(ភ្នំពេញ)៖ ថ្លែងពីលើវេទិការនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ជំរុញឱ្យរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ ការរំលោភបំពានដីព្រៃឈើ និងព្រៃលិចទឹក។
ការមានប្រសាន៍លើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ ការរំលោភបំពានដីព្រៃឈើ និងព្រៃលិចទឹក»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា សូមបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទទៅក្រៅប្រទេសតាមច្រកព្រំដែន និងច្រករបៀងដែលគ្មានការអនុញ្ញាតឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាស់តឿនឱ្យបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យបានរឹងមាំ គ្មានបទល្មើសជលផលទាំងទឹកសាប និងសមុទ្រ។ ជំរុញការអភិវឌ្ឍ វារីវប្បកម្មគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រី តាមស្រែត្រូវធ្វើឱ្យកើនយ៉ាងតិច២០% ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសស្ត្រាជាតិ អភិវឌ្ឍវារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០។ បន្តពង្រឹងការគ្រប់គ្រងការញរកន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់ របស់មច្ឆជាតិ។ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធការនេសាទ ល្មើសច្បាប់តាមរយៈ យន្តការថ្នាក់ជាតិ និងអន្តរស្ថាប័ន ស្របតមានីតិវិធីជាធរមាន។
ម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផលតាមបរិការណ៍ កែទម្រង់បច្ចុប្បន្ន ពង្រីកសហគមន៍ ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ។ ជំរុញការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើ ឤជីវកម្ម និងដីទំនេររបស់រដ្ឋដោយសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងបង្កើនការបណ្តុះកូនឈើ គ្រប់ប្រភេទនៅតាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រឿនរំលឹកដល់ស្ថាប័នទាំងអស់ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជិតខាង និងបណ្តាប្រទេដៃគូអភិវឌ្ឍនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងថ្នាកតំបន់ និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗទៀត ដើម្បីធ្វើទំនើបភាវូបនីយកម្ម កសិកម្មកម្ពុជា ឱ្យរួមចំណែកកាន់តែច្រើនក្នុង សេដ្ឋកិច្ចជាតិ៕