(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី។ ពិធីប្រគល់នេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេ​តេជោ ហ៊ុន សែន បានថ្លែងអបអរសាទរដល់សិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីទាំងអស់ ដែលបានទទួលជោគជ័យលើការសិក្សានេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចបានជួយទ្រទ្រង់វិទ្យាស្ថានខ្មែរជំនាន់ថ្មីក៏ដោយ តែបើវិទ្យាស្ថានមិនចេះប្រឹងប្រែងខ្លួនឯងក៏មិនអាចដំណើរការដល់ពេលបច្ចុប្បន្នដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការអៀនខ្មាស់ចំពោះការឧបត្ថម្ភរបស់សម្តេចទៅកាន់អង្គភាព ឬបុគ្គលមួយចំនួន តែអង្គភាព ឬបុគ្គលនោះមិនចេះប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង។

* សម្តេចតេជោ បានថ្លែងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺជារឿងសំខាន់មួយដែលមិនអាចមើលរំលងនោះឡើយ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចផ្តល់តម្លៃណាស់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ហើយក្នុងនោះសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនត្រូវបានសម្តេចឧបត្ថម្ភថវិកា និងអង្ករសម្រាប់ទ្រទ្រង់ដំណើររបស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឧបត្ថម្ភនេះគឺតម្រង់ឆ្ពោះទៅកាន់សិស្ស និស្សិតមានជីវភាពក្រីក្រ។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការនៅពេលមានការវិនិយោគមកពីក្រៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វះខាតធនធានមនុស្សផ្នែកជំនាញបច្ចេកទេស គឺជាក្តីបារម្ភមួយក្នុងចំណោមក្តីបារម្ភជាច្រើនរបស់អ្នកវិនិយោគមកពីជប៉ុន។

* សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងថា សុន្ទរកថាខ្លះដែលរៀបចំឲ្យសម្តេចថ្លែងក្នុងកម្មវិធីមួយចំនួនមិនគ្រប់ជ្រុងជ្រោយជាហេតុនាំឲ្យសម្តេចមិនសូវអានសុន្ទរកថានោះឡើយ ហើយបង្ខំឲ្យសម្តេចព្រៀងដោយខ្លួនឯង និងថ្លែងដោយមិនអានសុន្ទរកថា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកទោសជាច្រើនសុទ្ធតែមិនទាន់បានជំនុំជម្រះក្តី។ សម្តេចតេជោ ជំរុញឲ្យក្រសួងយុត្តិធម៌ និងមន្ត្រីតុលាការពន្លឿនលើការជំនុំជម្រះក្តីលើអ្នកជាប់ឃុំនៅពន្ធនាគារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងពង្រាយក្រុមមេធាវីរបស់សម្តេចឲ្យកាន់តែច្រើន ដើម្បីការពារក្តីជូនស្ត្រីដែលមិនមានមេធាវីការពារក្តី។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការយោគយល់ និងអត់ធ្មត់ខ្ពស់ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុនាំឲ្យខ្វះទឹក និងភ្លើងប្រើប្រាស់។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់អាជ្ញាធរ កាកបាទក្រហម និងសប្បុរសជនរួមគ្នាជួយជីកអណ្តូងជូនប្រជាពលរដ្ឋ ប្រសើរជាងការដឹកទឹកចែកជូនពួកគាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកើនឡើងកម្តៅធ្វើឲ្យវារីអគ្គិសនីមិនអាចដំណើរការបាន ហើយខ្វះថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ និងត្រូវបង្ខំចិត្តផ្អាកអគ្គិសនីនៅតំបន់នេះ ដើម្បីផ្គត់ផ្គង់នៅតំបន់នោះជាដើម។

* សម្តេចតេជោ ហ៊ុន សែន ក៏ស្នើឲ្យមានការបញ្ចេញម៉ាស៊ីនភ្លើង ដើម្បីដោះស្រាយបញ្ហាដែលប្រឈមកង្វះថាមពលអគ្គិសនីនាពេលបច្ចុប្បន្ននេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់មានការឆ្លើយតបពីភាគីតួកគីនៅឡើយទេ រឿងចរចាយកនាវាផ្ទុកម៉ាស៊ីនផលិតថាមពលអគ្គិសនីនៅឡើយទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានស្នើសុំការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រទេសវៀតណាម និងថៃ ប៉ុន្តែប្រទេសវៀតណាម និងថៃ ក៏ជួបបញ្ហាដូចកម្ពុជាផងដែរ។ ដោយឡែកនៅប្រទេសឡាវ តម្រូវឲ្យមានការកសាងបណ្តាញបន្ថែម។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កង្វះថាមពលអគ្គិសនីនេះមិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនីរហូតដល់ជាង ១ពាន់មេហ្គាវ៉ាត់ទៀត។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាកង្វះទឹកនេះ ប្រទេសថៃក៏បានធ្លាប់ជួបប្រទះផងដែរ រហូតមានការកម្រិតឲ្យមានការប្រើប្រាស់ទឹក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វះទឹក កង្វះថាមពលអគ្គិសនីនេះ មិនមែនជាគ្រោះមហន្តរាយរហូតដល់គ្រប់គ្រងមិនបាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគលើការផលិតថាមពលអគ្គិសនីមិនមែនជារឿងងាយស្រួលនោះទេ។ សម្តេចតេជោ បានលើកឡើងថា ការវិនិយោគលើការផលិតថាមពលអគ្គិសនីមិនមែនដូចការវិនិយោគលើផ្លូវនោះទេ គឺត្រូវឆ្លងដល់រដ្ឋសភា ហើយការផលិតថាមពលនេះទាមទារឲ្យមានការទិញទាំងអស់នៅពេលផលិតបាន។

* សម្តេចតេជោ បានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនីនេះវាយតម្លៃខុស ដោយសារតែកំណើននៃការប្រប្រាស់កើនហួសការរំពឹងទុក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរាជធានីភ្នំពេញនឹងមានអគារកម្ពស់ជាង ៦០ជាន់មួយទៀតក្នុងពេលឆាប់ៗខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឲ្យលោក អាត់ ធន់ បញ្ឈប់ការជំរុញកម្មករទាមទារប្រាក់បំណាច់ការងារ។

* សម្តេចតេជោ បានបញ្ជាក់ថា បើមានការបើកប្រាក់បំណាច់ការងារ ជូនកម្មករទាំងអស់នឹងតម្រូវឲ្យថៅកែបញ្ចេញថវិកាប្រមាណ ២ពាន់លានដុល្លារ ដែលជាការមិនអាចធ្វើទៅបាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃនេះទៅអភិបាលខណ្ឌមិនបាច់ចូលចាំស្តាប់សម្តេចក្នុងពិធីចែកសញ្ញាបត្រនោះទេ ព្រោះមានការងារច្រើនណាស់ត្រូវធ្វើ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖៥១នាទីនាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈ ទូរទស្សន៍ព័ត៌មាន Fresh News.៕