(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសសាងសង់ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិមួយ នៅក្នុងខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាចុងឆ្នាំ២០២២។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ ដោយចំណាយពេលសាងសង់៤ឆ្នាំ និងចំណាយថវិកាប្រមាណ២ពាន់លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវខ្ញុំកំពុងតែស្នើឲ្យក្រុមហ៊ុនមួយ របស់អ្នកវិនិយោគចិន កសាងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ នៅក្រុងព្រះសីហនុ... ព្រោះខ្ញុំចង់ប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ នៅក្រុងព្រះសីហនុ នៅចុងឆ្នាំ២០២២ ចឹងទេយើងអាចធ្វើទាន់»

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា ព្រលានយន្ដហោះកងកេង នៅក្នុងខេត្តព្រះសីហនុ ត្រូវក្រុមហ៊ុនវ៉ាងស៊ី របស់ប្រទេសបារាំង បានធានារ៉ាប់រងថា នឹងធ្វើឲ្យរួចរាល់ នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ ដែលមកពីឆ្ងាយ រាប់ទាំងយន្ដហោះ របស់ប្រធានាធិបតីអាមេរិក ក៏អាចមកចុះចត នៅប្រទេសកម្ពុជាបានដែរ។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ទៀតថា នៅក្រុងព្រះសីហនុ មិនទាន់មានមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទេ ដូច្នេះហើយត្រូវសហការជាមួយក្រសួងការបរទេស ដើម្បីរៀបចំការងារនេះ ឲ្យធ្វើម្ដេចដូច ទៅនឹងវិមានសន្ដិភាពដែរ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចគិតថា នៅឆ្នាំ២០២០ ប្រជុំរវាងអាស៊ាន និងអាស៊ាន ក្នុងខែមេសា គឺប្រជុំនៅខេត្តសៀមរាប ដល់ប្រជុំអាស៊ាននិងដៃគូ គឺប្រជុំនៅក្រុងព្រះសីហនុ ព្រោះនៅភ្នំពេញ បានរៀបចំធ្វើ២ដងរួចមកហើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបផងដែរថា នាពេលខាងមុខនេះ នៅភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវរៀបចំធ្វើព្រលានយន្ដហោះថ្មី ព្រោះថា តម្រូវការរបស់ប្រជាពលរដ្ឋ មានការកើនឡើង ខណៈដែលពីដើម អត់មាននរណាមានលុយ ជិះយន្ដហោះនោះទេ ប៉ុន្ដែឥលូវនេះ ភ្នំពេញ-សៀមរាប មនុស្សពេញៗ។

សម្ដេចតេជោ បានបន្ថែមទៀតថា នៅក្នុងចន្លោះ ខេត្តមណ្ឌលគិរី និងរតនគិរី ក៏អាចធ្វើព្រលានយន្ដហោះផងដែរ ដើម្បីឲ្យតំបន់នោះ ខ្លាចជាពោលសេដ្ឋកិច្ចមួយ ដ៏សំខាន់នៅទិសឦសានរបស់ប្រទេស ដែលក្នុងនោះ វាទៅទាំងសំណ្ដុំ កសិឧស្សាហកម្ម កសិទេសចរណ៍ និងផ្នែកដទៃទៀត គឺអភិវឌ្ឍន៍នៅទីនោះ។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីជំរុញប្រទេសកម្ពុជា ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យ នូវប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០៕