(ពោធិ៍សាត់)៖ ថ្លែងចេញពីទឹកដីខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាមិនមែនជារបស់សម្តេច ឬត្រកូល «ហ៊ុន» នោះទេ គឺជារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយដើម្បីបំផ្លាញសម្តេច ក្រុមប្រឆាំងមិនមែនវាយតែសម្តេចទេ គឺវាយត្រកូល «ហ៊ុន» ទាំងមូលតែម្តង សូមចងចាំថាប្រកូល ហ៊ុន មួយនេះបានរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាយ៉ាងច្រើន។
ការមានប្រសាសន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបប្រមាណ ១០,៦៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ស្ថិតនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ហើយប្រទេសនីមួយៗ កាត់តែត្រូវការក្នុងឋានៈជារដ្ឋឯករាជ អធិបតេយ្យ ពូនិយាយនេះ ក្នុងកម្រិតនៃស្ថានភាពជាតិ ប៉ុន្តែក្មួយៗត្រូវចងចាំថាជាតិនេះមិនមែនជារបស់ពូទេ ប្រទេសកម្ពុជា មិនមែនជារបស់ «ហ៊ុន សែន» ឬត្រកូល «ហ៊ុន» ដូចដែលពួកគេថាប្រទេសនេះជារបស់ត្រកូល «ហ៊ុន» ត្រកូលហ៊ុនមានប៉ុន្មាននាក់? មាន ហ៊ុន សែន មាន ហ៊ុន ម៉ាណែត មានហ៊ុន ម៉ានិត មាន ហ៊ុន ម៉ានី ឥួឡូវយកវាទៅកាប់ចោល ឬយ៉ាងម៉េច? តើវាជាកូន តើវាជាមនុស្សទេ វាជាមនុស្ស [...] ប៉ុន្តែដើម្បីបំផ្លាញពូ ឥឡូវនេះគេឈានដល់កម្រិត មិនមែនវ៉ៃ ហ៊ុន សែន ម្នាក់ឯងទេ គឺវ៉ៃត្រកូល «ហ៊ុន» ម៉ង់ ប៉ុន្តែអ្នកឯងត្រូវចងចាំថា ត្រកូលមួយនេះបានរួមចំណែកជាមួយនឹងប្រទេសនេះយ៉ាងច្រើន ហើយនឹងបន្តកូនតចៅ តចម្បាំង អ្នកឯងត្រូវដឹងថា ត្រកូល ហ៊ុន មួយនេះ មានចៅរហូតដល់២០ អ្នកឯងត្រូវចាំ»។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បន្តថា ប្រសិនបើកូនចៅត្រកូល ហ៊ុន ណាមួយដែលបំពេញការងាររបស់ខ្លួនមិនកើត អាចជូនដំណឹងនេះមកសម្តេច ដើម្បីអប់រំបើធ្វើការមិនកើតនឹងដកចេញតែម្តង មិនត្រូវការនិយាយច្រើននោះទេ។ ប៉ុន្តែបើធ្វើការងារ ដើម្បីបម្រើប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមដូលដ្ឋានដែលខ្លួនគ្រប់គ្រងបានល្អ គឺយើងត្រូវនាំគ្នាលើកទឹកចិត្តបន្តទៀត កុំភ្លេចណាគ្រួសារត្រកូល ហ៊ុន បានលះបង់គ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែកអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កូនប្រុសច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត សូម្បីតែសហរដ្ឋអាមេរិក ក៏ទទួលស្គាល់ដែរ ព្រោះវាបានទទួលការបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក និងបានបន្តសិក្សានៅប្រទេសអង់គ្លេស រហូតចប់ថ្នាក់អនុបណ្ឌិត។ ខណៈកូនប្រុសពីរទៀត ក៏បានទទួលការអប់រំនៅប្រទេសបារាំង អូស្ត្រាលី និងអាមេរិកផងដែរ ជាមួយគ្នានេះដែរកូនរបស់សម្តេចម្នាក់ទៀត ត្រូវបានសហរដ្ឋអាមេរិក យកទៅបង្ហាត់នៅសាលាការពារជាតិ កម្រិតថ្នាក់អនុបណ្ឌិតការពារជាតិ ហើយកូនរបស់សម្តេចទាំង៣នាក់ គឺទទួលបានការបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិកទាំងអស់។ ដូច្នេះ សូមសួរថាអ្នកដែលរិះគន់ វាយប្រហារមកលើកក្រកូល ហ៊ុន ថាតើយកកូនរបស់សម្តេចដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ៗទាំងអស់នេះ ទៅទុកកន្លែងណា? ចំណុចនេះសម្តេចក៏បានចោទជា សំណួរថា ឬក៏ឱ្យកូនរបស់សម្តេចទៅដឹកនាំក្រុមចោរប្លន់?។
សម្តេចតេជោ ក៏បានមានប្រសាសន៍លើកឡើងថា ក្រុមអ្នករិះគន់ត្រកូល ហ៊ុន និងគណបក្សប្រជាជន ភ្លេចមើលខ្លួនឯងថា ប្តីក៏តំណាងរាស្ត្រ ប្រពន្ធក៏ជាតំណាងរាស្ត្រ ឬអ្នកខ្លះមានប្រពន្ធរហូតដល់ទៅ២នាក់ ធ្វើតំណាងរាស្ត្រជាមួយគ្នាផងដែរ។ ចំណែកសម្តេចវិញ គ្រាន់តែកូនរបស់សម្តេចធ្វើការងារ ដើម្បីបម្រើជាតិ ប្រជាពលរដ្ឋ និងសង្គម បែរជានាំគ្នារិះគន់មិនចំចៃមាត់ថា ប្រទេសកម្ពុជា ជារបស់ត្រកូល ហ៊ុន ទៅវិញ។ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ កុំព្រួយបារម្ភ និងជឿតាមការញុះញង់របស់ក្រុមជនអគិតមួយចំនួនតូចដែលរងចាំតែរិះគន់ វាយប្រហារលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទាំងងងឹតងងុល មិនចេះគិតពីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា បន្តិចណាសោះ។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា គណបក្សនយោបាយមួយចំនួនមានអ្នកចេះដឹងមិនស្មើនឹងមនុស្សនៅក្នុងផ្ទះរបស់សម្តេចផង។ បើទោះបីបក្សទាំងនោះខ្វះអ្នកចំណេះដឹងយ៉ាងណាក្តី ក៏សម្តេចមិនដែលមើលស្រាលអ្នកនយោបាយ ឬបក្សនយោបាយទាំងនោះឡើយ៕