(ភ្នំពេញ)៖ ថ្លែងពាក់ព័ន្ធដល់ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បើទោះបីជាប្រាក់ខែរបស់មន្ត្រីរាជការកម្ពុជា ក្នុងរង្វង់ត្រឹម៣០០ដុល្លារ ឬជាង៣០០ដុល្លារក្តី ក៏មន្ត្រីរាជការរបស់យើងអាចរស់បាន មិនដូចប្រទេសខ្លះដែលរិះគន់កម្ពុជា ហើយមានប្រាក់ខែ៣០០០ដុល្លារទៅហើយនោះ នៅតែពិបាករស់ទៀត។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្លះគេឃើញប្រាប់ខែរបស់យើង៣០០ដុល្លារ ឬជាង៣០០ដុល្លារថាតិចណាស់ បាន! តិចតួចសម្រាប់ស្រុកខ្មែរប៉ុន្តែចាយបាន តែប្រទេសខ្លះ៣០០០ដុល្លារប៉ុន្តែចាយអត់បានទេ។...និយាយពីប្រាក់ខែយើង៣០០ដុល្លារមែន ប៉ុន្តែយើងអាចរស់បានដោយសារទំនិញរបស់យើងវាថោកជាង ហើយពន្ធដាររបស់យើងវាមិនធ្ងន់»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសខ្លះដ្បិតតែរកបានប្រាក់ឈ្នួលខ្ពស់ តែអ្នកខ្លះមិនសល់លុយនោះទេ ពេលខ្លះរកតែលុយទិញថ្លៃសំបុត្រយន្តហោះហោះមកលេងស្រុកកំណើតមិនបានផង។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងផងដែរថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរបស់មន្ត្រីរាជការ ដោយដំឡើងប្រាក់បៀវត្សទៀងទាត់ជារៀងរាល់ឆ្នាំ ហើយរាជរដ្ឋាភិបាលបានផ្តល់ប្រាក់បៀវត្សរ៍ឲ្យគ្រូបង្រៀន និងគ្រូពេទ្យច្រើនជាងគេ ព្រោះវិស័យទាំងពីរនេះ ជាអាទិភាពសម្រាប់សង្គមជាតិ។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលទទួលបានបៀវត្សខ្ពស់ជាងគេ មានតែក្របខណ្ឌ២ទេ គឺគ្រូបង្រៀន និងពេទ្យ។ នៅតែប៉ុន្មានថ្ងៃខាងមុខនេះ លោកគ្រូអ្នកគ្រូត្រូវឡើងប្រាក់ខែទៀតហើយ ខ្ញុំបានស៊ីញ៉េរួចហើយ ព្រោះមួយឆ្នាំយើងឡើង២ដង។ ឡើងពីខែមករា ដល់ ខែមេសា គឺឡើងបៀវត្ស ដល់ពេលចាប់ពីខែមេសាទៅ គឺឡើងប្រាក់មុខងារ»។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះទើបតែបានចេញអនុក្រឹត្យថ្មីនេះ សម្រេចកែប្រែ និងដំឡើងប្រាប់បំណាច់មុខងារ ជូនដល់មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងមន្ត្រីភូមិឃុំជាដើម ដែលអនុក្រឹត្យថ្មីនេះ ធ្វើប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធកើនឡើងមួយកម្រិតទៀត ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩តទៅ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ បានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។
ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។
យោងតាមតារាងប្រាក់បៀវត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានបង្ហាញថា នៅចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធមាន៖
១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,០៧០,១០០រៀល ត្រូវកើនដល់១,១០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៧០,១០០រៀល ត្រូវកើនដល់ ១,២០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៧០,១០០រៀល ត្រូវកើនដល់ ១,២០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ។
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៥៤,៥៧៧រៀល ត្រូវកើនដល់ ១,១៨៤,៥៧៧រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,០៨៤,៣៧៧រៀល ត្រូវកើនដល់ ១,១១៤,៣៧៧រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ (បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់)
៦៖ ប្រាក់បៀវត្សមន្ត្រីកិច្ចសន្យា ទទួលបាន ៦៥០,០០០រៀល។
៧៖ ប្រាក់បៀវត្សក្រុមប្រឹក្សារាជធានីខេត្ត ថ្នាក់ទាបបំផុត ទទួលបាន១,១៣៥,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
៨៖ ប្រាក់បៀវត្សក្រុមប្រឹក្សាស្រុកខណ្ឌ ថ្នាក់ទាបបំផុត ទទួលបាន៩១០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ។
៩៖ ប្រាក់បៀវត្សក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ទាបបំផុត ទទួលបាន៧៤០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
១០៖ ប្រាក់បៀវត្សមន្ត្រីភូមិ ថ្នាក់ទាបបំផុត ទទួលបាន២៥០,០០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បានបញ្ជាក់យ៉ាងច្បាស់ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា បើទោះបីជាកម្ពុជាអត់មានចំណូលបន្ថែម ក៏រាជរដ្ឋាភិបាលមានលុយ សម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យ៉ាងតិចរយៈពេល១ឆ្នាំ ដែលខុសពីពេលមុនដែលរដ្ឋត្រូវខ្ចីលុយ ពីធនាគារដើម្បីបើកប្រាក់ខែ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា ប្រាក់បៀវត្សរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវដំឡើងជារៀងរាល់ឆ្នាំ ហើយ១ឆ្នាំដំឡើង២ដង។ បន្ថែមលើសពីនេះ រាល់ពេលបុណ្យទាន គឺបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោតែងឧបត្ថម្ភថវិកា៥ម៉ីនរៀលផងដែរ៕