(ភ្នំពេញ)៖ កងទ័ពកម្ពុជា-អាមេរិក បានព្រមព្រៀងគ្នា សម្រាប់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រយៈពេល១ឆ្នាំ ២០១៩-២០២០ ដោយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ផ្តោតសំខាន់លើ កិច្ចការមនុស្សធម៌ ការអប់រំ និងការហ្វឹកហ្វឺន។
ការព្រមព្រៀងគ្នានេះ បានធ្វើឡើងក្នុងកិច្ចសន្ទនាមួយ នៅក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ដែលភាគីក្រសួងការពារជាតិកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Coordination Cooperation Group MCCG) ដោយឡែក កងទ័ពសហរដ្ឋអាមេរិក ដឹកនាំដោយ វរសេនីឯក Scott Burnside ប្រធានផ្នែកគោលនយោបាយអាស៊ីអាគ្នេយ៍ នៃបញ្ជាការ ដ្នានប៉ាស៊ីហ្វិក-អាមេរិក។
កិច្ចសន្ទនាយោធាទ្វេភាគីកម្ពុជា-អាមេរិក គឺជាកិច្ចប្រជុំប្រចាំឆ្នាំ រវាងក្រសួងការពារជាតិកម្ពុជា ជាមួយទីបញ្ជាការ ឥណ្ឌូ-ប៉ាស៊ីហ្វីក សហរដ្ឋ អាមេរិក ប្រចាំនៅរដ្ឋហាវៃ។
តាមការអះអាងរបស់ឧត្តមសេនីយ៍ឯក សួន សំណាង តាមរយៈគេហទំព័របស់ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំឆ្នាំនេះមានកិច្ចព្រមព្រៀង លើកម្មវិធីមួយចំនួន ដែលភាគច្រើនពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ ផ្តល់ការហ្វឹកហ្វឺន និង បណ្តុះបណ្តាលដល់ កងយោធពលខេរមភូមិន្ទ ក្នុងនោះរួមមាន៖ ការផ្តល់ការហ្វឹកហ្វឺនដល់កងកម្លាំង ប្រតិបត្តិការ រក្សា សន្តិភាព របស់កម្ពុជា មុនពេលចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស, កម្មវិធីផ្នែក សុខាភិបាល និងកម្មវិធីធ្វើការងាររួមគ្នាក្នុងការស្វែងរកអដ្ឋិធាតុទាហាន អាមេរិក ដែល បាត់ ខ្លួន ព្រមទាំងការអប់រំ និងការហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់ ខ.ភ.ម នៅវិទ្យាស្ថាន សន្តិសុខ អាស៊ី-ប៉ាស៊ីហ្វីក នៅរដ្ឋហាវៃ សហរដ្ឋអាមេរិកផងដែរ។
លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីមានការព្រមព្រៀងនៃ កិច្ចប្រជុំ នេះ ហើយនោះភាគីទាំងពីរនឹងអនុវត្តទៅតាមផែនការព្រមព្រៀងគ្នានោះ។
បើតាមឧត្តមសេនីយ៍ឯក សួន សំណាង, កាលពីមុនខែធ្នូ ឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការនេះ មានសកម្មភាពរហូតដល់ជាង១០០ ក្នុង១ឆ្នាំៗ។ ប៉ុន្តែឥឡូវនេះ បានកាត់បន្ថយសកម្មភាព នៃកិច្ចសហប្រតិបត្តិការជាមួយអាមេរិកចុះមកនៅត្រឹមប្រហែលតិចជាង១០សកម្មភាព បើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺកិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-អាមេរិកមានការថយចុះច្រើន។
លោកក៏បានបញ្ជាក់ទៀតថា មូលហេតុចម្បង ដោយសារតែនៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំមុននោះ ក៏ដោយសារកម្ពុជាំ មានការមមាញឹកនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើស រើស តំណាងរាស្ត្រ ដោយបានកាត់បន្ថយនូវសកម្មភាពខ្លះពាក់ព័ន្ធទៅនឹង ការបញ្ជូន កងយោធា អាមេរិកចូលមកកម្ពុជារបស់យើង។ នេះជាគោលការណ៍របស់រាជរដ្ឋាភិបាល និង ក្រសួងការពារជាតិផងដែរ ប៉ុន្តែជាទូទៅយើងនៅតែបន្តកិច្ចសហប្រតិបត្តិការយោធា ជាមួយនឹងភាគីអាមេរិក ទោះបីជាក្នុងទំហំមួយនៅមានកំរិតក៏ដោយ។
សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនេះ ក៏មានការចុះហត្ថលេខា លើកំណត់ហេតុរួមគ្នាមួយរវាង ឧត្តមសេនីយ៍ឯក សួន សំណាង និងលោកវរសេនីយ៍ឯក ស្កត់ ប៊ឺនសាយ (Scott Burnside) សម្រាប់អនុវត្ត នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ជុំវិញកិច្ចសហប្រតិបត្តិការកិច្ចការមនុស្សធម៌ ការអប់រំ និងហ្វឹកហ្វឺន នៃយោធាទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ៕