(ភ្នំពេញ)៖ លោក ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងបញ្ជាក់ថា ការវិនិយោគ និងជំនួយរបស់ចិននៅកម្ពុជាមិនមែនជាអន្ទាក់នោះទេ។
ការថ្លែងរបស់ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើឡើងនៅក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីនោះ លោកអនុរដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា ការវិនិយោគ និងជំនួយរបស់ចិននៅកម្ពុជាមិនមែនជាអន្ទាក់នោះទេ ហើយលោកបានបញ្ជាក់ទៀតថា ដើម្បីបន្តទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន រដ្ឋាភិបាលចិន នឹងបន្តគាំទ្រការវិនិយោគ និងផ្តល់ជំនួយមកកាន់កម្ពុជា ទៅតាមលទ្ធភាពរបស់ខ្លួន។
លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមចេតនាមិនល្អមួយចំនួន បានប្រែសជាខ្មៅ លាបពណ៌លើការវិនិយោគរបស់ចិនថាជាអន្ទាក់ ការពិតតែងតែឈ្នះលើការតវ៉ាដោយគ្មានមូលដ្ឋាន ការវិនិយោគរបស់ចិនមិនមែនជាអន្ទាក់ទេ រឹតតែមិនមែនជាការគំរាមកំហែង តែវាជាការជួយដ៏ស្មោះ ជាកម្លាំងជំរុញដល់សមត្ថភាពអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជាទង្វើនាំមកនូវផលប្រយោជន៍ដល់ប្រទេសកម្ពុជា»។
ការវិនិយោគរបស់ចិនដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា បានរងការវាយប្រហារជាបន្តបន្ទាប់ ដោយលោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ និងអតីតថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្រ្គោះជាតិ។ ក្រុមអ្នកវិភាគដែលគាំទ្រពួកប្រឆាំងបានរិះគន់ថា ឥណទាន និងជំនួយរបស់ចិន នឹងធ្វើឱ្យកម្ពុជា កាន់តែធ្លាក់ជ្រៅទៅក្នុងអន្ទាក់របស់ចិន។
លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានលើកឡើងថា ក្នុងនាមជាអ្នកជិតខាតល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ ប្រទេសចិនមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសកម្ពុជា និងនៅជាមួយកម្ពុជា បន្តឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ការប្រាស្រ័យទាក់ទងគ្នាដោយស្មើភាព និងសម្រាប់ផលប្រយោជន៍រួម ធ្វើឱ្យទំនុកចិត្តនយោបាយ កាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការ នាំប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចផលប្រយោជន៍រួមគ្នា។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ទៀតថា ភាគីចិន នឹងបន្តគោរពអធិបតេយ្យភាព និងឯករាជ្យភាពប្រទេសកម្ពុជាដូចមុន ហើយគាំទ្រប្រទេសកម្ពុជា ដើរលើមាគ៌ាអភិវឌ្ឍ ដែលសមស្របនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសខ្លួន។ ភាគីចិននឹងផ្តល់ជំនួយទៅតាមលទ្ធភាពរបស់ខ្លួន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោកបានកោតសរសើរប្រទេសកម្ពុជា ក្រោមម្លប់របស់ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងសម្រេចតាមគោលដៅជាប្រទេសអភិវឌ្ឍនៅពេលប៉ុន្មានឆ្នាំខាងមុខនេះ។ លោកបានអះអាង ប្រទេសកម្ពុជាមានភូមិសាស្រ្តល្អ បរិយាកាសល្អ និងមានស្ថិរភាពនយោបាយ ដែលត្រូវបានប្រសិទ្ធនាមថា ជាខ្លាសេដ្ឋកិច្ចអាស៊ីផងដែរ៕