(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ អភិបាលខណ្ឌទាំងឡាយ នៅក្នុងរាជធានីភ្នំពេញ មិនបាច់ចូលចាំស្ដាប់សម្ដេច ក្នុងពិធីចែកសញ្ញាបត្រទៀតនោះទេ ព្រោះថាអស់លោក មានការងារច្រើនណាស់ដែលត្រូវធ្វើ ដើម្បីបម្រើប្រជាពលរដ្ឋ។
ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុប១,៧០៩នាក់ ក្នុងនោះ មាននារី ៦៧៦នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពីថ្ងៃនេះទៅយកល្អ លោកអភិបាលខណ្ឌទាំងឡាយ មិនចាំបាច់មកចូលរួមអង្គុយស្ដាប់នៅនេះទេ អស់លោកមានការងារធ្វើហើយ ត្រូវធ្វើនៅខាងក្រៅ មកអង្គុយស្ដាប់ធ្វើអីទៀត...ចាប់ពីថ្ងៃនេះទៅ មិនបាច់មកទៀតទេ អាចមានអភិបាលរងមកមួយបានហើយ ក្រៅពីនោះ លោកខណ្ឌទាំងឡាយ មានការងារច្រើនណាស់ មកអង្គុយស្ដាប់អីនៅហ្នឹង»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ថ្ងៃក្រោយមិនបាច់មកទេ ព្រោះថា នេះគឺជាកម្មវិធីចែកសញ្ញាបត្រ ពួកអស់លោកមានការងារច្រើនណាស់ ដែលត្រូវធ្វើនៅខណ្ឌរបស់ពួកអស់លោក បើសិនជាពួកអស់លោក សុទ្ធតែជាមេៗខណ្ឌទាំងអស់ មកអង្គុយនៅទីនេះ តើបានអ្នកណាធ្វើការទៅ។
ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានប្រាប់ទៅដល់អ្នកហៅភ្ញៀវ ឲ្យចេះមើលភ្ញៀវផង កុំចេះតែហៅ និងអ្នកអមដំណើររបស់សម្ដេច ក៏មិនចាំបាច់ច្រើនពេកដែរ តែប៉ុន្មាននាក់ទៅបានហើយ ដើម្បីមានពេលធ្វើការ ព្រោះថា ទីចុងបំផុតមានតែសម្ដេចម្នាក់ទេ ដែលឡើងនិយាយ គ្មានអ្នកណាឡើងមកនិយាយនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ពិធីចែកសញ្ញាបត្រ មិនចាំបាច់អស់លោកអភិបាលខណ្ឌមកទេ ចាំសម្ដេចចុះទៅខណ្ឌរបស់អស់លោក ចាំមកអញ្ជើញចូលរួម ប៉ុន្ដែនៅពេលដែលសម្ដេចចែកសញ្ញាបត្រ មិនមែនតួនាទីរបស់អស់លោកមកអង្គុយស្ដាប់នោះទេ ព្រោះអស់លោកមានការងារច្រើន ដែលធ្វើនៅខាងក្រៅ មើលប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រជាពលរដ្ឋ៕