(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា ចិនមិនមកគ្រប់គ្រងកម្ពុជា នោះឡើយ ហើយចិនក៏គ្មានយោបាយ ដើម្បីគ្រប់គ្រង ប្រទេសណាដែរ។
ការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់នោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យជឿលើការឃោសនាអកុសលរបស់ក្រុមប្រឆាំង ដែលបានបំភ្លៃថា ខ្មែរពេលនេះ កំពុងប្រមូលទិញដី ពីប្រជាពលរដ្ឋ ដើម្បីទៅលក់ឱ្យចិន ហើយឃោសនាថា ចិនមកគ្រប់គ្រងប្រទេសកម្ពុជាជាដើម ដោយសម្តេចបានបញ្ជាក់ថា ចិនមិនមកត្រួតត្រាខ្មែរទេ។
សម្តេចបានបញ្ជាក់ថា «បើចិនចង់ត្រួតខ្មែរ ក៏ខ្មែរមិនឱ្យចិនត្រួតដែរ ហើយម្យ៉ាងទៀតនយោបាយចិន គ្មានគោលដៅត្រួតត្រានរណាទាំងអស់ នេះគឺជាចំណុចដែលយើងបានឃើញ មានអ្នកដទៃដាក់ការ បង្គាប់បញ្ជាឱ្យរដ្ឋអធិបតេយ្យធ្វើតាមគេ ហើយបើយើងមិនធ្វើតាមគេដាក់ទណ្ឌកម្មមកលើយើង ក៏ប៉ុន្តែផ្ទុយស្រឡះពីនេះ ចិនគ្មាននយោបាយបែបនេះទេ»។
ការវិនិយោគរបស់ចិនដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា បានរងការវាយប្រហារជាបន្តបន្ទាប់ ដោយ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ និងអតីតថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្រ្គោះជាតិ។ ក្រុមអ្នកវិភាគដែលគាំទ្រ ពួកប្រឆាំង បានរិះគន់ថា ឥណទាន និងជំនួយរបស់ចិន នឹងធ្វើឱ្យកម្ពុជា កាន់តែធ្លាក់ជ្រៅទៅក្នុងអន្ទាក់របស់ចិន។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការអភិវឌ្ឍសេដ្ឋកិច្ចចិន បានផ្តល់ផលប្រយោជន៍ ដល់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេសប្រទេសដែលស្ថិតនៅក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានដាក់ ចេញដោយ លោកប្រធានាធិបតី ស៊ី ជិនពីង។
សម្តេចថែមទាំងបានលើកឡើងទៀតថា មិនមែនតែកម្ពុជាទេ ដែលទទួលបានផលប្រយោជន៍ពីភាពរីកចម្រើន របស់ចិននេះ ប្រទេសវៀតណាម ក៏ទទួលបានផលប្រយោជន៍ពាណិជ្ជកម្មពីប្រទេសចិនដែរ ក្នុងនោះទំហំពាណិជ្ជប្រទេសទាំងពីរបានកើនដល់ជាង១០០ពាន់លានដុល្លារឯណោះ ចំណែកឯទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ទើបតែមានច្រើនជាង៥ពាន់លានដុល្លារ។
សម្តេចក៏បានរំលឹកថា សម្រាប់គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដែលដាក់ចេញដោយប្រធានាធិបតីចិន ក្នុងនោះមានភ្ជាប់ទឹកប្រាក់ ៤០ពាន់លានដុល្លារ សម្រាប់ឥណទានផងដែរនោះ បានផ្តល់ប្រយោជន៍ខ្ពៃ់ ដោយក្នុងនោះចិនបានបង្កើតធនាគារម្រិច ហើយចិនក៏បានបង្កើតធនាគារវិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ី ដែលកម្ពុជាក៏មានភាគហ៊ុនផងដែរ៕