(ភ្នំពេញ)៖ កម្ពុជា-ចិន​ កំពុងត្រៀមរៀបចំដំណេីរ​របស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអញ្ជេីញទៅចូលរួមវេទិកាលើកទី២ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ នៅប្រទេសចិន នៅខែមេសា ឆ្នាំ២០១៩នេះ ហើយរំពឹងថា​ នឹងមានឯកសារមួយចំនួន ត្រូវចុះហត្ថលេខាផងដែរ។​ នេះបេីតាម​ លោក​ កេត​ សោផាន់​ អ្នកនាំពាក្យក្រសួងការបរទេស។

លោក កេត សោផាន់ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ បន្ទាប់ពីបញ្ចប់ជំនួបរវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេសចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នាទីស្តីការក្រសួងការបរទេស​ នារសៀលថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេស ឲ្យដឹងថា នៅក្នុងជំនួបរវាងប្រមុខការទូតកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសចិន បានធ្វើឡើងស្របនឹងដំណើរបេសកកម្ម របស់អនុរដ្ឋមន្ត្រីការបរទេសរូបនេះ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំថ្នាក់អគ្គលេខាធិការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៥។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកអនុរដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកអនុរដ្ឋមន្ត្រីការបរទេសចិន ក៏ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមវេទិកាលើកទី២ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលត្រៀមរៀបចំឡើងនៅខែមេសា ឆ្នាំ២០១៩នេះ។ ទន្ទឹមនឹងការរៀបចំដំណើរទស្សនកិច្ចសម្តេចតេជោ អញ្ជើញទៅចូលរួមវេទិកាលើកទី២ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ ភាគីចិនក៏នឹងរៀបចំជំនួបរវាងថ្នាក់ដឹកនាំកំពូលៗរបស់ចិន ហើយរំពឹងថានឹងមានឯកសារមួយចំនួន ត្រូវចុះហត្ថលេខាផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ផងដែរថា ចំណុចចុងក្រោយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន ក៏បាននាំការសួរសុខទុក្ខពីសមភាគី គឺលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ហើយលោក វ៉ាង យី ក៏អញ្ជើញលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោយខែឧសភា នៅឆ្នាំ២០១៩នេះផងដេរ ខណៈដែលលោកឧបនាយករដ្ឋមន្ត្រី បានទទួលយកការអញ្ជើញនេះដោយរីករាយជាទីបំផុត។

លោក កេត សោផាន់ បានបន្ថែមថា មូលហេតុដែលរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញរដ្ឋមន្ត្រីការបរទេសកម្ពុជាទៅទស្សនកិច្ច ព្រោះតាំងពីរាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានកើតឡើងមក កម្ពុជាមិនទាន់បានធ្វើទស្សនកិច្ចផ្លូវការនៅចិនឡើយ។ ហើយដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងដើម្បីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសជំរុញការអនុវត្តរាល់សេចក្តីសម្រេច របស់ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសទាំងពីរ ដែលផ្តោតជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងវប្បធម៌៕