(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០១៩នេះ សម្ដេចនឹងធ្វើដំណើរទៅកាន់ប្រទេសអាស៊ី និងអឺរ៉ុបមួយចំនួនទៀត ដើម្បីរកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ ព្រោះមិនត្រូវឲ្យទីផ្សាររបស់កម្ពុជា ស្ថិតក្រោមចំណុះទីផ្សារណាមួយនោះទេ។
អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី គោលដៅរបស់សម្ដេច គឺតម្រង់ឆ្ពោះទីផ្សាររបស់កម្ពុជា ទៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ាបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទីផ្សាររបស់យើងមិនអាចចំណុះលើទីផ្សារណាមួយ ដោយគេខ្ទប់ច្រមុះយើងឲ្យស្លាប់នោះទេ ហើយឆ្នាំនេះ ខ្ញុំនឹងដើរទៅកាន់ប្រទេសអាស៊ីអឺរ៉ុប គេហៅថា អឺរ៉ាស៊ី មួយចំនួនទៀត ដើម្បីទាញយកផលិតផលរបស់យើង ទៅកាន់ទីនោះ ហើយយើងតម្រង់ឆ្ពោះទីផ្សាររបស់យើងនៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ាថែមទៀត យើងបើកទីផ្សារកាន់តែធំ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកផងដែរថា កាលពីអតីតកាល ប្រទេសកម្ពុជាទំនិញអ្វីក៏ត្រូវទិញគេដែរ ហើយចំណោទវិបត្តិដោះស្រាយបញ្ហាមិនដូចគ្នាទេ ដែលដំណាក់កាលនេះផលិតផលក្នុងប្រទេសត្រូវការនាំចេញ ដូច្នេះការវិវត្តន៍បានដើរមកដល់នេះ ត្រូវតែខិតខំរួមគ្នា ធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាក់លាក់ ហើយគ្មានហានិភ័យដែលពាក់ព័ន្ធទៅនឹងកត្តាខាងក្រៅ ឬវិបត្តិខាងក្រៅ។
ដោយយោងតាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាបម្រាញ់ និងនេសាទ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា វិស័យកសិកម្មឆ្នាំ ២០១៨-២០១៩ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ផលិតផលស្រូវ សរុបសម្រេចបានក្នុងបរិមាណ ១០.៨៧លានតោន កើនលើសឆ្នាំមុនប្រមាណ ៣.៣៧% និងអតិរេកស្រូវ មានចំនួនជាង ៥.៨ លានតោន ឬ គិតជា អង្ករស្មើនឹងជាង ៣.៧ លានតោន។
ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗទៀត សម្រចបាន ១៦.៧លានតោន កើនលើសឆ្នាំមុន ប្រមាណ២% ជាពិសេសផលិតកម្មកៅស៊ូ មានកំណើនរហូតដល់ ១៤% ផលិតកម្មសត្វ ៣,៤% និងវារីវប្បកម្មកើនប្រមាណ ២២,៤% ធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះការប្រើប្រាស់ គ្រឿងយន្ត កសិកម្មក្នុង ការភ្ជួររាស់សម្រាប់ស្រូវវស្សា មានការកើនឡើងប្រមាណជាង ៩៦% ដែលនេះជា ជោគជ័យ សម្រាប់វិស័យកសិកម្មកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការជំរុញកំណើនវិស័យកសិកម្ម នៅតែជាគោលដៅចម្បង ដើម្បីធានាសន្តិសុខស្បៀង ឤហារូបត្ថម្ភ និងការនាំចេញ។ ដោយឡែក ផលិតកម្មដំណាំកសិ-ឧស្សាហកម្មកម្ពុជា មានការកើនឡើងខ្ពស់ ដោយផ្អែកលើការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ ព្រមទាំង ការកើនឡើងនៃការវិនិយោគលើផ្នែកកសិ-ឧស្សាហកម្ម៕