(ភ្នំពេញ)៖ ការចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៩នេះ គ.ជ.ប អនុញ្ញាតឱ្យប្រើតែអត្តសញ្ញាណបណ្ណប្រភេទទី២ (អាចយកមកប្រើបានក្នុងករណីនៅមានសុពលភាព) និងទី៣តែប៉ុណ្ណោះ។ នេះបើតាមលោក លុន ឆេងកៃ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៅរាជធានីភ្នំពេញ។
លោក លុន ឆេងកៃ ថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ដល់មន្ត្រីតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរដែនដី សមត្ថកិច្ច និងមន្ត្រី PEC រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
លោកថ្លែងថា យោងតាមច្បាប់ គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីធ្វើឱ្យគុណភាពនៃបញ្ជីបោះឆ្នោតមានលក្ខណៈត្រឹមត្រូវ និងសុក្រិត។
លោកបន្តថា នៅក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតពីមួយឆ្នាំទៅមួយឆ្នាំមិនដូចគ្នាទេ គឺតែងតែមានការប្រែប្រួលនូវចំណុចខ្លះៗ អាស្រ័យទៅតាមគោលការណ៍ ច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
លោកថា «នៅឆ្នាំ២០១៩នេះ អនុញ្ញាតប្រើប្រាស់បានតែអត្តសញ្ញាណបណ្ណប្រភេទទី២ និងប្រភេទទី៣ (ចំពោះអត្តសញ្ញាណបណ្ណប្រភេទទី២ អាចយកមកប្រើបាន ក្នុងករណីនៅមានសុពលភាពតែប៉ុណ្ណោះ)»។
បើតាមមន្ត្រី PEC រូបនេះ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺផ្តោតសំខាន់លើ៖
១៖ ការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតផ្លូវការ នៅឆ្នាំ២០១៨ ចំពោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព ឬបានផ្លាស់ទីលំនៅ ឬទីសំណាក់ចេញពីឃុំ-សង្កាត់ ឬត្រូវដកហូតសិទ្ធិបោះឆ្នោតជាបណ្ដុះអាសន្ន ដោយផ្អែកទៅតាមឯកសារសំអាងច្បាស់លាស់ និងត្រឹមត្រូវ។
២៖ ការកែតម្រូវទិន្នន័យអ្នកបោះឆ្នោត គឺសំដៅលើការកែតម្រូវឈ្មោះ ភេទ អាយុ អាសយដ្ឋាន ឬការផ្លាស់ប្ដូរការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់ និងទិន្នន័យផ្សេងៗទៀត ទៅតាមការស្នើសុំរបស់សាមីខ្លួន ដោយផ្អែកលើភាពត្រឹមត្រូវនៃឯកសាររបស់អ្នកស្នើសុំ។
៣៖ ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ គឺសំដៅទៅលើការចុះឈ្មោះប្រជាពលរដ្ឋដែលទើបមានអាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ គឺអ្នកដែលមានឆ្នាំកំណើតមុន ឬត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០០១ និងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ ហើយមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការនៅក្នុងឃុំ-សង្កាត់ណាមួយ ព្រមទាំងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់។
៤៖ ការបិទផ្សាយបញ្ជីបោះឆ្នោតជាសាធារណៈ គឺដើម្បីធានាអំពីគោលការណ៍តម្លាភាពនៃបញ្ជីបោះឆ្នោត តាមរយៈការបើកផ្លូវឱ្យមានការប្ដឹងតវ៉ា ឬប្ដឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោត ក្នុងករណីប្រជាពលរដ្ឋ ឬតំណាងគណបក្សនយោបាយ ឬជនណាម្នាក់យល់ឃើញថា មានភាពមិនត្រឹមត្រូវ ឬផ្ទុយទៅនឹងគោលការណ៍ ច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ៕