(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការយកពន្ធពីអង្ករកម្ពុជា មិនយុត្តិធម៌នោះឡើយ ព្រោះថាដើមហេតុនៃការយកពន្ធនេះ គឺដោយសារអង្ករអ៉ីតាលី នាំទៅកាន់ទីផ្សារអឺរ៉ុប ប្រកួតប្រជែងមិនឈ្នះកម្ពុជា និងមីយ៉ាន់ម៉ា។
ក្នុងពិធីប្រគល់ សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន ក៏មានគូសបញ្ជាក់ថា ក្រុមហ៊ុននៅកម្ពុជា ដែលនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការបង់ពន្ធ។
សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ថែមថា ការផ្ដល់ភាពអនុគ្រោះពន្ធនេះមានពេលកំណត់ ព្រោះថាមុននឹងក្រោយ អឺរ៉ុបគង់តែនឹងផ្ដាច់ការអនុគ្រោះទេ ពោលនៅពេលណាសេដ្ឋកិច្ចរបស់កម្ពុជាមានការកើនឡើងដល់កម្រិតណាមួយនោះ អឺរ៉ុបនឹងយកពន្ធនេះដោយស្វ័យប្រវត្តិ ដើម្បីជួយទៅប្រទេសណាដែលមានសេដ្ឋកិច្ចទន់ខ្សោយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រុមហ៊ុននានាបានត្រៀមខ្លួនរួចរាល់ សម្រាប់ការបង់ពន្ធព្រោះអាភាពអនុគ្រោះរបស់គេ គេគង់តែយកនៅពេលណាតែប៉ុណ្ណឹងទេ តែកាលណាសេដ្ឋកិច្ចរបស់យើងកើនឡើងដល់កម្រិតណាមួយ វាបាត់ដោយស្វ័យប្រវត្តិហើយ។ ចឹងទេកុំឲ្យគេប្រើតទៅទៀតនៅពាក្យមិនធ្វើតាមកាត់ កុំឲ្យប្រើភាសាហ្នឹងតទៅទៀតជាមួយយើង»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់បន្ថែមថា «មានពាក្យខ្លះមិនយុត្តិធម៌ទេ ដូចជាអង្ករមិនមែនជាប់ក្នុងប្រព័ន្ធអនុគ្រោះពន្ធ មិនអនុគ្រោះទេ ប៉ុន្ដែដោយសារអង្ករអ៉ីតាលីប្រកួតមិនឈ្នះអង្ករកម្ពុជា ចឹងអ៉ីតាលីជាអ្នកស្នើសុំសហភាពអឺរ៉ុប ឲ្យដាក់ពន្ធលើអង្ករកម្ពុជា និងអង្កររបស់មីយ៉ាន់ម៉ា»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេល២ខែកន្លងមកនេះ ដែល កម្ពុជាត្រូវបង់ពន្ធថ្លៃនាំចេញអង្ករ ទៅកាន់ទីផ្សារអឺរ៉ុប បែរជាការនាំចេញនោះ មានការកើនឡើងទៅវិញ ដូច្នេះមានន័យថា បើទោះបីអឺរ៉ុបយកពន្ធ ប៉ុន្ដែកម្ពុជានៅតែបន្ដនាំទៅដដែល ហើយមិនមែននាំចេញទៅតែអឺរ៉ុបនោះទេ ពោលអង្ករខ្មែរត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនផ្សេងទៀត។
សូមជម្រាបថា នៅរយៈពេល២ខែដំបូង ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបាន១១២,៤៨៦តោន កើនឡើង១.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន១១០,៤៣២តោន។
ជាការគត់សម្គាល់នៅរយៈពេល២ខែដំបូងនេះ កម្ពុជានាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប បានចំនួន៣៣,៩៦៩តោន ខណៈដែលអឺរ៉ុបចាប់ផ្តើមគិតពន្ធ លើអង្ករកម្ពុជា រយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩តទៅ។ ខណៈប្រទេសចិន ដែលផ្តល់កូតានាំចេញអង្ករចំនួន៤០ម៉ឺនតោនដល់កម្ពុជានោះ នៅ២ខែដំបូងនេះ ចិនបាននាំចូលអង្កររបស់កម្ពុជា ចំនួន៤៣,៤៥២តោន៕