(កំពង់ឆ្នាំង)៖ ប្រមុខនៃរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ឱ្យយោគយល់ និងអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី ដោយសារខ្វះខាតថាមពលផ្គត់ផ្គង់ព្រោះតែកត្តាធម្មជាតិ។ ដូច្នេះចំពោះបញ្ហានេះ សូមឱ្យប្រជាពលរដ្ឋ និងបណ្តាក្រុមហ៊ុនដែលមានម៉ាស៊ីនភ្លើងអាចប្រើប្រាស់បាន បញ្ចេញមកប្រើប្រាស់ជំនួសសិនផងដែរ។
ការមានប្រសាសន៍បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពការប្រារព្ធពិធីបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងកំពុងតែរង់ចាំពីការឆ្លើយពីសាធារណរដ្ឋតួរគី ដើម្បីនាំមកនូវនាវា ដែលផ្ទុកទៅដោយម៉ាស៊ីនភ្លើង សម្រាប់បញ្ឆេះនូវក្នុង ប្រទេសកម្ពុជាយើង ក្នុងរយៈពេលប៉ុន្មានខែព្រោះថា ប្រទេសរបស់យើងមួយភាគធំវារីអគ្គិសនី ប៉ុន្តែវារីអគ្គិសនីប្រើប្រាស់ដោយទឹក ឥឡូវទឹកនោះវារីង ដូច្នេះវារីអគ្គិសនីបញ្ចេញថាមពលបានកម្រិតទាប [...] ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវសូមឱ្យប្រជាពលរដ្ឋរបស់យើងផ្តល់ការយោគយល់ អធ្យាស្រ័យនៅក្នុងករណីដែលទីកន្លែងខ្លះមានការដាច់ភ្លើង ទីកន្លែងខ្លះមានការខ្វះភ្លើង ហើយក៏សូម ឱ្យប្រជាពលរដ្ឋរបស់យើងដែលមានម៉ាស៊ីនភ្លើងអាចនឹងប្រើប្រាស់ម៉ាស៊ីនភ្លើងជំនួស នៅពេលដែលមានការដាច់ភ្លើង ឬត្រូវការកាត់ភ្លើង នេះជាការសុំអង្វរក ដើម្បីផ្តល់ការយោគយល់ចំពោះរាជរដ្ឋាភិបាលទៅលើបញ្ហាដ៏លំបាក»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុមិនមែនគ្រាន់តែមានផលប៉ះពាល់ដល់ប្រទេសកម្ពុជាយើង ម្នាក់ឯងនោះទេ ក៏ប៉ុន្តែមានផលប៉ះពាល់សម្រាប់តំបន់ទាំងមូលតែម្តង។ ដោយឡែកកម្ពុជាឆ្នាំនេះ អាចចាត់ទុកជាឆ្នាំដែលយើងត្រូវជួបប្រទះនូវបញ្ហា មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករឿងទឹកនោះទេ រឿងទឹកវាក៏បានផ្សារភ្ជាប់ជាមួយបញ្ហាអគ្គិសនី។ ដូច្នេះសូមប្រជាពលរដ្ឋរបស់យើង ត្រូវនាំគ្នាខិតខំសន្សំសំចៃការប្រើប្រាស់ទឹក ទាំងនៅទីក្រុង ក៏ដូចនៅជនបទ ដោយសារឆ្នាំនេះ គឺជាឆ្នាំដែលរាំងស្ងួតក្នុងរយៈពេលវែង ហើយអាចអូសបន្លាយរហូតដល់ខែមិថុនា ឯណោះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា៖ «សម្រាប់វិស័យអគ្គិសនី មកដល់ពេលនេះក្រសួងរ៉ែ និងថាមពលក៏ដូចជាក្រុមហ៊ុនអគ្គិសនី បានឱ្យខ្ញុំដឹងថា មកដល់ពេលនេះម៉ោងនេះ យើងចាប់ផ្តើមខ្វះអគ្គិសនីរហូតដល់៤០០មេហ្គាវ៉ាត់ តែម្តងដែលនេះយើងកំពុងតែរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហានេះ នោះខ្ញុំសូមយកឱកាសនេះអំពាវនាវ ឱ្យអ្នកដែលមានម៉ាស៊ីនភ្លើងបញ្ចេញម៉ាស៊ីនភ្លើងមកប្រើប្រាស់ ដើម្បីផ្គត់ផ្គង់តាមលំនៅដ្ឋានក្តី និងតាមសណ្ឋាគារក្តី ឬកន្លែងដែលខ្លួនធ្វើអាជីវកម្មក្តី ដើម្បីជួយទប់ទល់ជាមួយគ្នា»។
ជាមួយគ្នានេះដែរក្នុងឋានៈជានាយករដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់បណ្តាក្រុមហ៊ុន និងអាជីវករ ដែលមានម៉ាស៊ីនភ្លើង អាចប្រើប្រាស់ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី ខណៈបច្ចុប្បន្ននេះ កំពុងតែមានការខ្វះខាតអគ្គិសនី៤០០មេហ្គាវ៉ាត់ ហើយការកង្វះភ្លើង រហូតដល់៤០០មេកាវ៉ាត់នេះ វាមានទំហំធំណាស់ ហើយកម្ពុជាអាចខ្វះលើសពីនេះបន្ថែមទៀត។ ដូច្នេះសូមប្រជាពលរដ្ឋ ត្រូវចូលរួមសន្សំថាមពលទាំងអស់គ្នា ហើយវាអាចមានទំហំលើកពីនេះទៅទៀតនៅពេលដែលទឹកមិនត្រូវបានផ្គត់ផ្គង់ប៊ូប៊ីន នៅតាមបណ្តាលវ៉ារីអគ្គិសនី។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏មានប្រសាសន៍បញ្ជាក់ថា សម្រាប់បញ្ហានេះរាជរដ្ឋាភិបាលបាននឹងកំពុងតែខិតខំដោះសា្រយនូវបញ្ហាដែលកើតឡើង នៅចំពោះមុខនេះផងដែរ ហើយម៉ាស៊ីនទាំងឡាយទោះបីជាម៉ាស៊ីនវាថ្លៃបន្តិច ប៉ុន្តែវាប្រសើរជាងយើងនាំគ្នាដេកបក់ផ្លិត ឬក៏គ្មានអគ្គិសនីប្រើប្រាស់ ដើម្បីជំរុញផលិតកម្មរបស់យើង៕