(ភ្នំពេញ)៖ ក្រុមហ៊ុនប្រសិទ្ធ សូលូសិន (Proseth Solution) បានរៀបចំព្រឹត្តិការណ៍ IT Professional and Career ជាលើកទី២ ក្នុងឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល CKCC ដោយមានការសហការពីក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Huawei, ក្រុមហ៊ុន Fortinet, ក្រុមហ៊ុន VSTECS និង Pacific Tech System និងមានការចូលរួមពីយុវជន និងនិស្សិត ប្រមាណជាង ៦០០នាក់។

ក្នុងឱកាសនោះ លោក សុត រតនៈ នាយកប្រតិបត្តិក្រុមហ៊ុនប្រសិទ្ធ សូលូសិន បានថ្លែងថា លោកមានសេចក្តីរីករាយណាស់ ដែលឃើញមានអ្នកចូលរួមជាច្រើនរយនាក់ នៅព្រឹត្តិការណ៍ IT Professional and Career ជាលើកទី២នេះ។ លោកថា ព្រឹត្តិការណ៍នេះមានគោលបំណងចែករំលែកបច្ចេកវិទ្យាថ្មីៗ និងបទពិសោធន៍សម្រាប់សិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុន ដែលចាប់អាជីពជាអ្នកព័ត៌មានវិទ្យា ឲ្យទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗ សម្រាប់យកទៅពិចារណា, វិភាគ, ស្រាវជ្រាវ និងអនុវត្តន៍បន្តទៀត។

លោក សុត រតនៈ បានបន្តថា ក្រុមហ៊ុនប្រសិទ្ធ សូលូសិន គឺជាក្រុមហ៊ុនក្នុងស្រុកមួយនៃវិស័យព័ត៌មានវិទ្យា ដែលបានដំណើរការកាលពីឆ្នាំ២០១៣។ ក្នុងរយៈពេលដំណើរការកន្លងមក លោកមានមោទកភាពយ៉ាងខ្លាំង ដោយសារបុគ្គលិកក្នុងក្រុមហ៊ុននេះ សុទ្ធតែជាមនុស្សមានសមត្ថភាពហើយនៅវ័យក្មេង ជាពិសេសមានអ្នកខ្លះនៅរៀននៅមហាវិទ្យាល័យនៅឡើយ ប៉ុន្តែគាត់បានជួយឲ្យក្រុមហ៊ុនរីកចម្រើនយ៉ាងលឿន លើសពីអ្វីដែលលោករំពឹងទុកទៅទៀត។

ជាចុងក្រោយ លោក សុត រតនៈ បានថ្លែងអំណគុណដល់ក្រុមហ៊ុនជាដៃគូ និងអ្នកបានចូលរួមទាំងអស់ ដែលបានធ្វើអោយព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ លោកបញ្ជាក់ដែរថា ក្រុមហ៊ុនប្រសិទ្ធ សូលូសិន ក៏មានរើសបុគ្គលិកជាច្រើនផ្នែកផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ IT Professional and Career ក៏មានការចូលរួមពីអ្នកជំនាញមកពីក្រុមហ៊ុនធំៗ ដូចជា៖

១៖ លោក Pathom Suksathit ដែលជា Fortinet Channel Account Manager ប្រចាំ Mynmar, Cambodia និង Laos ដែលលោកបានឡើងចែករំលែកអំពីបច្ចេកវិទ្យា សុវត្ថិភាព Data Center ក៏ដូចជាជំនាញតម្រូវការលើទីផ្សារ ទាំង Soft Skill និង Hard Skill។

២៖ លោក Sokkhiang So ដែលជា System Engineer មកពីក្រុមហ៊ុន VSTECS បានឡើងចែករំលែកអំពីវិធីសាស្រ្តការពារប្រព័ន្ធកំព្យូទ័រពីពួក Ransomeware, ការបែកធ្លាយនៃឯកសារ ជាមួយបច្ចេកវិទ្យារបស់ Symantec។

៣៖ លោក Dol Moun ដែលទទួលបាន Cisco CCIE ក៏បានចែករំលែកនូវបទពិសោទធន៍ផ្ទាល់ខ្លួន និងវិធីសាស្រ្តទទួលបាន CCIE ផងដែរ។

ជាមួយគ្នានេះ ក៏មានវាគ្មិនមកពីក្រុមហ៊ុន Huawei គឺលោក Duan Frank និងលោក Wu Ka Wai បានចែករំលែកនូវការវិវត្តនៃ Traditional Technology មកកាន់បច្ចេកវិទ្យា Digital Transformation ដែលមានដូចជា IoT, Digital Cities, AI, Big Data, 5G Broadband និងការសិក្សាបច្ចេកវទ្យា Huawei តាមរយៈដៃគូរបស់ Huawei (HALP) ដែលជាផ្នែកនៃការសិក្សាសម្រាប់ក្លាយខ្លួនទៅជាអ្នកជំនាញ IT៕