(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ពីភាពជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាលជំរុញផលិតកម្មស្រូវ តែមិនសម្រេចបានតាមគោលដៅនាំចេញអង្ករ ១លានតោន ព្រោះតែលទ្ធភាពនៃការកែច្នៃអង្កររបស់កម្ពុជានៅមានកម្រិត ហើយថ្លៃដើមនៃការផលិតក៏នៅខ្ពស់ នាំឲ្យពិបាកប្រកួតប្រជែង។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៅឆ្នាំ២០១០ ដោយជំរុញឲ្យមានការផលិតស្រូវលើតម្រូវការ និងនាំចេញអង្ករឲ្យបាន១លានតោន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គោលនយោបាយផលិតកម្មស្រូវ និងនាំចេញអង្ករ ក្នុងគោលដៅទាំង២នេះ យើងសម្រេចបានគោលដៅមួយ គឺផលិតកម្មស្រូវ ពីការដែលយើងខ្វះអង្ករហូប ឬមានអតិរេក (ស្រូវលើស) តិចតួច តែពេលបច្ចុប្បន្នយើងមានអធិរេតរហូតដល់ជិត៦លានតោនស្រូវ និងជិត៤លានតោនអង្ករ។ ប៉ុន្តែគោលដៅនៃការនាំចេញវិញ គឺយើងមិនសម្រេចគោលដៅ១លានតោនទេ»។
សម្តេចបានថ្លែងទៀតថា «បញ្ហាមិនសម្រេចគោលដៅ គឺការកែច្នៃសម្រាប់នាំចេញនៅមានកម្រិត ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះចំនួន ក៏មានការកើនឡើងដែលអាចនឹងឈាន ដល់អាចកែច្នៃរហូត៣ទៅ៤លានតោននៅពេលខាងមុខ ក្នុងពេលដែលយើងសម្រេចរួចរាល់ នៅពេលវិនិយោគទាំងអស់។ យើងត្រូវធ្វើការរួមគ្នា ដើម្បីឲ្យថ្លៃដើម នៃការផលិតរបស់កសិករយើងធ្លាក់ចុះ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងយើង។ ឧទាហរណ៍ ហ្វីលីពីនត្រូវការអង្ករ១លានតោន ដោយដាក់ឲ្យដេញថ្លៃ ប៉ុន្តែកម្ពុជាមិនអាចដេញថ្លៃឈ្នះគេទេ ដោយសារតែផលិតផលអង្ករ របស់យើងវាមានតម្លៃខ្ពស់។ ដូច្នេះយើងត្រូវរិះរកគ្រប់វិធី ដើម្បីកាត់បន្ថយតម្លៃ នៃការផលិតរបស់ប្រជាជនយើង»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាកសិកម្មនេះ គឺទាមទារឲ្យមានការចូលរួមពីគ្រប់ក្រសួងពាក់ព័ន្ធ ដោយមិនអាចពឹងផ្អែកតែលើក្រសួងកសិកម្មមួយទេ។
ជាមួយគ្នានេះដែរ ដើម្បីការពារតម្លៃស្រូវរបស់កសិករធ្លាក់ចុះនោះ សម្តេចបានជំរុញឲ្យកសិកម្ម និងក្រសួងពាណិជ្ជរួមគ្នា សម្រេចឲ្យបាននូវការនាំចេញអង្ករទៅកាន់ទីផ្សារចិន និងវៀតណាម ដែលផ្តល់ឲ្យកម្ពុជាចំនួន៧០ម៉ឺនតោនអង្ករ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំនៅតែបន្តការខិតខំដើម្បីប្រើប្រាស់ទីផ្សារ ដែលយើងមានរួចមកហើយ សម្រាប់លើកតម្លៃស្រូវនោះគឺទីផ្សារចិន៤០ម៉ឺនតោន ត្រូវអនុវត្តន៍ឲ្យបាន ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មត្រូវធ្វើការរួមគ្នាលើការងារនេះ ពិសេសក្រសួងពាណិជ្ជកម្ម ដែលចូលដល់កសិ-ពាណិជ្ជកម្មហើយ។ ទីផ្សាររបស់វៀតណាម ដែលផ្តល់ឲ្យយើងនាំចេញចំនួន៣០ម៉ឺនតោន អីចឹងវា៧០ម៉ឺនតោនអង្ករ ស្មើនឹងជាង១លានតោនស្រូវដែរ ធ្វើយ៉ាងម៉េចអនុវត្តន៍ឲ្យបាន ដើម្បីទាញតម្លៃស្រូវរបស់យើងឲ្យបានកើនឡើង»។
សូមជម្រាបថា បន្ទាប់ពីរាជរដ្ឋាបាលកម្ពុជា បានចេញនូវគោលនយោបាយជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ នៅឆ្នាំ២០១០រួចមក វិស័យស្រូវអង្កររបស់កម្ពុជា មានសន្ទុះកើនឡើងយ៉ាងខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធរោងម៉ាស៊ីនកិនស្រូវ ផលិតកម្មស្រូវ និងចំនួនអង្ករដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ បើទោះមិនទាន់គ្រប់១លានតោនក្តី។
តួលេខនៃការនាំចេអង្ករបានឲ្យដឹងថា នៅឆ្នាំ២០១២ កម្ពុជានាំចេញអង្ករបានជាង២០ម៉ឺនតោន, ឆ្នាំ២០១៣ នាំចេញបានជាង៣៧ម៉ឺនតោន, ឆ្នាំ២០១៤ នាំចេញបានជាង៣៨ម៉ឺនតោន, ឆ្នាំ២០១៥នាំចេញបានជាង៥៣ម៉ឺនតោន, ឆ្នាំ២០១៦ នាំចេញអង្ករបានជាង៥៤ម៉ឺនតោន, ឆ្នាំ២០១៧ នាំចេញអង្ករបានជាង៦៣ម៉ឺនតោន និងឆ្នាំ២០១៨នាំចេញអង្ករបានជាង៦២ម៉ឺនតោន៕