(ត្បូងឃ្មុំ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាសតឿនដល់ជនជាប់ឃុំ នៅក្នុងពន្ធនាគារខេត្តកំពង់ចាម និងពន្ធនាគារខេត្តត្បូងឃ្មុំទាំងអស់ ត្រូវកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អមួយរូប នៅក្នុងសង្គម បន្ទាប់អនុវត្តទោសរួចជាស្ថាពរ។

ការដាស់តឿនបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ចុះសំណេះសំណាល និងសួរសុខទុក្ខជនជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជាមួយនឹងការចុះសួរសុខទុក្ខនោះ លោកក៏បាននាំអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនមន្រ្តី និងជនជាប់ឃុំ ក្នុងពន្ធនាគារនេះផងដែរ។

លោក កែវ រ៉េមី បានបន្តថា សម្តេចនាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ដល់បងប្អូនគ្រប់ស្រទាប់វណ្ណៈ ទោះបីកំពុងជាប់ឃុំនេះក្តី ពិសេសអ្នកទោសជាស្ត្រី ដូច្នេះសូមកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អ ដែលរស់នៅលើទឹកដីសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ។

លោកបន្តថា ជនជាប់ឃុំមួយចំនួនធំ គឺពាក់ព័ន្ធនឹងគ្រឿងញៀន។ ដូច្នេះពេលស្ថិតក្នុងមណ្ឌលកែប្រែ សូមព្យាមយាផ្តាច់ឱ្យបាន ហើយពេលចេញ ទៅវិញត្រូវចៀសឱ្យឆ្ងាយព្រោះគ្រឿងញៀន វាបំផ្លាញខ្លួនយើង គ្រួសារ បងប្អូន និងសង្គមជាតិទាំងមូល។ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះអ្នកគ្រប់គ្រងពន្ធនាគារខេត្តទាំង២នេះ ដែលរៀបចំឱ្យមានបណ្ណាល័យ កន្លែងហាត់ប្រាណ ពិសេសការសិក្សាជំនាញវិជ្ជាជីវៈផ្សេងៗ ដល់ជនជាប់ឃុំទាំងអស់ដែលជាប្រយោជន៍ ដើម្បីពួកគេមានជំនាញពេលចេញទៅវិញ។

បើតាមរបាយការណ៍របស់លោក ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ពន្ធនាគារមានជនជាប់ឃុំទាំង២ខេត្តមានចំនួន១៨២៥នាក់ ក្នុងនោះមានស្រី១២៨នាក់។

ជាមួយនឹងអ្នកទោសខាងលើពន្ធនាគារមាន បណ្ណាល័យ និងអនុញ្ញាតឱ្យខ្ចីសៀវភៅទៅអានក្នុងបន្ទប់ឃុំឃាំង។ មានបង្រៀនអក្ខរកម្ម អប់រំស្តីពីនិតិវិធី ជនជាប់ឃុំ បទបញ្ជាផ្ទៃក្នុង កម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា និងការងារសិប្បកម្មផ្សេងៗទៀត ដល់ជនជាប់ឃុំផងដែរ។ ក្រៅពីនោះពន្ធនាគារ ក៏បានគិតគូរជាប្រចាំដល់សុខភាពជនជាប់ឃុំទាំងអស់ ដោយធ្វើកិច្ចសហការជាមួយពេទ្យអរុណរះ និងពេទ្យលីកាដូ ក្នុងការពិនិត្យសុខភាពដល់ជនជាប់ឃុំ និងមានការចែករបបអាហាររូបត្ថម្ភផងដែរ៕