបានរំពឹងថា មានបរិមាណទឹកបូមបញ្ចូនទៅអាងស្តុកទុក បានប្រែជារីងស្ងួតស្ទើរតែទាំងស្រុង។ បើតាមគម្រោង នៅពេលដែលទំនប់តំបន់ជ្រោះតាប៉នធ្វើរាល់រួចហើយ នឹងអាចទទួលបានបរិមាណចំនួន ២លានម៉ែត្រគូប ដែលអាចបំពេញតម្រូវការ ជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់ទៅថ្ងៃអនាគត។
សូមបញ្ជាក់ដែរថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុង ខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។
បើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹក ទុកទប់ទល់នឹងគ្រោះរាំងស្ងួត របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ធ្លាប់ទទួលបាន បានបញ្ជាក់ថា ឥទ្ធិពលអែលណូនីនេះ ក៏នឹងធ្វើឲ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ -ល-។
តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះ រួមមាន៖
១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕