(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Rang Rover ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតស្រីម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មនៅខណ្ឌទួលគោក ធ្វើឲ្យផ្ទុះការថ្កោលទោសពេញបណ្តាញសង្គម Facebook នោះនៅពេលនេះ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់អ្នកបើករថយន្តឲ្យបាន ដើម្បីមកទទួលទោស។
ព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានធ្វើឲ្យមហាជនជាច្រើននាក់ ចេញមកប្រកាសថ្កោលទោសទៅលើអ្នកបើករថយន្ត និងអំពាវនាវឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់តាមស្វែងរកចាប់ខ្លួនអ្នកបើក រថយន្តឲ្យខាងតែបាន ដើម្បីផ្តល់យុត្តិធម៌ជូននារីរងគ្រោះ ដែលនាងជានិស្សិតពូកែម្នាក់ រហូតទទួលបានអាហារូបករណ៍នៅសាលាដ៏ល្បី «ផារ៉ាហ្គន» អតីតសាលា «ហ្សាម៉ាន់»។
ជាមួយនឹងការស្រែកអំពាវនាវរបស់មហាជននៅលើបណ្តាញសង្គម Facebook នោះ សម្តេចតេជោ ហ៊ុន សែន ក៏មិនបាននៅសុខដែរចំពោះសកម្មភាពល្មើសច្បាប់សង្គមមួយនេះ រហូតសម្តេច បានប្រកាសពីលើវេទិកាចែកសញ្ញាបត្រមួយ ឲ្យសមត្ថកិច្ចត្រូវតែតាមចាប់អ្នកបើករថយន្តមួយនេះឲ្យបាន។
នៅចំពោះមុខគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ករណីចរាចរណ៍ កាលពីម្សិលមិញ ឃើញគេបញ្ចាំងចុះ បញ្ចាំងឡើងរឿងបញ្ហាបុកនិស្សិតស្លាប់ ទៅតាមរកឱ្យឃើញបណ្តាលមកពីអី គឺចេញមកពីអត់គុណធម៌ហ្នឹងឯង អត់គុណធម៌ហ្នឹងឯង បើយើងជិះកង់ ទោះបីជាយើងជិះលឿនយឺត ប៉ុណ្ណា គង់លឿនជាងអ្នកដើរដែរ ហើយបើយើងជិះម៉ូតូ បើទោះបីជាយើងជិះលឿន ជិះយឺតប៉ុណ្ណា ក៏គង់លឿនជាងកង លឿនជាងអ្នកដើរដែរ»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សច្រើនជាងសម័យសង្គ្រាមទៅទៀត និងបានទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើ បញ្ហានេះ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលាផារ៉ាហ្គន ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេស ម្នាក់ខាងអក្សរសាស្រ្តខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង។ សម្រាប់អ្នកបើករថយន្តបង្កវិញ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ រាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ខ្លួនផងដែរ បើទោះបីម្ចាស់រថយន្តមានឈ្មោះ យិន ង្គិច បានចេញមុខមកប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះមុខសមត្ថកិច្ច និងគ្រួសារជនរងគ្រោះក៏ដោយនោះ។
ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់។
កាលពីម្សិលមិញ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ក៏បានប្រកាសថា កម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងស្វះស្វែងរកតាមចាប់ទាំងអ្នកបើក និងរថយន្ត Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 នេះផងដែរ។
ជនរងគ្រោះ កញ្ញា ឌុំ រីដា មានអាយុ២២ឆ្នាំ មកពីភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ រីដា ជាកូនស្រីមកពីគ្រួសារមានជីវភាពក្រីក្រមួយក្នុងខេត្តកណ្តាល ហើយក៏ជាអ្នកប្រឹងប្រែងស្រវាស្រទេញមួយរូបក្នុងការសិក្សាផងដែរ។ កញ្ញាជាសិស្សឆ្នើមមួយរូប និងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់»។
បើតាមឪពុករបស់ រីដា បានឲ្យដឹងថា រីដា សិក្សាឆ្នាំទី៤ ហើយជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅហើយ។ មរណភាពរបស់ រីដា មិនត្រឹមតែក្រុមគ្រួសារទេ ដែលសោកស្តាយ មិត្តភក្តិ និងគ្រូៗបង្រៀននៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» ក៏បានសម្តែងការសោកស្តាយជាពន់ពេកផងដែរ។ ម្តាយរបស់ កញ្ញា ឌុំ រីដា ឈ្មោះ ផាត់ ពៅ ចំណែកឪពុកឈ្មោះ ឌុំ វុធ។
មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា៕