(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាបានស្នើសុំការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែម ពីប្រទេសវៀតណាម និងថៃ ប៉ុន្តែប្រទេសទាំងនេះ ក៏ជួបប្រទះបញ្ហាកង្វះខាតអគ្គិសនីដូចកម្ពុជាដែរ ហើយសម្តេចនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ចំពោះបញ្ហានេះ។
ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប១,៧០៩នាក់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងស្នើសុំទៅវៀតណាម ដើម្បីឲ្យជួយផ្គត់ផ្គង់បន្ថែម លើសពីអ្វីដែលធ្លាប់បានស្នើ គេកំពុងបញ្ជូនមក ២០០មេហ្កាវ៉ាត់ ប៉ុន្តែវៀតណាមក៏កំពុងជួបប្រទះបញ្ហាដូចយើងដែរ...។ យើងស្នើសុំទៅថៃ ថៃក៏មានបញ្ហា យើងស្នើសុំទៅឡាវ ប៉ុន្តែ (ឡាវប្រើ) បណ្តាញបញ្ជូន។ ឡាវមានអគ្គិសនី ប៉ុន្តែបណ្តាញបញ្ជូនត្រូវការពេលវេលាសាងសង់ ព្រោះយើងត្រូវការទាញអគ្គិសនីពីឡាវ មកផ្គត់ផ្គង់ឲ្យតំបន់ខាងព្រះវិហារទៅវិញ»។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនីនេះបានវាយតម្លៃខុស ដោយសារតែកំណើននៃការប្រប្រាស់ កើនហួសលើសពីការរំពឹងទុក។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេចតេជោ បានអះអាងថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនីរហូតដល់ជាង ១ពាន់មេហ្គាវ៉ាត់ទៀតឯណោះ។
សម្តេចបញ្ជាក់ថា «អញ្ចឹងបញ្ហានេះ នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង អត់ធ្មត់ជាមួយនឹងសភាពការណ៍ដ៏លំបាកនេះ តែវាមិនដល់កម្រិតទៅតំបន់ផលិតកម្ម ធ្វើឲ្យប៉ះពាល់ដល់តំបន់ផលិតកម្ម អត់ទេ។ យ៉ាងណាក៏យើងនៅមានភ្លើងជាង ១ពាន់មេហ្កាវ៉ាត់ កំពុងប្រើប្រាស់សព្វថ្ងៃនេះ...»។
ពេលនិយាយពីបញ្ហាខ្វះខាតអគ្គិសនី សម្តេចក៏បានលើកឡើងពីកង្វះខាតទឹកប្រើប្រាស់ផងដែរ។ ក្នុងន័យនេះ សម្តេចបានប្រាប់ឲ្យស្ថាប័ននានា ត្រូវចេះកម្រិតក្នុងការបើកម៉ាស៉ីនត្រជាក់ ព្រោះវាអាចកាត់បន្ថយនៃការប្រើប្រាស់អគ្គិសនី បានមួយកម្រិតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាកង្វះទឹកនេះ ប្រទេសថៃក៏បានធ្លាប់ជួបប្រទះផងដែរ រហូតមានការកម្រិតឲ្យមានការប្រើប្រាស់ទឹកទៀតផង។ សម្តេចតេជោ បានថ្លែងថា កង្វះទឹក កង្វះថាមពលអគ្គិសនីនេះ មិនមែនជាគ្រោះមហន្តរាយ រហូតដល់គ្រប់គ្រងមិនបាននោះទេ។
សម្តេចបញ្ជាក់បន្តថា «រឿងនេះមិនមែនជារឿងថ្មីថ្មោងសម្រាប់ប្រទេសនានាទេ ឆ្នាំណានោះនៅប្រទេសថៃ គឺគេកម្រិតនៃការប្រើប្រាស់ទឹកតែម្តង ថាត្រូវតែប្រើប៉ុន្មានម៉ែត្រគូប ប៉ុន្មានលីត្រក្នុងម្នាក់ រួចហើយគេកម្រិតទៀតនៅតាមស្ថានប័ន នៅតាមកន្លែងនានា ឲ្យបើកម៉ាស៉ីនត្រជាក់ប៉ុន្មានអង្សា។ យើងនៅទីនេះក៏ធ្វើដែរត្រូវខិតខំ តាមស្ថាប័ននានាដែលទម្លាក់ដល់ ១៦អង្សា ឬក៏១៨អង្សា យើងដំឡើងវាមក ២០ ឬ២៣ទៅ វាក៏កាត់បន្ថយនៃការប្រើប្រាស់អគ្គិសនីបានមួយកម្រិតដែរ។ ទឹកវាទាក់ទងនឹងអគ្គិសនីដែរ បានជាយើងសុំអំពាវនាវឲ្យមានការសន្សំសំចៃទឹក»។
អគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានពន្យល់ប្រជាពលរដ្ឋពីបញ្ហាអគ្គិសនីដែរ ជាក់ស្តែងដូចជាកាលពីឆ្នាំកន្លងទៅ ការផ្គត់ផ្គង់ថាមពលអគ្គិសនីបានមានស្ថិរភាព មិនសូវជួបការដាច់នោះឡើយ។ តែជាអកុសលសម្រាប់កម្ពុជានៅឆ្នាំនេះ បើទោះបីប្រភពផលិតថាមពលអគ្គិសនីបានបង្កើតច្រើន តែដោយសារបញ្ហាកើនឡើងកម្តៅថ្ងៃជាហេតុធ្វើប្រភពផ្តល់ថាមពលអគ្គិសនី ដែលប្រើប្រាស់កម្លាំងទឹក ដើម្បីបង្កើតថាមពលអគ្គិសនី មិនអាចផលិតថាមពលឲ្យអស់អានុភាពរបស់ខ្លួននោះឡើយ។
អគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា ការកើនឡើងកម្តៅនេះ បានធ្វើឲ្យទឹកដែលស្តុកនៅតាមវារីអគ្គិសនីនីមួយៗត្រូវហួតខុសពីធម្មតា ធ្វើឲ្យទឹកនៅក្នុងវារីអគ្គិសនីនោះ ក៏ចាប់ផ្តើមស្រកខ្លាំងទើបធ្វើឲ្យស្ថានីយវារីអគ្គិសនី មិនអាចផលិតថាមពលឲ្យគ្រប់តាមកម្លាំងរបស់ខ្លួននោះឡើយ ហើយក៏ជាហេតុធ្វើឲ្យការផលិតថាមពលអគ្គិសនីចែកចាយដល់អ្នកប្រើប្រាស់ មិនបានគ្រប់គ្រាន់តាមតម្រូវការផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុង ខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។
បើយោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹក ទុកទប់ទល់នឹងគ្រោះរាំងស្ងួត របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឥទ្ធិពលអែលណូនីនេះ ក៏នឹងធ្វើឲ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ -ល-។
តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ សំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះ រួមមាន៖
១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕