(ភ្នំពេញ)៖ រយៈពេលជិត២ខែ ពោលគឺគិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការផាកពិន័យរថយន្តចំនួន ៦.៣២០គ្រឿង ដែលមិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលាស្របតាមការកំណត់ដោយច្បាប់។ នេះបើតាមការប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
សេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ទៀតថា រថយន្តទាំងនោះត្រូវបានតម្រូវឱ្យបង់ប្រាក់ពន្ធ រួមទាំងប្រាក់ពិន័យទោសទណ្ឌផងមានចំនួន ៥.៧៤៤ លានរៀល (ប្រមាណជាង ១,៤៣ លានដុល្លារ)។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានជម្រាបជូនម្ចាស់ក្រុមហ៊ុនឬម្ចាស់សហគ្រាស ឬសាធារណជន ម្ចាស់រថយន្ត មេត្តាជ្រាបផងដែរថា ដោយសង្កេតឃើញមាន រថយន្តដែលមិនទាន់បានប្រកាសបង់ពន្ធ នៅតែធ្វើចរាចរណ៍នៅលើដងផ្លូវនៅឡើយ ដូច្នេះក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារនៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យលើយានយន្តណាដែលមិនទាន់បង់ពន្ធប្រភេទនេះតទៅទៀត ដើម្បីឱ្យច្បាស់ថា យានយន្តទាំងអស់បានបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើភាពគ្នាតាមការកំណត់ដោយច្បាប់។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារ ក៏ចង់ផ្តល់ការក្រើនរំឭក ក៏ដូចជាការប្រកាសជាព័ត៌មានជូនដល់ម្ចាស់
ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ក៏ដូចជាសាធារណជន រួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ ដើម្បីចៀសវាងនូវការឃាត់យានយន្តតាមដងផ្លូវ ដោយមន្ត្រីពន្ធដារ និងកងកម្លាំងមានសមត្ថកិច្ច ដែលអាចនាំឱ្យមានការកកស្ទះចរាចរណ៍ ធ្វើដំណើរ ទាតពេលវេលា និងអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អគ្គនាយកដ្ឋានពន្ធដារ៖