(កំពង់ឆ្នាំង)៖ ក្នុងមតិសំណេះសំណាលបិទពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នារាត្រីថ្ងៃទី១៧ ខែមីនានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមឱ្យបានសកម្មក្នុងការថែរក្សាការពារធនធាននៅតាមទន្លេ និងធនធានធម្មជាតិដទៃទៀត ដើម្បីបន្តការអភិវឌ្ឍវិស័យទេសចរណ៍ និងទាញយកផលចំណេញពីវិស័យនាំមុខនេះ តាមរយៈការបម្រើសេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ ដែលមកទស្សនាកម្សាន្តក្នុងរាត្រីបិទបញ្ចប់នៃពិធីបុណ្យទន្លេនៅក្រុងកំពង់ឆ្នាំង លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ទន្លេមេង្គហូរកាត់ប្រទេសចំនួន៦ ក្នុងនោះមានភាគខាងត្បូងប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដែលមាននាំមកមច្ឆាជាតិ ជីវចម្រុះ ដីមានជីវជាតិសម្រាប់បង្កបង្កើនផលកសិកម្ម ទឹកទន្លេមិនចេះរីងស្ងួត ផលទេសចរណ៍ ព្រមទាំងបានផ្ដល់នូវភោគផលធម្មជាតិជាច្រើនទៀត ដល់ប្រជាជនដែលរស់នៅតាមដងទន្លេ និងអាស្រ័យផលពីទន្លេដ៏វែងអន្លាយមួយនេះ។
លោករដ្ឋមន្ត្រីបានបន្តថា ទន្លេមេគង្គមានប្រវែងប្រមាណ ៤,២០០គីឡូម៉ែត្រ ក្នុងនោះហូរកាត់ប្រទេសកម្ពុជាប្រវែងប្រមាណ ៥០០គីឡូម៉ែត្រ ដែលបានចិញ្ចឹមប្រជាជនដែលរស់នៅ និងអាស្រ័យផលពីទន្លេនេះប្រមាណ ៥លាននាក់ រួមនឹងទន្លេសាប បឹងទន្លេសាប និងទន្លេផ្សេងៗទៀតប្រមាណ ៥លាននាក់។
ហេតុដូច្នេះហើយបានជាលោករដ្ឋមន្ត្រី ថោង ខុន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាជនដែលរស់នៅតាមដងទន្លេទាំងអស់នៅកម្ពុជាថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនបន្តចូលរួមយ៉ាងសកម្មថែមទៀត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់យើង សូមខិតខំធ្វើយ៉ាងណាថែរក្សាធនធានទន្លេ មច្ឆាជាតិ ជីវចម្រុះទាំងក្នុងទឹក ថែរក្សាធនធាននៅលើគោក អភិវឌ្ឍន៍ទីក្រុងរបស់យើងឱ្យទៅជាក្រុងគោលដៅទេសចរណ៍ ជាទីក្រុងស្អាត និងជាទីក្រុងបៃតង និងទាក់ទាញ»។
មួយវិញទៀត ការអំពាវនាវនេះក៏ដើម្បីឱ្យសមនឹងប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដែលត្រូវបានលើកឡើងក្នុងពិធីបុណ្យទន្លេលើកទី៥នេះ។
លោកបានពន្យល់ថា «ទីក្រុងស្អាត គឺជាទីក្រុងគ្មានសំរាម ជាទីក្រុងដែលមានអនាម័យ ជាទីក្រុងដែលមានសណ្ដាប់ធ្នាប់»។
លោកបានបន្តសូមឱ្យអាជ្ញាធរខិតខំធ្វើយ៉ាងណាឱ្យទីក្រុងកំពង់ឆ្នាំង ជាគោលដៅទេសចរណ៍គូបផ្សំនឹងទីក្រុងដទៃទៀតតាមដងទន្លេ និងត្រូវចូលរួមចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលក្រុងកំពង់ឆ្នាំង ជាបេក្ខភាពទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដែលនឹងប្រកាសជ័យលាភីនៅខែមករា ឆ្នាំ២០២០ នៅប្រទេសប៊្រុយណេដារូសាឡឹម។
សូមជម្រាបថា ការរៀបចំពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងនេះ គឺសម្រេចបានប្រកបដោយភាពជោគជ័យ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជិត ១លាននាក់ បានមកចូលរួមទស្សនាក្នុងពិធីនេះ និងបានចូលរួមទស្សនាសកម្មភាពកីឡា សិល្បៈ ទស្សនាស្ដង់ពិព័រណ៍ផលិតផល ម្ហូបអាហារ និងរបស់របរប្រើប្រាស់ ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនទៀត៕