(កោះកុង)៖ ថ្លែងចេញពីខេត្តកោះកុង ទីដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ទៅប្រាប់កាន់កម្មករ កម្មការិនី ដោយមិនត្រូវចាញ់បោកការញុះញង់របស់អ្នកណាទាំងអស់ ប្រសិននៅតែមានការងារធ្វើប្រចាំថ្ងៃ និងមានប្រាក់ចំណូលទៀងទាត់ដូចសព្វថ្ងៃនេះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១ម៉ឺននាក់ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកោះកុង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សុំក្មួយៗចង់ចាំ កុំចាញ់កលអ្នកណាទាំងអស់ បើយើងរាល់ថ្ងៃនៅតែមានការងារធ្វើ នៅតែមានប្រាក់ចំណូល។ ដរាបណាយើងនៅមានការងារធ្វើ មានប្រាក់ចំណូលដរាបនោះមិនត្រូវចាញ់ការញុះញង់ អ្នកណាទាំងអស់»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ប្រសិនបើកម្មករ កម្មការិនីនៅតែមានប្រាក់ចំណូល ទៅភ័យធ្វើអីជាមួយការឃោសនាអកុសលណាមួយ ពីសំណាក់ពួកអសិរពិសទាំងអស់នោះ ព្រោះថាពួកទាំងនោះ បានត្រឹមតែបោកប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្ណោះ។ សម្ដេចថា ពួកទាំងអស់នោះមិនត្រឹមតែបោកប្រាសប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបោកសមាជិក សមាជិកាខ្លួនឯងទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ក្មួយៗ មានការងារធ្វើ ក្មួយៗមានប្រាក់ចំណូលតើមានការចាំបាច់ ដើម្បីនឹងទៅភ័យព្រួយ ទៅលើការឃោសនាណាមួយពីពួកអសិរពិសទេ ពួកគេបានត្រឹមតែបោកប្រាស់ បញ្ឆោតពីមួយថ្ងៃទៅមួយថ្ងៃ យកការបញ្ឆោតធ្វើជាល្បែងលេង បញ្ឆោតទាំងប្រជាពលរដ្ឋ បញ្ឆោតទាំងកម្មករកម្មការិនី បញ្ឆោតទាំងសមាជិកសមាជិការបស់ពួកគេទៀតផង»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះកម្មករ កម្មការិនី ទទួលបានប្រាក់បៀវត្ស៍មិនតិចជាង២០០ដុល្លារនោះទេ បើសិនបូកបញ្ចូលទាំងប្រាក់ឧបត្ថម្ភ ឬការថែមម៉ោងជាដើមនោះ ខណៈប្រាក់បៀវត្ស៍គោលនៅឆ្នាំ២០១៩នេះ មានចំនួន១៨៧ដុល្លារ។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចទៅកាន់កម្មករ កម្មការិនីទាំងអស់ថា បើគ្មានសន្តិភាពគ្មានការវិនិយោគ និងគ្មានការងារធ្វើនោះទេ ក្នុងន័យនេះសម្តេច បានអំពាវនាវដល់កម្មករ កម្មការិនី និងគណបក្សនយោបាយផ្សេងៗទៀត រួមគ្នាថែរក្សានូវសុខសន្តិភាពមួយនេះ។
លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏មិនភ្លេចផងដែរ នូវការថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេ ដែលបានចេញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៨កន្លងទៅនេះ ដែលការចេញទៅបោះឆ្នោតនេះ ជាការវាយបំបាក់អំនួតរបស់ក្រុមដេកផ្ទះឈ្នះឯង និងជាការសម្រេចគាំទ្រនូវសុខសន្តិភាពនៅកម្ពុជា៕