(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះទើបតែបានចេញអនុក្រឹត្យថ្មីនេះ សម្រេចកែប្រែ និងដំឡើងប្រាប់បំណាច់មុខងារ ជូនដល់មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងមន្ត្រីភូមិឃុំជាដើម ដែលអនុក្រឹត្យថ្មីនេះ ធ្វើប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធកើនឡើងមួយកម្រិតទៀត ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩តទៅ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ បានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។
ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។
យោងតាមតារាងប្រាក់បៀវត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ កែទម្រង់ប្រព័ន្ធបៀវត្សរបស់រាជរដ្ឋាភិបាល បានបង្ហាញថា នៅចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធមាន៖
១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,០៧០,១០០រៀល ត្រូវកើនដល់១,១០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៧០,១០០រៀល ត្រូវកើនដល់ ១,២០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៧០,១០០រៀល ត្រូវកើនដល់ ១,២០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៥៤,៥៧៧រៀល ត្រូវកើនដល់ ១,១៨៤,៥៧៧រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,០៨៤,៣៧៧រៀល ត្រូវកើនដល់ ១,១១៤,៣៧៧រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
(បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់)
៦៖ ប្រាក់បៀវត្សមន្ត្រីកិច្ចសន្យា ទទួលបាន ៦៥០,០០០រៀល
៧៖ ប្រាក់បៀវត្សក្រុមប្រឹក្សារាជធានីខេត្ត ថ្នាក់ទាបបំផុត ទទួលបាន១,១៣៥,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៨៖ ប្រាក់បៀវត្សក្រុមប្រឹក្សាស្រុកខណ្ឌ ថ្នាក់ទាបបំផុត ទទួលបាន៩១០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
៩៖ ប្រាក់បៀវត្សក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ទាបបំផុត ទទួលបាន៧៤០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
១០៖ ប្រាក់បៀវត្សមន្ត្រីភូមិ ថ្នាក់ទាបបំផុត ទទួលបាន២៥០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩
ដោយឡែកសម្រាប់ប្រាក់បៀវត្សខ្ពស់បំផុត ( អតិបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ គឺនៅរក្សាអត្រាដដែល៖
១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ចំនួន៣,១១៧,០០០រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
២៖ ប្រាក់បៀវត្សគ្រូបង្រៀនចំនួន ៣,១១៧,០០០រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ ចំនួន ២,២៩៧,០០០រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ចំនួន ៣,៣០១,៤៧៧រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ចំនួន ៣,៣០១,៤៧៧រៀល ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
(បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់)
៦៖ ប្រាក់បៀវត្សក្រុមប្រឹក្សារាជធានីខេត្ត ទទួលបាន១,៤៤០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
៧៖ ប្រាក់បៀវត្សក្រុមប្រឹក្សាស្រុកខណ្ឌ ទទួលបាន១,១៥៥,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ។
៨៖ ប្រាក់បៀវត្សក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន១,១១០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
៩៖ ប្រាក់បៀវត្សមន្ត្រីភូមិ ទទួលបាន៤០០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
ត្រង់ចំណុចនេះ លោករដ្ឋលេខាធិការ យក់ ប៊ុនណា បញ្ជាក់ថា កម្រិតប្រាក់បៀវត្សអតិបរមារបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រក្សាដដែល (ដូចមុនខែមេសា ឆ្នាំ២០១៩) ដោយហេតុ ការដំឡើងបៀវត្សមូលដ្ឋាន (១០%) ក្នុងខែមករា ២០១៩ មន្ត្រីថ្នាក់ខ្ពស់ទទួលបានការដំឡើងជាទំហំទឹកប្រាក់ខ្ពស់ជាងមន្ត្រីដែលមានក្របខណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ នៅថ្នាក់ក្រោម និង ម្យ៉ាងទៀតការដំឡើងបៀវត្សមន្ត្រីរាជការ ត្រូវបានគិតគូរឈរលើមូលដ្ឋាន កុំឲ្យមានគម្លាតធំពេករវាងបៀវត្សអតិបរមា និងអប្បបរមា (គោលការណ៍សមធម៌)។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បានបញ្ជាក់យ៉ាងច្បាស់ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា បើទោះបីជាកម្ពុជាអត់មានចំណូលបន្ថែម ក៏រាជរដ្ឋាភិបាលមានលុយ សម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យ៉ាងតិចរយៈពេល១ឆ្នាំ ដែលខុសពីពេលមុនដែលរដ្ឋត្រូវខ្ចីលុយ ពីធនាគារដើម្បីបើកប្រាក់ខែ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាញឹកញយធ្លាប់បានអះអាង និងសន្យាចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា ប្រាក់បៀវត្សរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ ហើយ១ឆ្នាំដំឡើង២ដង។ បន្ថែមលើសពីនេះ រាល់ពេលបុណ្យទាន គឺបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោតែងឧបត្ថម្ភថវិកា៥ម៉ីនរៀលផងដែរ៕