(ភ្នំពេញ)៖ លោក ឈិន ឈីវសុង (Chen Qiuxong) ប្រធានក្រុមហ៊ុន ហាប៊័រ រៀលអ៊ីស្ទេត (Harbour Real Estate) បានសម្រេចឧបត្ថម្ភថវិកា១លានដុល្លារ ដល់ក្រុមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ការធ្វើប្រតិបត្តិការជួយដល់ស្រ្តីក្រីក្រ ដែលខ្វះមេធាវីសម្រាប់ការពារក្តីជូនខ្លួន។
ការប្រកាសឧបត្ថម្ភថវិការបស់លោក ឈិន ឈីវសុង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពេលដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន។
បើតាម លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងពិធីនេះ លោក ឈីវ សុង បានជម្រាបជូនសម្តេចតេជោថា លោកបានមកកាន់កម្ពុជា ៥ឆ្នាំហើយ ហើយក៏បានសហការជាមួយលោក គី តិច និងឧកញ៉ា លី ប៉ោយូ រយៈពេល ៥ឆ្នាំមកហើយ។
លោកបន្តថា ក្នុងរយៈពេល៥ឆ្នាំមកនេះ លោកបានសង្កេតឃើញថា កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពពេញលេញ ហើយក៏កំពុងតែអភិវឌ្ឍផងដែរ។ «កម្ពុជាគឺមានសក្ដានុពលខ្លាំងណាស់ ហើយអ្វីដែលសម្ដេចកំពុងតែធ្វើនៅពេលនេះ ជាការលើកទឹកចិត្តដល់វិនិយោគិន មកវិនិយោគនៅកម្ពុជាថែមទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យលោក ឈីវ សុង បន្តការវិនិយោគនៅកម្ពុជាថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាប លោក ឈីវ សុង ដែរថា ថវិកាដែលទទួលបានពីលោកនៅពេលនេះ នឹងប្រគល់ជូនលោក គី តិច ដើម្បីប្រើប្រាស់ដំណើរការមេធាវី ជួយដល់ស្ត្រីក្រីក្រ និងស្រ្តីនៅក្នុងពន្ធនាគារ ដែលពុំទាន់បានកាត់ក្ដីនៅឡើយ។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ក្រុមមេធាវី ដែលបង្កើតឡើងនេះ ដើម្បីធ្វើសកម្មភាពជួយដល់ស្ត្រី ដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងព័ន្ធនាគារ។ សម្ដេចក៏បានជម្រាបជូនប្រតិភូលោក ឈីវ សុង ផងដែរថា ព្រឹកមិញនេះ សម្តេចបានណែនាំ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ធ្វើយ៉ាងណាជំរុញការងារនេះ ឲ្យបានឆាប់រហ័ស។
សូមបញ្ជាក់ថា ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ត្រូវបានបានបង្កើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដឹកនាំដោយលោក គី តិច។ នៅតាមខេត្តនីមួយៗ មានមេធាវី២រូបប្រចាំការ និងរាជធានី មានចំនួន៦រូបប្រចាំការ។ ក្នុងនោះ ក៏មានក្រុមអន្តរាគមន៍ក្នុងករណីបន្ទាន់ចំនួន៦រូបផ្សេងទៀត។
សរុបទាំងអស់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន មានចំនួន៦៧រូប។ ក្រុមមេធាវីនេះបង្កើតឡើង ក្នុងគោលដៅជួយដល់ស្ត្រីក្រីក្រទូទាំងប្រទេស ដែលទទួលរងនូវអំពើរំលោភបំពានតាមផ្លូវច្បាប់ ខ្វះការការពារសិទ្ធិ និងពុំមានលទ្ធភាពទទួលបានសេវាការពារពីមេធាវី។ មកដល់ពេលនេះក្រុមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន មានថវិកាប្រមាណ ៦,០០០លានរៀល ស្មើនឹងប្រមាណ ១លាន ៥០ម៉ឺនដុល្លារហើយ សម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់ខ្លួន៕