(កំពង់ចាម)៖ បន្ទាប់ចូលខ្លួនទទួលកំហុស ហើយព្រះរាជអាជ្ញាបញ្ចប់ការសួរនាំនោះ មន្ដ្រីអាវុធហត្ថឈ្មោះ សាន្ដ សុខុម ដែលជាកូនប្រុសមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវបានប្រធានតុលាការចេញដីកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ»។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកចៅក្រម នៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្តកំពង់ចាមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

សូមបញ្ជាក់ថា កាលពីរសៀលម្សិលមិញ មន្រ្តីអាវុធហត្ថ សាន្ត សុខុម បានចេញមកបង្ហាញមុខ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីទទួលទោសរបស់ខ្លួន ដែលបានប្រព្រឹត្តទៅលើយុវជន ទាំង២នាក់នោះ ហើយត្រូវបានបញ្ជូនខ្លួនបន្ដទៅតុលាការ ដើម្បីបន្ដការសួរនាំ។ តំណាងអយ្យការ នៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ កូនប្រុសមេបញ្ជាការអាវុធ ខេត្តក្រចេះចំនួន២ បទល្មើស ក្នុងនោះមានបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោស ដោយគំរាមកំហែង និងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់»

បើតាមមន្រ្តីអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាអ្នកនាំកូនប្រុសរបស់ខ្លួន យកមកប្រគល់ជូនអាវុធហត្ថ ខេត្តកំពង់ចាម ដើម្បីទទួលទោសកំហុសទាំងនេះ ហើយលោកបានព្យាយាមទាក់ទងកូន រហូតបាននាំខ្លួនមកប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ចាមនៅពេលនេះតែម្តង។

កាលពីព្រឹកម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមានថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នឹងប្រឈមមុខបាត់បង់តំណែង តួនាទីរបស់ខ្លួន ប្រសិនបើមិននាំកូនប្រុសឈ្មោះ សាន្ត សុខុម ជាមន្ត្រីអាវុធហត្ថដែរនោះ ចូលខ្លួនដោះស្រាយបញ្ហាជុំវិញការប្រើហិង្សាលើយុវជនពីរនាក់នៅក្នុងខេត្តកំពង់ចាមទេនោះ។

កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះ ថែមទាំងបានដកកាំភ្លើងភ្ជង់ លើយុវជនពីររូបនោះថែមទៀតផង។

ក្រោយទទួលបណ្តឹងពីយុវជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា ហើយនោះ លោក ហាក់ ហ៊ន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ បានចេញដីកាឲ្យកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះ សាន្ត សុខុម ចូលខ្លួននៅមុខអយ្យការឲ្យបានមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាប្រើអំពើហិង្សានេះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឲ្យមន្ត្រីអាវុធហត្ថរូបនេះចូលខ្លួនដោះស្រាយបញ្ហា បើមិនដូច្នោះឪពុករបស់គេដែលជាមេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះក៏ប្រឈមការអស់តួនាទី និងតំណែងផងដែរ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ផ្តាំទៅមេប៉េអឹម (អាវុធហត្ថ) ខេត្តក្រចេះផង បញ្ចុះបញ្ចូលកូនឲ្យមកតាមការកោះហៅរបស់ព្រះរាជអាជ្ញាខេត្តកំពង់ចាមមក។ វាអត់ទាន់មានរឿងអីទេ ប៉ុន្តែបើស្រឡាញ់កូនពេកអ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិបណ្តេញចោលតែប៉ុណ្ណឹង»


(មន្រ្តីអាវុធហត្ថ សាន្ត សុខុម ដែលវាយ និងភ្ជង់ទៅលើជនរងគ្រោះទាំង២នាក់ ក្នុងហាងអ៊ីនធឺណេត)


(ឈ្មោះ សាន្ត សុវីជ្ជា ជាកូនប្រុសរបស់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដែលចាញ់ល្បែងរហូតយកខ្សែក និងម៉ូតូទៅបញ្ចាំ)