(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងនូវការតក់ស្លុត និងសោកសង្រេងជាខ្លាំង ចំពោះហេតុការណ៍បាញ់សម្លាប់នៅវិហារឥស្លាម Al Noor និង Linwood នៅក្នុងទីក្រុង​ក្រៃស៍ឆឺច ប្រទេសណូវែលហ្សេឡង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមសម្ដែងនូវសមានចិត្តអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ និងអ្នកជាទីស្រលាញ់ របស់ពួកគាត់។​ យើងសូមរួមសាមគ្គីជាមួយរដ្ឋាភិបាល និងប្រជាជនណូវែលហ្សេឡង់ ក្នុងអំឡុងពេលដ៏សោកនាដកម្មនេះ ដើម្បីផ្ដល់នូវការធានាអះអាងខ្ពស់បំផុត ចំពោះសុវត្ថិភាពជូនជនស្លូតត្រង់ ទាំងពលរដ្ឋណូវែហ្សេឡង់ និងសមាជិកសហគមន៍កម្ពុជានៅទូទាំងប្រទេសណូវែលហ្សេឡង់»

​ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានអះអាងថា កម្ពុជាប្ដេជ្ញាចិត្តឥតងាករេ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មគ្រប់ទម្រង់ និងរូបភាពទាំងអស់។

សូមជម្រាបថា មកទល់ពេលនេះ​តួលេខ​មនុស្ស​​ស្លាប់​ ជា​ផ្លូវ​ការ​​បាន​កើន​រហូតដល់​ទៅ​​ ៤៩នាក់ និងជាច្រើននាក់ទៀត​រងរបួស នៅក្នុងករណី​​បាញ់ប្រហារ​ពីរ​​កន្លែងខុសគ្នា នៅក្នុង​ទីក្រុង ក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅ​បណ្តាយឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​នូវែលសេឡង់ ខណៈពីដំបូងឡើងមានការអះអាងថា មនុស្សតែចំនួន០៩នាក់​ប៉ុណ្ណោះ​ស្លាប់ និងខ្ទង់ ៥០នាក់​រងរបួស។ នេះបើតាម​​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

បើតាមការលើក​ឡើងរបស់លោកស្រី​នាយករដ្ឋមន្រ្តី​នូវែលសេឡង់ ជេស៊ីនដា អាដឺន (Jacinda Ardern) ករណីបាញ់ប្រហារ​យ៉ាងកក្រើក​បែបនេះ គឺជាសកម្មភាព​​ភេរវកម្ម​សុទ្ធសាធ ដែលត្រូវបាន​គ្រោងរៀបចំ​ទុកជាមុនយ៉ាង​ហ្មត់ចត់។ មិនតែប៉ុណ្ណោះ​លោកស្រី ថែម​ទាំងបានសម្តែង​ការ​ចូល​រួម​សោកស្តាយ​ជាខ្លាំង ចំពោះជនរង​គ្រោះ​ទាំងអស់ ​និងថា​សោកនាដកម្មនេះ គឺជាថ្ងៃដ៏ងងឹត​សូន្យសុងបំផុតមួយ​សម្រាប់​ប្រ​ជា​ជាតិ​នូវែលសេឡង់​ទាំងមូល។

គួរជម្រាបថា ព្រះវិហារអ៊ីស្លាម​ចំនួន ០២កន្លែង​នៅក្នុងទីក្រុង Christchurch បានរងការបាញ់ប្រហារ​ពីខ្មាន់កាំភ្លើង​ម្នាក់។ ​ក្នុងឃ្លីប​​វីដេអូមួយបង្ហោះ​លើបណ្តាញទំនាក់ទំនង​សង្គម ខ្មាន់​​កាំ​ភ្លើងម្នាក់នោះ​បានអះអាងថា ខ្លួនជាជន​ជាតិអូស្រ្តាលី និងមាន​ឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Tarrant) វ័យ ២៨ឆ្នាំ៕