(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា បើអត់ពីនាយករដ្ឋមន្រ្តីទៅ គឺគណៈរដ្ឋមន្រ្តីក៏ត្រូវតែរលាយដោយស្វ័យប្រវត្តិ ពោលគឺសូម្បីតែនាយករដ្ឋមន្រ្តីស្តីទី ក៏មិនមានដែរ ដោយសារតែគ្មាននរណាអាចតែងតាំងនាយករដ្ឋមន្រ្តីស្តីទីទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតប្រមាណជាង១ម៉ឺន៦ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមិនខ្លាចនរណាបំពុលទេ លើកលែងតែភេរវជន ដែលចង់ឱ្យពូស្លាប់ មិនដឹងថារឿងអីកើតឡើង កុំភាន់ច្រឡំ រដ្ឋធម្មនុញ្ញ ខ្ញុំកំពុងតែគិតគូកែ ឬមិនកែ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា គេប្រើពាក្យអញ្ចេះ នៅពេលដែលតំណែងនាយករដ្ឋមន្រ្តី នៅទំនេរជាស្ថាព័រ គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ មានន័យម៉េច? មានន័យថា បើនាយករដ្ឋមន្រ្តីស្លាប់ គឺរដ្ឋាភិបាលរលាយតែម្តង អត់មាននរណាធ្វើនាយករដ្ឋមន្រ្តីស្តីទីបានទេ»

ដោយនិយាយដល់រឿងរលាយគណៈរដ្ឋមន្រ្តី នៅពេលដែលអត់នាយករដ្ឋមន្រ្តីនោះ សម្តេចតេជោ ហ៊ុន សែន ក៏និយាយលលេងដល់រដ្ឋមន្រ្តីទៀតថា «តិចថា រដ្ឋមន្រ្តីបន់ឱ្យនាយករដ្ឋមន្រ្តីស្លាប់ រដ្ឋមន្រ្តីដែលបន់ឱ្យនាយករដ្ឋមន្រ្តីស្លាប់​ មានតម្លៃស្មើនឹងបន់ឱ្យឯងអស់ស័ក្តិជានាយករដ្ឋមន្រ្តីដែរ ត្រូវច្បាស់កន្លែងនេះ រដ្ឋធម្មនុញ្ញ ចែងច្បាស់ណាស់ចំណុចហ្នឹង។ បើកាលណាតំណែងនាយករដ្ឋមន្រ្តី នៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីត្រូវរៀបចំឡើងវិញ អញ្ចឹងអត់មាននរណាធ្វើនាយករដ្ឋមន្រ្តីស្តីទី»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើសិនជាតំណែងនាយករដ្ឋមន្រ្តី នៅទំនេរម្តងម្កាល គឺអាចចាត់តាំងនាយករដ្ឋមន្រ្តីស្តីទី នរណាជាអ្នកតែងតាំងនាយករដ្ឋមន្រ្តីស្តីទី គឺមុនពេលសម្តេចទៅក្រៅប្រទេស សម្តេចត្រូវតែងតាំងឧបនាយករដ្ឋមន្រ្តីណាមួយ ឱ្យធ្វើជានាយករដ្ឋមន្រ្តីស្តីទី ប៉ុន្តែបើសិនជាសម្តេចស្លាប់ អត់មាននរណាតែងតាំងនាយករដ្ឋមន្រ្តីស្តីទីទេ អញ្ចឹងរដ្ឋាភិបាលហ្នឹងរលាយតែម្តង។

សម្តេចបញ្ជាក់ថា៖ «អញ្ចឹងកុំបន់ឱ្យ ហ៊ុន សែន ងាប់អី ប៉ុន្តែបើបន់ក៏មិនងាប់ដែរ ព្រោះគ្មាននរណាជេរ ហ៊ុន សែន ខ្លាំងជាអាពតទេ តែទីបំផុត អាពតងាប់រកដីកប់អត់បានផង»