(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានព្រមានពីហានិភ័យនៃវិស័យកៅស៊ូរបស់កម្ពុជា (ក្រុមហ៊ុនចំការកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូ) ក៏ព្រោះតែពិបាកបន្តដំណើរទៅមុខទៀតបាន និងស្នើសុំឲ្យមានអន្តរាគមន៍ពីរាជរដ្ឋាភិបាល។

លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅពេលបច្ចុប្បន្នតម្លៃជ័រកៅស៊ូ នៅលើទីផ្សារអន្តរជាតិចុះថ្លៃខ្លាំង មកនៅត្រឹមតែជាង១,៣០០ដុល្លារក្នុង១តោន ខណៈថ្លៃដើមនៃការដាំដុះ និងការកែច្នៃកៅស៊ូក្រែបកម្ពុជា (CSR) ត្រូវចំណាយរហូតដល់ជិត១,៦០០ដុល្លារក្នុង១តោន ដូច្នេះហើយធ្វើឲ្យអ្នករកស៊ីលើការដាំដុះ និងកែច្នៃកៅស៊ូ ដើម្បីនាំចេញមិនទទួលបានផលចំណេញឡើយ តែអន្តរកាលកន្លងក្រុមហ៊ុនបានបោះទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់រួចមកហើយ ក៏ដូចជាដើម្បីមុខមាត់ក្រុមហ៊ុន ជាពិសេសដើម្បីបន្តលើស្ទួយវិស័យកសិឧស្សាហកម្មរបស់ជាតិ អ្នកវិនិយោគនៅតែបន្តការខិតខំប្រឹងប្រែងទាំងខាងបង់។

ប្រធានសមាគមរូបនេះបាននិយាយថា «បន្ថែមលើការលំបាកពីការធ្លាក់ចុះនៃតម្លៃកៅស៊ូលើទីផ្សារអន្តរជាតិ ការរត់ពន្ធជ័រកៅស៊ូដែលមិនទាន់កែច្នៃ ពីសំណាក់ឈ្មួញកណ្តាល បានចូលរួមចំណែករុញច្រានឲ្យវិស័យកៅស៊ូកម្ពុជា ប្រឈមនូវហានិភ័យយ៉ាងធ្ងន់ធ្ងរ»

ដើម្បីឲ្យវិស័យនេះ មានលទ្ធភាពរស់បានសមាគម សូមស្នើរាជរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហាធំៗចំនួន៤គឺ៖ ១៖ស្នើសុំព្យួរអាករនាំចេញ ដែលកំពង់អនុវត្តបច្ចុប្បន្ន (តម្លៃលក់ជ័រកៅស៊ូពី១០០០ដល់២០០០ដុល្លារកំណត់ឲ្យបង់៥០ដុល្លារក្នុងមួយតោន)។ ទី២៖ ស្នើសុំរួចពន្ធកាត់ទុក ឬពន្ធផ្សេងៗលើការជួលកម្មករម៉ៅការ ៣៖ស្នើសុំឲ្យអគ្គនាយកដ្ឋានពន្ធដារ ចុះបិទបញ្ជី១ឆ្នាំម្តងៗ។ ៤៖ សុំឲ្យជួយពង្រឹងការទប់ស្កាត់ការរត់ពន្ធឆ្លងដែនខុសច្បាប់ជ័រកៅស៊ូ ដែលមិនទាន់កែច្នៃ។

ត្រង់ចំណុចស្នើសុំទី១ ការព្យួរពន្ធនាំចេញ លោក ម៉ែន សុភ័ក្រ ពន្យល់ថាជាកត្តាសំខាន់បំផុត ដើម្បីជួយសម្រួលដល់បញ្ហាប្រឈម ចំពោះមុខដល់វិស័យកៅស៊ូកម្ពុជា។ លោកបន្តថា ដោយសារតម្លៃកៅស៊ូលើទីផ្សារពិភពលោក មានការធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣កន្លងមក និងជាពិសេសក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ បានបណ្តាលឲ្យវិស័យកៅស៊ូកម្ពុជា ស្ថិតនៅលើដំណាក់កាលចុងក្រោយ នៃការកំណត់ជោគវាសនារបស់ខ្លួន ដូច្នេះអត្រារអាករនាំចេញ៥០ដុល្លារក្នុង១តោន ចំពោះការនាំចេញកៅស៊ូ ក្នុងចន្លោះតម្លៃ១,០០០ដុល្លារ ទៅ ២,០០០ដុល្លារ គួរតែត្រូវបានព្យួរទុកសិន ដើម្បីជួយសម្រួលស្ថានភាពនេះ។ ការបន្តកំណត់អាករនាំចេញជ័រកៅស៊ូ (ជាពិសេសនៅក្នុងកាលៈទេសៈនេះ) គឺអាចមានផលប៉ះពាល់ផ្ទាល់ដល់កសិករដាំកៅស៊ូ ព្រោះថាបច្ចុប្បន្ននៅមានរោងចក្រផលិតជ័រកៅស៊ូខ្លះ នៅបន្តដំណើរការទិញជ័រកៅស៊ូមិនទាន់កែច្នៃ ដើម្បីផលិតកៅស៊ូក្រែប ដែលជួយពង្រឹងការប្រកួតប្រជែងតំលៃជ័រកៅស៊ូ ដែលកសិករត្រូវលក់តែប្រសិនបើរោងចក្រទាំងនោះ បង្ខំចិតត្រូវផ្អាកដំណើការទៀតនោះ នឹងបើកដៃឲ្យឈ្មួញទុច្ចរិតគ្រប់គ្រងថ្លៃទិញតាមចិត្ត លើសពីនេះទៀតប្រសិនបើក្រុមហ៊ុនចំការកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូផ្អាកដំណើការ រដ្ឋមិនត្រឹមតែបាត់ចំណូលជាតិនោះទេ តែក៏នឹងត្រូវប្រឈមទៅនឹងបញ្ហាសង្គមផងដែរ។ ឧទារហណ៍ ចំការកៅស៊ូឧស្សាហកម្ម ក្នុងប្រទេសកម្ពុជាបានអភិវឌ្ឍន៍ដាំកៅស៊ូប្រមាណ៧០% នៃបរិមាណកៅស៊ូដែលដាំសរុបក្នុងប្រទេស ហើយបានជួលបុគ្គលិកកម្មកររាប់មឺននាក់ ដូច្នេះហានិភ័យដែលវិស័យកៅស៊ូកំពុងជួបប្រទះ គឺក៏ដូចជាហានិភ័យនៃអនាគតជីវភាពរស់នៅ របស់បុគ្គលិកកម្មករទាំងនោះផងដែរ។

លោកបញ្ជាក់បន្ថែមថា អ្នកកែច្នៃដែលមានកាព្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋគ្រប់បែបយ៉ាង ស្របតាមច្បាប់មិនមានលទ្ធភាពទិញជ័រកៅស៊ូមិនទាន់កែច្នៃ (ជ័រទឹក ជ័រចាន) ក្នុងតម្លៃប្រកួតប្រជែងជាមួយឈ្មួញកណ្តាល ដែលរត់ពន្ធឆ្លងដែនខុសច្បាប់នោះឡើយ ព្រោះការចំណាយរបស់ខ្លួន មានវិសាលភាពធំជាង (ត្រូវបង់ពន្ធគ្រប់ប្រភេទ ត្រូវទទួលខុសត្រូវការចំណាយពាក់ព័ន្ធ សំរាប់ចូលរួមអភិវឌ្ឍន៍សង្គម) ដូច្នេះបើយើងពិនិត្យមើលឲ្យដល់ទៅ ការបណ្តែតបណ្តោយឲ្យមានការបន្តរត់ពន្ធឆ្លងដែនខុសច្បាប់ នូវជ័រកៅស៊ូមិនទាន់កែច្នៃនឹងមិនត្រឹមតែធ្វើឲ្យរដ្ឋបាត់បង់ចំណូលជាតិនោះទេ តែវាថែមទាំងបង្ករលទ្ធភាពឲ្យឈ្មួញទាំងនោះ មានលទ្ធភាពខ្ពស់ជាងក្នុងការប្រកួតប្រជែង ទិញជ័រមិនទាន់កែច្នៃពីកសិក ហើយបើកាលណារោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងស្រុកមិនមានលទ្ធភាពប្រកួតប្រជែងជាមួយអ្នកទាំងនោះ ត្រូវតែបង្ខំចិត្តបិតទ្វាររោងចក្រ។

ប្រធានសមាគមរូបនេះក៏បានឲ្យដឹងបន្ថែមទៀតថា នៅប្រទេសជិតខាងរបស់កម្ពុជា ដូចជាវៀតណាមជាដើម គេឈប់យកពន្ធលើការនាំចេញជ័រកៅស៊ូហើយ ប៉ុន្តែសម្រាប់អ្នកផលឹតនិងនាំចេញជ័រកៅស៊ូកម្ពុជា មិនបានស្នើមិនឲ្យយកពន្ធនាំចេញទេគ្រាន់តែសុំព្យួរសិន ហើយបើតម្លៃកៅស៊ូក្នុងកិច្ចសន្យាទិញលក់ លើសពី២០០០ដុល្លារក្នុង១តោននោះ គឺសូមឲ្យរដ្ឋគិត១០០ដុល្លារក្នុង១តោនដូចធម្មតាចុះ។

នៅពេលសួរថា តើសមាគមធានាទេថា ប្រសិនបើរាជរដ្ឋាភិបាលសម្រេចព្យួរអាករនាំចេញកៅស៊ូនោះ តើវិស័យនេះនឹងបន្តដំណើរដោយរលូនទៅមុខឬយ៉ាងណា? ប្រធានសមាគមរូបនេះអះអាងថា វាពិតជាអាចសម្រួលបន្ទុក ដល់អ្នកវិនិយោគលើវិស័យកៅស៊ូបានច្រើនជាពិសេស នៅក្នុងអន្តរកាលដែលវិស័យនេះ កំពុងជួបប្រទះនូវហានិភ័យដូចបានរៀបរាប់ខាងលើ។ លោកថា នៅពេលដែលចំការកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូនៅបន្តដំណើរការ វានឹងបន្តផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាល តាមរយៈការបង់ពន្ធជាប្រចាំ ប្រជាពលរដ្ឋមានការងារធ្វើ កាន់បន្ថយការធ្វើចំណាកស្រុក និងការពារឧស្សាហកម្មកៅស៊ូ ដែលមានប្រវត្តិនៅកម្ពុជា អាចរក្សាឈ្មោះលើឆាកអន្តរជាតិ។

ចំពោះសំណើទី២ គឺស្នើសុំរួចពន្ធកាត់ទុក ឬពន្ធផ្សេងៗលើការជួលកម្មករម៉ៅការ លោក សុភ័ក្រ លើកឡើងថា ជាកត្តាដ៏សំខាន់ក្នុងអាជីវកម្មនេះផងដែរ ព្រោះកម្លាំងពលកម្មកាន់តែមានតម្លៃថ្លៃទៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យកម្មករក្នុងឧស្សាហកម្មនេះខ្វះខាត និងពិបាករក។ ដូច្នេះប្រសិនបើរដ្ឋលុបចោលពន្ធនេះ ក្រុមហ៊ុនចំការកៅស៊ូ និងថៅកែរោងចក្រមានលទ្ធភាពដំឡើងប្រាក់ឈ្មួលដល់កម្មករ ទាក់ទាញបានកម្មករមកវិញ មិនឲ្យរត់ទៅរកវិស័យផ្សេង។ សំណើទី៣ គឺស្នើសុំឲ្យពន្ធដារចុះបិទបញ្ជីក្នុង១ឆ្នាំម្តង ដោយកុំទុកឲ្យគនឆ្នាំ ដែលនាំឲ្យការបង់ពន្ធ ឬកំណត់ពន្ធជួបបញ្ហា និងសំណើរទី៤ គឺការស្នើសុំឲ្យជួយពង្រឹងការទប់ស្កាត់ការរត់ពន្ធឆ្លងដែនខុសច្បាប់ជ័រកៅស៊ូ ដែលមិនទាន់កែច្នៃ ព្រោះនាំឲ្យខាតបង់ដល់ឧស្សាហកម្មនេះធ្ងន់ធ្ងរ។

លោកបន្តថា ការសំណើទាំង៤នេះ ត្រូវបានសមាគមដាក់ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន រួចហើយ។ លោកប្រធានសមាគមកៅស៊ូកម្ពុជា បានបង្ហាញនូវក្តីជឿជាក់ថា នៅក្នុងវេទិកាសាធារណៈរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងពិនិត្យ និងសម្រេចតាមការស្នើសុំដើម្បីឲ្យវិស័យកៅស៊ូមានដង្ហើមរស់បន្តទៅមុខទៀត។

សូមជម្រាបថា ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តដាស់តឿនដល់ក្រសួងស្ថាប័នពាក់ ឲ្យបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំ កៅស៊ូដល់កសិករដាំកៅស៊ូ ឱ្យបានច្រើនថែមទៀត ត្រូវបន្តពង្រីក សហគមន៍កៅស៊ូគ្រួសារ ដើម្បីការញរផលប្រយោជន៍ កសិករនៅ ពេលលក់ផលិតផលកៅស៊ូទាំងនោះ។ សម្តេចបន្តជំរុញការវិនិយោគលើការដាំដុះនិងកែច្នៃផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ៕