(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ចំពោះតួនាទីដ៏សកម្មរបស់ខ្លួន នៅក្នុងកិច្ចសហប្រតិការមេគង្គ-ឡានឆាង តាំងពីចាប់ផ្តើមដំបូងមកម្លេះ។
នេះបើយោងតាមសារអបអរសាទរបស់ប្រមុខការទូតកម្ពុជា ក្នុងឱកាសប្រារព្ធពិធី «សប្តាហ៍នៃកិច្ចសហប្រតិការមេគង្គ-ឡានឆាង ២០១៩» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាមានមោទនភាពចំពោះតួនាទីដ៏សកម្មរបស់ខ្លួន នៅក្នុងកិច្ចសហប្រតិការមេគង្គ-ឡានឆាង តាំងពីចាប់ផ្តើមដំបូង ហើយយើងជឿជាក់ថា គំនិតនៃការផ្តួចផ្តើមនេះ នឹងនៅតែបន្តឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា និងតំបន់មេគង្គ ជាពិសេសនៅពេលដែលយើងកំពុងប្រែក្លាយតំបន់របស់យើង ឲ្យទៅជាតំបន់ដែលប្រកបដោយសន្តិភាព អភិវឌ្ឍន៍ដោយចីរភាព និងវិបុលភាពរួមគ្នា»។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា កម្ពុជាសូមកោតសរសើរចំពោះមូលនិធិពិសេសនៃកិច្ចសហប្រតិការមេគង្គ-ឡានឆាង របស់ប្រទេសចិន ដែលមានថវិកាចំនួន ៣០០លានដុល្លារអាមេរិក បានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៦។ មូលនិធិដែលគ្រោងសម្រាប់រយៈពេល ៥ឆ្នាំនេះ កំពុងត្រូវបានប្រើប្រាស់ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការផ្នែកទន់ ខ្នាតតូច និងមធ្យម របស់ប្រទេសជាសមាជិកទាំងអស់។
«ខ្ញុំជឿជាក់ថា លទ្ធផលនៃការអនុវត្តគម្រោងទាំងនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៅក្នុងតំបន់មេគង្គទាំងមូល។ ក្នុងចំណោមគម្រោងទាំងនោះ កម្ពុជាបានទទួលគម្រោងសរុបចំនួន ៣៥ ដែលមានទឹកប្រាក់ប្រមាណ ១៤លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្នែកទន់ ចំណេះដឹង និងការចែករំលែកបទពិសោធន៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងគម្រោងស្រាវជ្រាវឯករាជ្យ»។ នេះបើយោងតាមសាររបស់ប្រមុខការទូតកម្ពុជា បានបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ប្រទេសចិនបានផ្តល់ជំនួយជាង ៧.៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោងសំខាន់ចំនួន១៦ នៅកម្ពុជាក្នុងដំណាក់កាលទី១។ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ លើគម្រោងនៃមូលនិធិពិសេស មេគង្គ-ឡានឆាង រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក វ៉ាង វិនធាន (Wang Wentain) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
តើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាអ្វី? បង្កើតឡើងដើម្បីអ្វី? នៅពេលណា? ដោយនរណា?
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព នៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា៤កម្រិត ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង១ ឬ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង ១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង ២ឆ្នាំម្តង។
កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវធ្វើឡើងដោយមានប្រទេសចិនជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសតំបន់ទន្លេមេគង្គ ត្រូវផ្លាស់ប្តូរវេនធ្វើជាសហប្រធានទៅតាមលំដាប់តួអក្សរ។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ដោយប្រទេសចិន និងថៃ ធ្វើជាសហប្រធាន។ សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយកម្ពុជា និងចិន ធ្វើជាសហប្រធាន ហើយឡាវនឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំជាមួយប្រទេសចិន ក្នុងកិច្ចប្រជុំកំពូលលើកទី៣។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយគោរពតាមគោលការណ៍កូសង់ស៉ីស ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគត គ្នាប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។
សូមបញ្ជាក់ថាមេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕