(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចកំណត់យកខែឧសភា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ដ្រ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីក្នុងពពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមប្រកាសជូនប្រជាពលរដ្ឋទូទាំងប្រទេសថា ស៊ីហ្គេម ឆ្នាំ២០២៣ នឹងត្រូវធ្វើក្នុងខែឧសភា ឆ្នាំ២០២៣។ ហេតុអ្វីបានជាស៊ីហ្គេមត្រូវធ្វើក្នុងខែឧសភា ឆ្នាំ២០២៣? ដោយសារខែកក្កដា ឆ្នាំ២០២៣ គឺយើងត្រូវធ្វើការបោះឆ្នោត អញ្ចឹងក្រោយការបោះឆ្នោតក្រៃមានបញ្ហានេះបញ្ហានោះ ចឹងយើងធ្វើស៊ីហ្គេម ក្នុងខែឧសភា ឆ្នាំ២០២៣ ដើម្បីទុកពេលសម្រាប់ការបោះឆ្នោត និងសម្រាប់ការរៀបចំរាជរដ្ឋាភិបាលថ្មី ដើម្បីកុំឲ្យស្ទះការងារ»។
បន្ថែមលើនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្ដថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ ក៏អាចបម្រើដល់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ព្រោះផ្លូវនេះ នឹងធ្វើរួចរាល់ក្នុងខែមីនា ឆ្នាំ២០២៣។ ដូច្នេះប្រភេទកីឡាខ្លះ ដែលត្រូវប្រកួតនៅតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ពួកគេអាចប្រើប្រាស់ផ្លូវល្បឿនលឿននេះបាន ដោយសារកីឡាមិនមែនប្រកួតតតែមួយកន្លែងទេ គឺមានប្រកួតច្រើនកន្លែង ជាក់ស្ដែងដូជាកីឡាទូកក្ដោង ត្រូវប្រកួតនៅសមុទ្រ មិនអាចប្រកួតតែនៅពហុកីឡដ្ឋានជាតិមរតកតេជោបានឡើយ។
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម ដែលជាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ហើយតែងតែប្រារព្ធធ្វើឡើង ២ឆ្នាំម្ដង នឹងត្រូវរៀបចំលើកដំបូងនៅលើទឹកដីប្រទេសកម្ពុជា នាឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី រួមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ៕