(ភ្នំពេញ)៖ ប្រមុខនៃរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅដើមឆ្នាំ២០១៩នេះ រដ្ឋាភិបាលបានបញ្ចេញ កញ្ចប់ថវិកាជិត ១០០លានដុល្លារអាមេរិក សម្រាប់ផ្តល់សំណងលើផលប៉ះពាល់នានា នៅក្នុងគម្រោងសាងសង់ផ្សេងៗ នៅទូទាំងប្រទេស។
ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល សម្តេចបានអញ្ជើញជាអធិបតីបើកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេ ដោយចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយគ្រាន់ដើមឆ្នាំនេះ មិនទាន់គ្រប់បីខែផង ខ្ញុំស៊ីញ៉េចេញថវិកាប្រមាណជិត ១០០លានដុល្លារអាមេរិក យកទៅធ្វើថវិកាបដិភាគផ្លូវមួយខ្សែអញ្ចឹង ថវិកាបដិភាគ ប៉ុន្មានលានដុល្លារ កន្លែងខ្លះ៣លាន កន្លែងខ្លះ៥លាន កន្លែងខ្លះ៦លាន ជីកប្រឡាយទឹកឱ្យគាត់ហើយត្រូវទិញដីគាត់ថែមទៀត ត្រូវចេញលុយជិត១០០លានដុល្លារ អញ្ចឹងបានជាខ្ញុំនិយាយថា ដើម្បីអភិវឌ្ឍគម្រោងមួយបានចាំបាច់ត្រូវតែមានទុនក្នុងដៃធ្វើថវិកាបដិភាគ»។
ពាក់ព័ន្ធនឹងការចេញថវិកា ដើម្បីផ្តល់សំណងថ្លៃអភិវឌ្ឍដែលប៉ះចំទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា មានកន្លែងខ្លះក្រុមហ៊ុនតម្រូវឱ្យរាជរដ្ឋាភិបាលបង់ខាតថវិកា រហូតទៅដល់៣០ភាគរយផងដែរ។ ឧទាហរណ៍ប្រសិន បើគម្រោងនោះ មានចំណាយថ្លែងអភិវឌ្ឍរហូតដល់១០០លានដុល្លារនោះ ដូច្នេះ រាជរដ្ឋាភិបាលត្រូវចេញថវិកា ចំនួន៣០លានដុល្លារអាមេរិក ដើម្បីធ្វើបដិភាគជាមួយក្រុមហ៊ុន។ ដូច្នេះ បើប្រជាពលរដ្ឋណាដែលមិនព្រមសហការ ក្នុងការសាងសង់សមិទ្ធផលនានា គឺត្រូវតែយកច្បាប់មកប្រើ នៅពេលជាតិត្រូវការហើយ ប្រជាពលរដ្ឋត្រូវតែលះបង់។
ចំណុចនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើង ដោយក្រឿនរំលឹកថា ប្រសិនបើរដ្ឋមិនចេះគ្រប់គ្រងថវិកាទេនោះ នឹងមិនអាចកសាង សមិទ្ធផលនានាបាននោះទេ។ ដូច្នេះ រដ្ឋត្រូវការសន្សំថវិកា ដើម្បីទុកប្រើប្រាស់ ហើយកុំគ្រប់គ្រងសេដ្ឋកិច្ចតាមរបៀបកញ្ចិលធ្លុះ បើធ្វើសេដ្ឋកិច្ចតាមរបៀបកញ្ចិលធ្លុះ គឺគម្រោងអ្វីក៏មិនអាចអនុវត្តន៍បាននោះទេ សូម្បីតែបរទេសផ្តល់ថវិកាមកហើយ ក៏យើងមិនអាចយក ថវិកានោះមកអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនានារួចដែរ ដោយសារតែរដ្ឋអត់មានថវិកាសម្រាបធ្វើបដិភាគ។
នាយករដ្ឋមន្ត្រីដែលគិតប្រយោជន៍ជាតិជាធំរូបនេះ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា «អញ្ចឹងបានកុំឃើញសល់លុយច្រើន នៅក្នុងរតនាគារ ចាប់ផ្តើមសុំចាយថែម ចាយថែម អត់គ្មានឱ្យចាយទេ អត់ឱ្យចាយទេ ទុកលុយហ្នឹងដើម្បីធ្វើបដិភាគ បើមិនកសាងផ្លូវខ្លួនឯងទេ គឺយកថវិកាហ្នឹង ទៅធ្វើបដិភាគកសាងផ្លូវជាមួយដៃគូរ ដែលគេបានផ្តល់មក ដើម្បីដោះស្រាយបញ្ហា ដោះស្រាយបញ្ហា»។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្តេចនឹងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជាតិ និងប្រជាជនកម្ពុជាទាំងអស់ ដោយមិនប្រកាន់បក្ខពួកនោះទេ ហើយអ្វីៗដែលសម្តេចធ្វើនាពេលបច្ចុប្បន្ន គឺទុកសម្រាប់ក្មេងៗជំនាន់ក្រោយ ដូច្នេះសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីគម្រោងផ្លូវល្បឿនលឿននេះ៕