(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ រំលឹកថា សម្តេចធ្លាប់បានរំលឹកដោយផ្ទាល់ ទៅកាន់តំណាងរាស្ត្ររបស់បារាំង ពាក់ព័ន្ធឱនភាពភាសាបារាំង នៅកម្ពុជា ក្នុងពេលសម្តេចនៅធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងជំរុញឱ្យបារាំង បើកមជ្ឈមណ្ឌលភាសាបារាំងនៅកម្ពុជា តែបែរជាតំណាងរាស្ត្របារាំងម្នាក់ធ្វើព្រងើយកន្តើយ និងបោះសម្តីថាបារាំង មិនទទួលស្គាល់រដ្ឋាភិបាលខ្មែរសម័យនោះទៅវិញ។

ការមានប្រសាសន៍រំលឹកឡើងវិញបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប៉ុន្តែរឿងភាសាបារាំងនេះ ខ្ញុំបានដាស់តឿនបារាំង ដោយផ្ទាល់នៅពេលដែល ខ្ញុំធ្វើជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ខ្ញុំបានធ្វើដំណើរទៅប្រទេសបារាំង ដោយចូលរួមសមាជ គណបក្សកុំម្មុយនីស្តបារាំង ពេលនោះមានជំនួបមួយរវាងបណ្តាអ្នកតំណាងរាស្ត្រ នៃបណ្តាបក្សនយោបាយបារាំង [...] ចូលរួមហូបបានជាមួយគ្នាដែលគេរៀបចំទទួលខ្ញុំ មានការសន្ទនាជាមួយនឹងសមាជិកសភាបារាំង ពេលនោះខ្ញុំបាននិយាយទៅកាន់ អ្នកតំណាងរាស្ត្រទាំងនោះថា ឯកឧត្តម លោកជំទាវ ពេលនេះភាសាបារាំងនៅកម្ពុជា កំពុងចុះខ្សោយហើយ អ្នកដែលចេះភាសាបារាំង ចេះតែស្លាប់ អ្នកដែលរៀនគឺតិចណាស់។ ដូច្នេះ គួរតែពិនិត្យមើលអំពីការបង្កើតមជ្ឈមណ្ឌលវប្បធម៌បារាំង នៅកម្ពុជា ស្រាប់តែមានតំណាងរាស្ត្របារាំងម្នាក់ អង្គុយទល់មុខខ្ញុំ គាត់ឆ្លើយថាបារាំង គាត់អត់ទទួលស្គាល់ រដ្ឋាភិបាលឯកឧត្តមទេ ដូច្នេះបារាំងមិនអាចដាក់នូវមជ្ឈមណ្ឌលភារាំង នៅកម្ពុជាបានទេ»

ពាក់ព័ន្ធនឹងការជំទាស់ពីសំណាក់តំណាងរាស្ត្របារាំងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបវិញភ្លាមៗថា ការសុំឱ្យបើកមជ្ឈមណ្ឌលភាសាបារាំង នៅកម្ពុជានេះ គឺដើម្បីថែរក្សាភាសាបារាំង នៅកម្ពុជា ដូច្នេះសូមលោកកុំភ្លេចថាទោះបីប្រទេសបារាំង ធ្លាប់ត្រួតត្រាប្រទេសកម្ពុជា ៩០ឆ្នាំ ប៉ុន្តែបារាំង អត់មានលទ្ធភាពធ្វើការកែប្រែភាសាខ្មែរ ដូចបណ្តាប្រទេសផ្សេងៗទៀតបាននោះទេ គឺប្រទេសកម្ពុជា មានភាសាជាតិរបស់ខ្លួនឯងមួយច្បាស់លាស់ ហើយកម្ពុជា ក៏មិនដូចប្រទេសអាហ្វ្រិចមួយចំនួនដែលយកភាសាបារាំង មកប្រើប្រាស់ជាភាសាយាននោះទេ។

នៅដំណាក់កាលនោះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានឆ្លើយតបថា ប្រទេសកម្ពុជាមានភាសាកំណើតរបស់ខ្លួន មិនមែនពឹងផ្អែកតែលើភាសាបារាំងនោះទេ ទោះទទួលស្គាល់ ឬមិនទទួលស្គាល់ ក៏មិនមានបញ្ហានោះដែរ។ ទន្ទឹមនោះក្រៅពីភាសាបារាំង កម្ពុជានៅពេលនោះមានជម្រើសជាច្រើនដូចជា៖ ភាសាអង់គ្លេស ខណៈនិស្សិតកម្ពុជាជាច្រើន បានបញ្ជូនទៅសិក្សានៅរុស្ស៉ី និងអឺរ៉ុបខាងកើត ផងដែរ។ រហូតមកឆ្នាំ១៩៩០ ទើបរដ្ឋាភិបាលខំប្រឹងម្នីម្នា មកដាក់មជ្ឈមណ្ឌលបារាំង នៅក្នុងប្រទេសកម្ពុជា ស្របពេលដំណើរការហួសពេលទៅហើយ។

ប៉ុន្តែបើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណសម្រាប់ភាសាបារាំង ដែលបានជួយស្រោចស្រង់អាយុជីវិតរបស់សម្តេចពេលសម្តេចរត់ចូលទៅទឹកដីវៀតណាម ដើម្បីធ្វើការតស៊ូរំដោះប្រទេសកាល ពីឆ្នាំ១៩៧៧ ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុងនិយាយភាសាបារាំង ជាង១០០ មកពីតាមបណ្តាប្រទេសនានា លើពិភពលោក នឹងរួមគ្នាបើកកិច្ចប្រជុំនៅកម្ពុជា៕