(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ និងសហការីឱ្យបញ្ឈប់ការជំរុញឱ្យកម្មករ-កម្មការិនី ដែលបានទាមទារប្រាក់បំណាច់ការងារ ហើយការទាមទារនេះវា នឹងច្បាប់ស្តីពីការងារ ដែលបានកំណត់ឱ្យបើកប្រាក់អតីតភាពការងារ របស់កម្មករ៦ខែម្តង ដូច្នេះ ថៅកែរោងចក្រ និងរាជរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហានេះបាននោះទេ។
ការមានប្រសាសន៍បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អញ្ចឹងខ្ញុំសូមអំពាវនាវ ចំពោះលោក អាត់ ធន់ សុំឱ្យសមាជិក សមាជិការបស់ខ្លួនឱ្យមានការយោគយល់ពីបញ្ហានេះ ហើយបន្តទទួលយកតាមច្បាប់ ដែលបានកំណត់ យើងកំពុងទាមទារខុសច្បាប់ យើងកំពុងទាមទារខុសច្បាប់ គឺមិនអាចដោះស្រាយជូនបានទេ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ត្រង់ចំណុចនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី ធ្លាប់លើកឡើងរួចមកហើយថា ចំពោះការទាមទារដែលខុសនឹងច្បាប់នេះ គឺមិនអាចដោះស្រាយបានដោយបើកប្រាក់អតីតភាពការងារជូនកម្មករ-កម្មការិនី ម្តងបានទាំងអស់នោះទេ។ ដូច្នេះ សូមក្មួយៗទាំងអស់ មេត្តាយោគយល់ផងដែរ ជាមួយគ្នានេះដែល កាលពីមុនមានកម្មករ-កម្មការិនី ប្រមាណ២០០០នាក់ ដែលបម្រើការនៅរោងចក្រ W&D បានប្រមូលផ្តុំគ្នាធ្វើកូដកម្ម មិនព្រមចូលធ្វើការអស់ជាច្រើនថ្ងៃមកហើយ ទាមទារឱ្យថៅកែរោងចក្របើកប្រាក់អតីតភាពការងាររបស់ពួកគេ ឱ្យនៅត្រឹមឆ្នាំ២០១៨ ប៉ុន្តែនៅពេលនេះនៅសល់តែ១០០នាក់ប៉ុណ្ណោះ ក្រៅពីនោះពួកគាត់បានទទួលចូលធ្វើការវិញ ដោយទទួលយកនូវការសម្របសម្រួលតាមផ្លូវច្បាប់ផងដែរ។
ត្រង់ចំណុចនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើកប្រាក់បំណាច់ការងារ ជូនកម្មករ-កម្មការិនី នោះថៅកែនឹងបញ្ចេញប្រាក់ប្រមាណ២ពាន់លានដុល្លារ នៅក្នុងមួយពេល ដូច្នេះសួរថាតើរោងចកក្រទាំងនោះវា នៅឈរជើងបានដែរ ឬទេ? ប្រាកដណាស់រោងចក្រទាំងនោះនឹងត្រូវរលំ អញ្ចឹងថៅកែរោងចក្រនឹងត្រូវរត់ចោលស្រុក រោងចក្រត្រូវបិទទ្វារ ដូច្នេះកម្មករ-កម្មការិនី នឹងបាត់បង់ការងារធ្វើជាក់ជាមិនខាន ត្រង់ន័យនេះសូមក្មួយៗកម្មករ-កម្មការិនី មេត្តាយោគយល់អំពីបញ្ហានេះ។ ករណីនេះប្រសិនបើដោះស្រាយបាន គេដោះស្រាយហើយ គេមិនចាំបាច់ឱ្យកម្មករនាំគ្នាធ្វើបាតុកម្មនោះទេ សូមក្មួៗ កុំបារម្មណ៍ប្រាក់របស់ខ្លួន នឹងមិនបាត់ទៅណាទេ ហើយមុននេះអត់ទាំងមានការទូទាត់ផង មានថៅកែរោងចក្ររត់ចោរ រាជរដ្ឋាភិបាលត្រូវបង់ខាតអស់២២លានដុល្លារ ដើម្បីយកប្រាក់ទាំងនេះ ទៅបើកឱ្យកម្មករ-កម្មការិនី។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា ក្រោយមកដោយសម្លឹងឃើញថាមានហានិភ័យកើតឡើង ប្រសិនបើជាយើង ទុកបណ្តោយរឿងនេះតទៅទៀតនោះ រាជរដ្ឋាភិបាលនឹងក្លាយជាជនរងគ្រោះក្នុងការផ្តល់ប្រាក់ សម្រាប់ទូទាត់ប្រាក់ ឱ្យទៅកម្មករ-កម្មការិនី ជំនួសឱ្យថៅកែដែលបានរត់ចោល អញ្ចឹងហើយបានជាយើងធ្វើវិសោធនកម្មច្បាប់ឱ្យធ្វើការទូទាត់៦ខែម្តង។ ប៉ុន្តែក្មួយៗមួយចំនួនបានឈាន ទៅហួសទារឱ្យថៅកែទូទាត់ផ្តាច់នូវប្រាក់បំណាច់ការងារខុសពីច្បាប់ការងារតែម្តង ដូច្នេះ សូមក្មួយៗដែលជាកម្មករ-កម្មការិនី មេត្តាយោគយល់ ដកខ្លួនថយពីមេសហជីពដែលញុះញង់ឱ្យធ្វើការបាតុកម្មទាមទារ។ បញ្ហាថៅកែរត់ចោលរោងចក្រ ដោយមិនបើកប្រាក់បៀវត្សរ៍ ប្រាក់អត្ថប្រយោជន៍ និងប្រាក់អតីតភាពការងារជូនកម្មករ-កម្មការិនីនេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រីអះអាងថា ជាបន្ទុកដ៏ធ្ងន់ធ្ងរមួយធ្លាក់មកលើរាជរដ្ឋាភិបាល ដែលបញ្ហានេះបានកើតមាន និងមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ។
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា កាលពីមីនា ឆ្នាំ២០១៨កន្លងទៅ បានធ្វើបុរេប្រទានជាទឹកប្រាក់ប្រមាណ ៤.៦លានដុល្លារអាមេរិកសម្រាប់ដោះស្រាយជូនកម្មករជាង ៤ពាន់នាក់ ដែលថៅកែរត់ចោល។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ក៏ធ្លាប់បានបញ្ជាក់ដែរថា ក្រសួងការងារបានរកឃើញរោងចក្រចំនួន៩ ដែលត្រូវថៅកែរត់ចោល ហើយមិនបើកប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ ក៏ដូចជាប្រាក់អតីតភាពការងារជូនកម្មករ៕