(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋមានការអត់ធ្មត់ យោគល់ចំពោះបញ្ហាដាច់ភ្លើង និងដាច់ទឹក នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗផងដែរ ដូច្នេះហើយដើម្បីដោះស្រាយ បញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ សម្ដេចស្នើឲ្យអ្នកដែលមានម៉ាស៊ីនភ្លើង ត្រូវបញ្ចេញមកប្រើប្រាស់បណ្ដោះអាសន្នសិន។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានពន្យល់ផងដែរថា ការដាច់ភ្លើងនេះ បណ្ដាលមកពីការកើនឡើងកម្តៅ ដែលធ្វើឲ្យវារីអគ្គិសនីមិនអាចដំណើរការបាន ហើយខ្វះថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ និងត្រូវបង្ខំចិត្តផ្អាកអគ្គិសនីនៅតំបន់នេះ ប៉ុន្ដែកង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្ម នៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនីរហូតដល់ជាង១ពាន់មេហ្គាវ៉ាត់ទៀត។
ការចេញមកពន្យល់របស់សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានធ្វើឡើងនៅព្រឹកនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី។ ពិធីប្រគល់នេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «វារីអគ្គិសនីទាំងអស់របស់យើង ដោយសារទឹកវាហួតហែង ធ្វើឲ្យវារីអគ្គិសនីរបស់យើង ទាញតួប៊ីនអត់រួច ដែលត្រូវបិទមួយចំនួនធ្វើឲ្យយើងកំពុងខ្វះអគ្គិសនីរហូតដល់៤០០មេហ្គាវ៉ាត់ ដូច្នេះហើយបានវាផ្គត់ផ្គង់អគ្គិសនីរបស់យើង មានការរអាក់រអួល។ រហូតឈានដល់កន្លែងខ្លះត្រូវបានស្នើសុំឲ្យមានការកាត់ផ្ដាច់ ផ្អាកការផ្គត់ផ្គង់ដើម្បីទៅផ្គត់ផ្គង់កន្លែងនេះ រួចហើយបន្ទាប់ទៅផ្គត់ផ្គង់កន្លែងនោះ»។
សម្ដេចតេជោបន្ដថា «សូមមេត្ដាអត់ធ្មត់ ក្នុងស្ថានភាពលំបាក ហើយកន្លែងណាដែលមានលទ្ធភាព គឺបញ្ចេញម៉ាស៊ីនភ្លើងយកមកប្រើប្រាស់។ ពិតហើយតែបញ្ឆេះម៉ាស៊ីនភ្លាមវាលឺសំឡេង វាមានផ្សែង ប៉ុន្ដែវាប្រសើរជាងយើងដុតចន្លុះ ដុតចង្កៀងប្រេងកាត [...] ខ្ញុំសូមឲ្យប្រជាពលរដ្ឋរបស់យើងមេត្ដាយោគយល់ការលំបាកនេះ»។
ដើម្បីឆ្លើយតបបញ្ហានេះជាបណ្ដោះអាសន្ន រាជរដ្ឋាភិបាលកម្ពុជា បានចរចាយកនាវាផ្ទុកម៉ាស៊ីនផលិតថាមពលអគ្គិសនីពីប្រទេសតួកគី មកផ្គត់ផ្គង់នៅប្រទេសកម្ពុជា ប៉ុន្ដែរហូតមកដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានការឆ្លើយតបពីភាគីតួកគីនៅឡើយទេ ខណៈអ្នកពាក់ព័ន្ធកំពុងតែខិតខំយ៉ាងសស្រាក់សស្រាំងលើការងារនេះ។
ទន្ទឹមគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងផងដែរថា នៅពេលនេះកម្ពុជា បានស្នើសុំការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រទេសវៀតណាម និងថៃ ប៉ុន្តែប្រទេសវៀតណាម និងថៃ ក៏ជួបបញ្ហាដូចកម្ពុជាផងដែរ។ ដោយឡែកនៅប្រទេសឡាវ តម្រូវឲ្យមានការកសាងបណ្តាញបន្ថែម។
សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះថា «យើងស្នើសុំទៅវៀតណាម ដើម្បីឲ្យជួយផ្គត់ផ្គង់បន្ថែម លើសពីអ្វីដែលកំពុងតែបញ្ជូនមក ២០០មេហ្គាវ៉ាត់ ប៉ុន្ដែវៀតណាមកំពុងតែជួបប្រទះបញ្ហាដូចយើងដែរ ប៉ុន្ដែវៀតណាមប្រើវារីអគ្គិសនីមិនជាច្រើនទៀត ក្រៅតែពីនៅហាន់ណូយ និងតំបន់មួយចំនួន ប៉ុន្ដែគាត់ប្រើធ្យូងថ្មរបស់គាត់ច្រើនជាង។ យើងស្នើសុំទៅថៃ ថៃក៏មានបញ្ហា យើងស្នើសុំទៅឡាវ ប៉ុន្ដែបណ្ដាញបញ្ជូនត្រូវការពេលវេលាសាងសង់»។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ការវិនិយោគលើការផលិតថាមពលអគ្គិសនី មិនមែនជារឿងងាយស្រួលនោះទេ ហើយការវិនិយោគលើការផលិតថាមពលអគ្គិសនី មិនមែនដូចការវិនិយោគលើផ្លូវនោះទេ គឺត្រូវឆ្លងដល់រដ្ឋសភា ហើយការផលិតថាមពលនេះ ទាមទារឲ្យមានការទិញទាំងអស់នៅពេលផលិតបាន។
ដោយឡែក សម្រាប់បញ្ហាកង្វះទឹកវិញ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋមានការសន្សំសំចៃ នៃការប្រើប្រាស់ទឹក ដែលចំណុចនេះសម្ដេចនៅតែបន្ដឲ្យប្រជាពលរដ្ឋមានការយោគយល់ ប៉ុន្ដែកត្តានេះមិនមែនជាគ្រោះមហន្ដរាយ ដែលសមត្ថកិច្ចគ្រប់គ្រងមិនបាននោះទេ តែនេះគ្រាន់តែស្នើសុំការយោគយល់ ហើយដំណោះស្រាយគឺនៅតែបន្ដមានជាបន្ដបន្ទាប់៕