(ភ្នំពេញ)៖ ថ្លែងក្នុងវេទិកាវេទិកាធុរកិច្ចកម្ពុជា-កូរ៉លើកទី៤ នៅវិមានសន្តិភាព ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពីការប្ដេជ្ញាចិត្ត ក្នុងការដាក់ចេញនូវវិធានការមុតស្រួតមួយចំនួន ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលនឹងរៀបចំធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ សម្ដេចនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នៅវិមានសន្តិភាព) នៅក្នុងឱកាសនោះសម្ដេចនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនទៀតសំដៅ៖

១៖ បង្កើនភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចកម្ពុជា
២៖ កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច
៣៖ ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាព កាន់តែច្រើនថែមទៀតជូនពលករកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្មីៗនេះក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែលម្អបរិស្ថានធុរកិច្ច និងវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយថ្លៃដើម និងថ្លៃប្រតិបត្តិការធុរកិច្ច។ រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។

សម្ដេចតេជោ បានថ្លែងទៀតថា «យើងបានបង្កើត យន្តការសន្ទនាមួយ ហៅថា «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ខ្ញុំ ដោយមានការចូលរួមពីរដ្ឋមន្ត្រី គ្រប់ក្រសួង-ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យប្រមាណ៣០០នាក់ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ យន្តការនេះ ផ្ដល់ឱកាសឲ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្រប ដើម្បីដោះស្រាយ។ រាល់ការសម្រេច នៅក្នុងវេទិកានេះ ត្រូវបានចាត់ទុក ជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសូមធានាជូនអ្នកវិនិយោគ គ្រប់រូបនូវបរិស្ថានប្រកប ដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូ- សេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕