(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃពិចារណា ដាក់ចេញវិធានការកំណែទម្រង់ការប្រឡងប្រណាំង ដើម្បីឲ្យគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពមានប្រសិទ្ធភាពឡើងវិញ។ មានន័យថា «យើងឲ្យរង្វាន់ដល់រាជធានី ខេត្ត ខណ្ឌ ស្រុកនូវចំណាត់ថ្នាក់ ដើម្បីផ្តល់ជូនរង្វាន់ចាប់ពីលេខ១ដល់៣ ឬដល់៥ ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើ ហើយជាការរំលឹកដាស់តឿនដល់អ្នកដែលមិនធ្វើ ឬអ្នកធ្វើមិនទាន់បានល្អ»។
សម្តេចក្រឡាហោម ក៏បានគាំទ្រនូវវិធានការរបស់រដ្ឋបាលរាជធានី លើបញ្ហារៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តកន្លងមក។
សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩ នារសៀល១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងទី១៩ ខែមីនា ឆ្នាំ២០១៩។ ពិធីក៏មានការអញ្ជើញចូលរួមរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម បានស្នើឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អនុវត្តឲ្យបាននូវវិធានការហាមឃាត់រថយន្តធំ មិនឲ្យចូលក្រុង ហើយត្រូវសហការជាស្ថាប័នជំនាញ ចុះត្រួតពិនត្យលើអ្នកបើកបររថយន្តធំ ដើម្បីធ្វើតេស្តរកសារធាតុញៀន ដែលអាចយ៉ាងតិច១០ភាគរយ នៃបើករថយន្តធំ មានផ្ទុកនូវសារធាតុញៀន។
សន្និបាតក៏មានការចូលរួមពីលោក លោកស្រី ជាអភិបាលរងរាជធានី មន្ត្រីរដ្ឋបាលរាជធានី ប្រធានតុលាការដំបូង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ស្នងការរាជធានីអភិបាលខណ្ឌ-អភិបាលរងខណ្ឌទាំង១២ មេបញ្ជាការខណ្ឌ អធិការខណ្ឌទាំង១២ ចៅសង្កាត់ នាយប៉ុស្តិ៍ទាំង១០៥ ព្រមទាំងប្រធានមន្ទីរចំណុះជំនាញជុំវិញសាលារាជធានី សរុបប្រមាណ៤៥០នាក់។
ដើម្បីរំលេចឲ្យឃើញនូវសមិទ្ធផលនានា ដែលជាស្នាដៃសម្រេចបានរបស់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ច ក្នុងឆ្នាំ២០១៨ រួមទាំងបណ្តាចំណុចប្រឈម ដែលបាននិងកំពុងជួបប្រទះ ដើម្បីសម្រេចដាក់ចេញ និងកំណត់ជាទិសដៅ អនុវត្តបន្តនាឆ្នាំ២០១៩នេះ ឲ្យកាន់តែមានប្រសិទ្ឋភាព និងមានការរីកចំរើនក្នុងដែនសមត្ថកិច្ច នៃរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងលើកទិសដៅការងារឆ្នាំថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់រដ្ឋបាលរាជធានីធ្វើយ៉ាងណាអោយមូលដ្ឋានទាំងមូលមានការ អភិវឌ្ឃន៍រីកចំរើន រួមទាំងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ទទួលបានភាពល្អប្រសើរ ពិសេសធ្វើយ៉ាងណាអនុវត្តអោយបាន៩ចំណុចវដែលធ្វើឲ្យភូមិ-ឃុំមានសុវត្ថិភាព។
ក្នុងឱកាសនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញនេះនឹងប្រើប្រាស់រយៈពេល២ថ្ងៃ ដោយជ្រើសរើសប្រធានបទចំនួន៤ចំណុចមកពិភាក្សា ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយ យកមកអនុវត្តការងារនៅឆ្នាំ២០១៩អោយបានល្អ ក្នុងនោះរួមមាន ការពិភាក្សា៖
*ទី១៖ គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពនិងបញ្ហាចរាចរ
*ទី២៖ បញ្ហាអនាម័យ បរិស្ថាន បញ្ហាសំរាម
*ទី៣៖ ការសម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ
*ទី៤៖ បញ្ហាប្រឡាយលូនិងសំណង់ខុសច្បាប់។
អង្គសន្និបាតប្រារព្ឋធ្វើរយៈពេល២ថ្ងៃ គឺនៅពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០១៩ នាសាលារាជធានីភ្នំពេញ៕