(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេច មិនមានលុយទិញឡានឲ្យមន្ដ្រី សម្រាប់ជិះទៅធ្វើការនោះទេ ពោលសម្ដេចត្រូវការលុយដើម្បីអភិវឌ្ឍន៍ និងកសាងប្រទេសជាតិ​។

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ​ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលជា​ប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា​ ជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន នាព្រឹកថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រដ្ឋាភិបាល នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចៅហ្វាយខេត្ត ដែលធ្វើការក្នុងរដ្ឋបាលរបស់ ហ៊ុន សែន កុំសង្ឃឹមថាអស់លោកបានទទួលលុយទិញឡានជិះនោះ គ្មានលុយឲ្យអស់លោកទិញឡានជិះទេ សូមកុំធ្វើសំណើសុំ។ លោកឯងមុនធ្វើរដ្ឋមន្ដ្រី លោកឯងជិះអី លោកឯងជិះណុងតទៅទៀតទៅ»

នាយករដ្ឋមន្ដ្រីនៃកម្ពុជារូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវការលុយដើម្បី​កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន ប្រឡាយទឹក មន្ទីរពេទ្យ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាជន និងប្រទេសជាតិទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការយកលុយទៅកសាងហេដ្ឋារចនាសម្ព័ន្ធនេះ ជារឿងដែលត្រឹមត្រូវបំផុត ហើយក៏ជារឿងដែលសម្ដេចគិតមុនគេ ព្រោះជាការបែកចែកផ្លែផ្កាសេដ្ឋកិច្ច ប្រកបដោយសមធម៌។ សម្ដេចបញ្ជាក់ថា ការយកលុយទៅធ្វើផ្លូវ មានន័យថា អ្នកមានក៏ប្រើប្រាស់បាន អ្នកក្រក៏ប្រើប្រាស់ផ្លូវដូចគ្នា។

សម្ដេចតេជោ បានបន្ថែមថា ក្នុងកំណត់ហេតុដែលសម្ដេចធ្វើការជាមួយភាគីចិន មិនដែលស្នើសុំមកទិញឡាន ឬទិញកប៉ាល់ហោះជិះនោះទេ ពោល​កម្ចីប្រមាណ​៧០ភាគរយពីចិន គឺយកមកប្រើដើម្បីធ្វើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ​ស្ពាន និងប្រព័ន្ធធារាស្ដ្រជាដើម៕