(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ ដែលពាក់ព័ន្ធគ្រឿងញៀននៅក្លឹបកម្សាន្ដ Rock ខណៈតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជននោះរួចរាល់ហើយផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីបិទសន្និបាតលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ របស់អាជ្ញាធរជជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអះអាងទៀតថា មន្ដ្រីនគរបាលម្នាក់នោះច្បាស់ជារត់មិនរួចនោះទេ ព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ហើយ ដើម្បីកុំឲ្យពិបាកត្រូវចូលខ្លួនមកភ្លាម។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «ដូចខ្ញុំបាននិយាយថា ក្នុងប៉ុន្មាននាក់ហ្នឹង ឥលូវមានប៉ូលីសមួយដែលកំពុងតាមរកចាប់ខ្លួន មានដីកាហើយ។ គេចទៅណាក៏អត់រួចដែរ រឿងរកស៊ីគ្រឿងញៀនគេចទៅណាក៏មិនរួចនោះដែរ បើថាល្អមកបង្ហាញខ្លួនមក អាចថាមានការបន្ធូរបន្ថយអីខ្លះ យើងស្គាល់អត្ដសញ្ញាណអីអស់ហើយ»។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៀតថា កម្លាំងនគរបាល និងសមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើសកម្មភាពណាមួយដែលឲ្យពាក់ព័ន្ធជាមួយគ្រឿងញៀននោះទេ ពោលនៅពេលចុះ បង្ក្រាបបទល្មើសនេះ ត្រូវតែស្មោះត្រង់ជាមួយអង្គភាព ស្មោះត្រង់ជាមួយសង្គម និងស្មោះត្រង់ជាមួយផលប្រយោជន៍ជាតិ។
បើតាមការលើកឡើងរបស់សម្ដេច ស ខេង ប្រសិនបើសង្ស័យថា ទីតាំងណាមួយមានបង្កប់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ហើយមិនមានសមត្ថកិច្ចណាហ៊ានចូលបង្ក្រាបនោះ ជំហានដំបូងត្រូវពិនិត្យមើលផ្ទៃក្នុងអង្គភាពខ្លួនឯង ព្រោះពេលខ្លះប្រសិនបើមានមន្ដ្រីណាម្នាក់ពាក់ព័ន្ធ ច្បាស់ណាស់សមត្ថកិច្ចមិនហ៊ានចូលបង្ក្រាបឡើយ។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង២ឆ្នាំនេះ កម្លាំងសមត្ថកិច្ចបានចាប់រឹបអូសនូវគ្រឿងញៀន បានប្រមាណជាង៥០០គីឡូក្រាម ប៉ុន្ដែចុងក្រោយនេះ បានបើកប្រតិបត្តិការដើម្បីបំផ្លាញទីតាំងចែកចាយ លក់ដូរ និងប្រើប្រាស់នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកម្សាន្ដ Rock ដែលបានរឹបអូសគ្រឿងញៀនបន្ថែមទៀត បានប្រមាណជិត៥០គីឡូក្រាម៕
<img alt="" src="http://image.freshnewsasia.com/2019/038/fn-2019-03-21-16-07-13-0.jpg" width="730" pagespeed_url_hash="2041001149"