(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ក្នុងរយៈពេល០៥ឆ្នាំកន្លងមកនេះ ការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ បានកើនទ្បើងលើសផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលជាទូទៅបានកើនទ្បើងប្រមាណ២០%ជារៀងរាល់ឆ្នាំ។
លោកបញ្ជាក់ទៀតថា លទ្ធផលសម្រេចបាននេះ គឺអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានក្នុងបរិបទមួយដែលរាជរដ្ឋាភិបាល មានគោលនយោបាយមិន មានការបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មី ដោយត្រូវពង្រឹងច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារមានស្រាប់ និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យអស់លទ្ធភាពសក្កានុពល។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធីបតីក្នុងសិក្ខាសាលាស្ដីពី «ការទទួលស្គាល់ និងកាតព្វកិច្ចមួយចំនួនរបស់ភ្នាក់ងារផ្គត់ផ្គង់ទំនិញឬសេវា ក្នុងនាមសហគ្រាសដើម និងកាតព្វកិច្ចពន្ធលើប្រាក់ចំណូល» នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។
លោកអគ្គនាយក ក៏បានថ្លែងអំណរគុណចំពោះ ដល់សហគ្រាសជាអ្នកជាប់ពន្ធទាំងឡាយ ដែលបានចូលរួមចំណែក ក្នុងបុព្វហេតុនៃការធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ តាមរយៈការបំពេញកាតព្វកិច្ចសារពើពន្ធ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារជាធរមាន ដែលនេះជាកត្តាជំរុញឱ្យមានការសម្រេច បាននូវសមិទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូល ដូចបានជម្រាបជូនខាងលើនេះ និងធ្វើការលើកទឹកចិត្ត អ្នកជាប់ពន្ធទាំងអស់ចូលរួមប្រើប្រាស់ នូវប្រព័ន្ធនិងកម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យទទួលបានសេវា អ្នកជាប់ពន្ធដែលមានភាពសាមញ្ញ ងាយស្រួល មានគុណភាព ប្រកបដោយតម្លាភាព និងមានភាពឆាប់រហ័ស ជាពិសេសថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម។
លោកបន្តថា សហគ្រាសទាំងឡាយដែលពុំទាន់ បានធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ត្រូវមកធ្វើបច្ចុប្បន្នភាព ដើម្បីជាប្រយោជន៍ទទួលបាននូវសេវា ដូចបានរៀបរាប់ខាងលើ។ ក្នុងនាម ជាអ្នកគ្រប់គ្រងប្រមូលពន្ធជូនរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារគឺចង់ឃើញសហគ្រាសរីកចម្រើន លូតលាស់ ធំធាត់ មានប្រាក់ចំណេញ និងប្រកាសមានប្រាក់ចំណេញបង់ជូនរដ្ឋ និងពិតជាមិនចង់ឃើញសហគ្រាសប្រកាសខាត បង់ពន្ធខ្វះ មានបញ្ជីគណនេយ្យ ២ឬ៣នោះទេ ដោយរំពឹងថានឹងមិនមានការកិបកេងបន្លំពន្ធ ហើយរងការកំណត់ពន្ធឡើងវិញ ទទួលរងពិន័យ ទោសទណ្ឌ ព្រមទាំងការប្រាក់នោះទេ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានធ្វើកំណែទម្រង់គោលនយោបាយរបស់ខ្លួនផងដែរ ដែលក្នុងរយៈពេល០៥ឆ្នាំចុងក្រោយនេះ តាមរយៈការដាក់ចេញ និងចូលរួមអនុវត្តនូវបទប្បញ្ញត្តិ សម្រាប់សម្រួលដល់អ្នកជាប់ពន្ធ ដែលធ្វើធុរកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍នាពេលថ្មីៗនេះ មានការដាក់ចេញនូវបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
* ប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្ដីពីសវនកម្មពន្ធដារ
* ប្រកាសលេខ ៥៩៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ដីពីការទទួលស្គាល់ និងកាតព្វកិច្ចមួយចំនួនរបស់ភ្នាក់ងារផ្គត់ផ្គង់ទំនិញឬសេវា ក្នុងនាមសហគ្រាសដើម
* ប្រកាសលេខ ២៥២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ។
* សេចក្ដីណែនាំលេខ ១៥៤៣ អពដ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ដីពីនីតិវិធីនៃការដាក់ពាក្យស្នើសុំការទទួលស្គាល់ ការប្រើប្រាស់វិក្កយបត្រ និងកាតព្វកិច្ចពន្ធមួយចំនួន របស់ភ្នាក់ងារផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើម
* សេចក្ដីណែនាំលេខ ៤៩០៨ អពដ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលក្នុងវិក្កយបត្រសម្រាប់អ្នកជាប់ពន្ធដែលបានចុះបញ្ជីពន្ធដារតាមរបបស្វ័យប្រកាស និង
* សេចក្ដីណែនាំលេខ ៤៩០៩ អពដ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ដីពីកម្ចីការប្រាក់រវាងបុគ្គលទាក់ទិន។
សម្រាប់ឆ្នាំ ២០១៩ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យបានលើសផែនការ ឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវទិសដៅអនុវត្តបន្តរបស់ខ្លួន ដូចខាងក្រោម៖
* រៀបចំនីតិវិធីទទួលពាក្យស្នើសុំ និងចេញលិខិតបញ្ជាក់ភ្នាក់ងារផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងនាមសហគ្រាសដើម តាមប្រព័ន្ធអនឡាញ ដើម្បីផ្ដល់នូវភាពងាយស្រួល ដល់ការបំពេញកាតព្វកិច្ចសារពើពន្ធ ដល់ភ្នាក់ងារផ្គត់ផ្គង់ទំនិញឬសេវា ក្នុងនាមសហគ្រាសដើម
* ពិនិត្យ និងសិក្សាលទ្ធភាពរៀបចំយន្តការជាតិ សម្រាប់ការចុះបញ្ជីប្រកបអាជីវកម្ម (National Business Registration Platform) ដោយប្រើប្រាស់មូលដ្ឋានតែមួយ (Single Platform)
* ពិនិត្យ និងសិក្សាលទ្ធភាពរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cash Receipt System សម្រាប់ប្រតិបត្តិការជាមួយអតិថិជនទូទៅ (Business-to-Customer) និង
* ពិនិត្យ និងសិក្សាលទ្ធភាពរៀបចំ BIG DATA Center (National Integrated Data Center) ដែលតភ្ជាប់បណ្តាញគ្រប់គ្រង និងចែករំលែកទិន្នន័យជាមួយនឹង ក្រសួងស្ថាប័នពាក់ព័ន្ធនានា៕