(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់ថា «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤» ផ្តល់នូវផែនការយ៉ាងច្បាស់មួយ ដើម្បីដឹកនាំសកម្មភាពនានា នៃភាគីពាក់ព័ន្ធអភិវឌ្ឍន៍ទាំងអស់ឲ្យនៅក្នុង «ប្រព័ន្ធអ្នកពាក់ព័ន្ធប្រកបដោយថាមពល» ដើម្បីបង្កើនការអភិវឌ្ឍរយៈពេលមធ្យម និងវែងប្រកបដោយចីរភាព ដើម្បីធានាប្រសិទ្ធផល និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងស្ថាប័នសាធារណៈ ពីប្រភពធនធានទាំងអស់។

តើរឿងនេះមានន័យយ៉ាងណា? រឿងនេះមានន័យថា «ប្រព័ន្ធមួយដែលដំណើរការ ក្នុងពេលដែលក្រសួង/ស្ថាប័នទាំងអស់ មិនត្រឹមតែបំពេញភារកិច្ចរបស់ពួកគេផ្ទាល់ មិនចោទប្រកាន់គ្នាទៅវិញទៅមកទេ ថែមទាំងសម្របសម្រួល និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ជាជាងសម្រេចគោលបំណងបេសកកម្ម និងគោលនយោបាយនៃរាជ រដ្ឋាភិបាល និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះការព្រួយបារម្ភ ឬការទាមទាររបស់ប្រជាជន»

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺបានធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតី បើកសិក្ខាសាលា ផ្តល់ការគាំទ្រលើការពិនិត្យឡើងវិញ នូវការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យ នឹងមេរោគអេដស៍និងជំងឺអេដស៍ លើកទី៤ នៅកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។ អញ្ជើញចូលរួមនៅក្នុងសិក្ខាសាលា មានលោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីវិស័យសុខាភិបាល និងមិនមែនសុខាភិបាល រួមជាមួយអ្នកតំណាងប្រជាជនគន្លឹះ និងជាពិសេស ចំពោះការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពី អង្គការ HP+ Palladium, អង្គការ PEPFAR/USG និងអង្គការ UNAIDS។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា លោកស្នើសុំអង្គសិក្ខាសាលា ពិនិត្យមើល រចនាសម្ព័ន្ធ និង ឱកាសនានា ដែលអាចសមាហរណកម្មការងារ ប្រយុទ្ធនឹងមេរោគអេដស៍ ទៅក្នុងវិស័យសុខាភិបាល និង មិនមែនសុខាភិបាល។ ការពង្រឹងភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ប្រព័ន្ធ ស្របគ្នាគឺជាតម្រូវការចាំបាច់ ក៏ដូចជា ការរៀបចំផែនការ និងការអនុវត្តរួម ការវិនិយោគក្នុងការផ្តល់សេវារួម (រួមមានហេដ្ឋារចនា សម្ព័ន្ធ ការបណ្តុះបណ្តាល ការគ្រប់គ្រង និងការត្រួតពិនិត្យ និងការវាយតម្លៃ) ហើយនិង កិច្ចសហការឆ្លងវិស័យ ដែលត្រូវបានកែលម្អ។ សមាហរណកម្មកាន់តែធំ គឺជាតម្រូវការរវាងសេវា មេរោគអេដស៍ ដែលរួមមានការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ និងការព្យាបាល ជំងឺមិនឆ្លង។ ការផ្សាភ្ជាប់គ្នា កាន់តែធំ ក៏ជាតម្រូវការផងដែររវាងសេវាមេរោគអេដស៍ និងវិស័យ មិនមែនសុខាភិបាល រួមបញ្ចូលទាំងការគាំពារសង្គម ការងារ សន្តិសុខស្បៀង សិទ្ធិមនុស្ស ការពង្រឹងច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកាត់បន្ថយភាពក្រីក្រ ការអប់រំ និងសេវាសង្គម។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងកោតសរសើរ និង ថ្លែងអំណរគុណជូនដល់សមាជិក សមាជិការនៃអង្គសិក្ខាសាលា ជាថ្នាក់ដឹកនាំ និង មន្រ្តីបច្ចេកទេសពីវិស័យដែលពាក់ព័ន្ធ ទាំងស្ថាប័នរាជរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកជំនាញការ ដែលមានភារកិច្ច និងសិទ្ធិអាចផ្តល់នូវយោបល់ និងមតិ លើអនុសាសន៍ដែលផ្តល់ ដោយក្រុមទីប្រឹក្សាបច្ចេកទេស លើវិធីសាស្រ្តដែលកម្មវិធីមួយ បានបំពេញនៅក្នុងរយៈពេល៤ឆ្នាំកន្លងមក គឺ ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០១៨ ព្រោះថា កិច្ចការពិនិត្យឡើងវិញ នូវកម្មវិធីនេះគឺជាផ្នែកមួយដ៏សំខាន់ នៃវដ្តកម្មវិធី។

លោកទេសរដ្ឋមន្រ្តី បានរំឭកថា បញ្ហាប្រឈមចំបងមួយ ក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍គឺបានកើតឡើង ក្នុងស្ថានភាពមួយដែលដៃគូអភិវឌ្ឍន៍ ដកនូវការគាំទ្រហិរញ្ញវត្ថុរបស់បន្តិចម្តងៗហើយ កម្ពុជាយើងប្តេជ្ញាបញ្ចប់ការរីករាល ដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ ដែលមានរយៈពេល៥ឆ្នាំ មុនការប្តេជ្ញាចិត្តជាសកលទៀតផង។

លោកទេសរដ្ឋមន្រ្តី បានណែនាំ និងសុំ អង្គសិក្ខាសាលា ពិនិត្យពិភាក្សាជាក្រុម ឱ្យបានទូលាយ និងផ្តល់មតិឱ្យបានច្រើនលើបញ្ហាចំនួន៥ជាចំបងគឺ ទី១) លទ្ធផល, ទី២) ប្រសិទ្ធផល, ទី៣) គណនេយ្យភាព, ទី៤) ភាពជាដៃគូ និង៥) ការផ្ទេរដំណាក់កាល/ចីរភាព។ លើសពីសំណួរទាំង៥នេះ យើងចង់ឃើញផងដែរថា តើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍អាចផ្តល់ នូវមេរៀនជាបទពិសោធន៍អ្វីខ្លះ ចំពោះប្រព័ន្ធសុខាភិបាល ដែលកំពុង ខិតខំធ្វើឲ្យសម្រេចនូវសេវាសុខាភិបាល គ្របដណ្តប់ជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។

លោកបានរំឭកបន្ថែមថា កន្លងមកនេះ ការគាំទ្រគោលនយោបាយ និងបច្ចេកទេស ត្រូវបានផ្តួចផ្តើមក្នុងការធ្វើសមាហ រណកម្មមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុង «គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងក្នុង កម្មវិធីអភិវឌ្ឍឃុំ/កម្មវិធីវិនិយោគឃុំ» និងសមាហរណកម្មប្រជាជនគន្លឹះ នៅក្នុងដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងចង់ឃើញការអនុវត្តការផ្តួចផ្តើមទាំងនោះ នៅថ្នាក់ក្រោមជាតិ។

មុននឹងបញ្ចប់ការថ្លែងបើកអង្គសិក្ខាសាលា លោកទេសរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អង្គការ HP+ Palladium, អង្គការ PEPFAR/USG និងអង្គការ UNAIDS ដែលបានគាំទ្រដល់ដំណើរ ការទាំងមូល នៃការ ពិនិត្យឡើងវិញនូវផែនការ យុទ្ធសាស្រ្តជាតិទូលំទូលាយ និង ពហុវិស័យ លើកទី៤ និង ការរៀបចំផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យ លើកទី៥ និងជាពិសេស ការជួយឲ្យភាគីដែលពាក់ព័ន្ធគន្លឹះចូលរួម ក្នុងសិក្ខាសាលាផ្តល់ការគាំទ្រ ដ៏មានសារៈសំខាន់នេះ៕